បុគ្គលិក​សេវា​កម្សាន្ត​នឹង​មាន​ច្បាប់​ការងារ​ត្រឹម​ត្រូវ​ជៀស​វាង​​ពី​ការ​បង្ខំ​នានា

ដោយ យន់ សាមៀន
2014-06-18
RFA

នារី​លក់​ស្រាបៀរ
នារី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​តវ៉ា​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍​នានា​ពី​ក្រុមហ៊ុន ដោយ​ដុត​កង់​ឡាន​នៅ​មុខ​ស្តុក​ស្រាបៀរ​អង្គរ នៅ​តាម​បណ្ដោយ​ផ្លូវ​នរោត្តម រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​២០១១។ RFA/ Uon Chhin

ក្រុម​ប្រឹក្សាការងារ​អនុម័ត​សេចក្តីព្រាង​ប្រកាស ស្ដីពី​លក្ខខណ្ឌ​ការងារ និង​វិធាន​អនាម័យ សន្តិសុខ​ការងារ នៃ​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែក​សេវា​កម្សាន្ត។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ការងារ កាលពី​ថ្ងៃទី ១៧ មិថុនា បញ្ជាក់ថា ប្រកាស​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ដោយ​គ្មាន​ការរើសអើង កំណត់​កាតព្វកិច្ច​តាមច្បាប់​ពី​សំណាក់​និយោជក ចំពោះ​និយោជិក​ផ្នែក​សេវា​កម្សាន្ត និង​បង្កើត​ទំនាក់ទំនង​រវាង​និយោជក និង​កម្មករ​និយោជិក​បាន​ល្អ​ប្រសើរ​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ៖ «តាម​ជាក់ស្ដែង​អ្នក​នៅ​សេវា​កំសាន្ត គាត់​ធ្វើ​ការងារ​ច្រើន​ម៉ោង​ដែល​មិន​មាន​ការ​បង់​លុយ​ឲ្យ​ត្រឹមត្រូវ ហើយ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ជួនកាល​បង្ខំ​ឲ្យ​ផឹក​ហួស​ចំណុះ ឬ​ការ​បញ្ឈប់​មិន​ដែល​ដោះស្រាយ​ឲ្យ​សមស្រប​តាមច្បាប់​ទេ»

ប្រកាស​នេះ​ផ្ដោត​លើ​ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត​រួមមាន ក្រុមហ៊ុន​លក់ដុំ និង​រាយ នូវ​ភេសជ្ជៈ​គ្រប់​ប្រភេទ សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ ឌីស្កូតែក ក្លឹបកម្សាន្ត បៀរហ្គាឌិន កាស៊ីណូ កន្លែង​ម៉ាស្សា មណ្ឌល​កម្សាន្ត​នៃ​ទេសចរណ៍ វប្បធម៌ ឬ​ធម្មជាតិ សេចក្តីប្រកាស​នេះ កំណត់​ម៉ោង​ធ្វើ​ការងារ អតិបរមា គឺ ៨​ម៉ោង ក្នុង​មួយថ្ងៃ ឬ ៤៨ ម៉ោង ក្នុង​មួយ​សប្តាហ៍។ ប្រសិនបើ​ឲ្យ​កម្មករ ធ្វើការ​លើស​រយៈពេល​ធ្វើ​ការ​អតិបរមា ត្រូវ​ផ្តល់ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង។ កម្មករ​និយោជិក ត្រូវ​ទទួលបាន​សិទ្ធិ និង​ផលប្រយោជន៍ តាម​ច្បាប់​ស្ដីពី​ការងារ ដូច​កម្មករ​និយោជិក ក្នុង​វិស័យ​ផ្សេង​ដែរ។

ប្រកាស​នេះ ក៏​ហាមឃាត់​ការងារ​ដោយ​បង្ខំ។ ម្ចាស់​ក្រុមហ៊ុន មិនអាច​បង្ខំ​កម្មករ ធ្វើការ​ដោយ​បង្ខំ ឬ​ប្រើ​មធ្យោបាយ​បង្ខំ​កម្មករ ឲ្យ​ធ្វើការ​លើស​ម៉ោង ឬ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​គ្រឿងញៀន ឬ​រំលូតកូន និង​មិនអាច​ប្រើ​អំពើហិង្សា ឬ​ប្រទូស​កេរ​ខ្មាស​ទៅលើ​កម្មករនិយោជិត​ផ្នែក​សេវាកម្ម​កម្សាន្ត​ឡើយ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ គ្រោង​នឹង ចុះហត្ថលេខា​លើ​ប្រកាស​នេះ នៅពេល​ខាងមុខ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles