រាជរដ្ឋាភិបាល សម្រេច​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​បញ្ហា​ពលករ​ខ្មែរ​ត្រូវបាន​បញ្ជូន​មក​ពី​ថៃ​​

\ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករខ្មែរដែលត្រូវបានបញ្ជូនមកពីប្រទេសថៃតាមច្រកប៉ោយប៉ែត (រូបថតដោយ បូ សាវី)

​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មកា​រ ដើម្បី​ត្រួតពិនិត្យ ណែនាំ និង​សហការ​សម្របសម្រួល​អំពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​កម្ពុជា​។​

​សេចក្តីសម្រេច​ចុះហត្ថលេខា​ដោយ​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល ពី​ថ្ងៃ​ទី​១៧​ខែមិថុនា ឆ្នាំ​២០១៤​។ លោក ឌុល គឿន រដ្ឋលេខា​ក្រ​សួ​ម​មហាផ្ទៃ ជា​ប្រធាន​គណៈកម្មការ និង​លោ​ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​។​

​សេចក្តីសម្រេច ឲ្យដឹងថា​គណៈកម្មការ​នឹង​សហការ​សម្របស​ម្រួ​ល​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រួតពិនិត្យ​ការប្រគល់​ទទួល​ពលក​រ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ស្របតាម​គោលការណ៍​ជំនាញ​។ គណៈកម្មការ នឹង​ត្រួតពិនិត្យ ណែនាំ និង​សហការ​សម្របសម្រួល​កា​រ​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន អាហារ ថ្នាំពេទ្យ គ្រូពេទ្យ ដើម្បី​ធានាឲ្យបាន​នូវ​សុខភាព និង​សុខមាលភាព​ពលករ​ទាំងនោះ ជាពិសេស​ចាស់ជរា ស្ត្រី កុមារ និង​អ្នកមាន​ជំងឺ​។​

​គណៈកម្មការ​នឹង​ត្រួតពិនិត្យ​ការដឹកជញ្ជូន ការគ្រប់គ្រង ការថែទាំ​សុខភាព ជីវភាព សុវត្ថិភាព​របស់​ពល​ករ​ខ្មែរ​ពី​ច្រកទ្វារ​ព្រំដែន​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​។ គណៈកម្មការ​មាន​តួនាទី​ដឹកនាំ​ណែនាំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​ធានា​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ដាច់ខា​ត​ការឆ្លងកាត់​ព្រំដែន​ខុសច្បាប់ និង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។​

​របាយការណ៍​របស់​មន្ត្រី​កម្ពុជា ឲ្យដឹងថា រហូតមកដល់​ពេលនេះ​ចំនួន​ពលករ​សរុប​មាន​ប្រមាណ​១៨​ម៉ឺន​នាក់ ដែល​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ខកចិត្ត​ចំពោះ​មេដឹកនាំ​យោធា​ថៃ​ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ មក​ស្រុក​កំណើត​វិញ​ទាំង​តក់ក្រហល់ ដោយ​មិន​បាន​ជូនដំណឹង និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក ស ខេង ឲ្យដឹងថា វិធានការ​បោសសម្អាត​ពលករ​ចំណាកស្រុក​របស់​មេដឹកនាំ​យោធា​ថៃ​នោះ បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៩​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អាជ្ញាធរ​ថៃ​ដឹកជញ្ជូន​ពលករ​មក​ប្រទេស​កម្ពុជា​វិញ​។ លោក​ថា ករណី​នេះ​ភាគី​ថៃ​ត្រូវ​តែ​ទទួលខុសត្រូវ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles