ដោយ៖ បូ សាវី
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកវិញតាមរយៈរថយន្តទ្រុង (រូបថត៖ បូ សាវី)
ពលករខ្មែរខុសច្បាប់ភាគច្រើន ប្ដេជ្ញាថា នឹងមិនត្រឡប់ទៅធ្វើការនៅប្រទេសថៃជាថ្មីទៀតទេ ដោយសារពួកគេធ្វើការនៅប្រទេសនោះ មិនមានសុវត្ថិភាព និងរងការគំរាមកំហែងពីកម្លាំងសមត្ថកិច្ចថៃ។
ពលករខ្មែរមួយចំនួនអះអាងថា ពួកគេនៅតែមានការភ័យខ្លាច បន្ទាប់ពីឃើញសកម្មភាពសមត្ថកិច្ចថៃបាញ់គំរាមមកលើពលរដ្ឋខ្មែរ ហើយចាប់បញ្ជូនមកកម្ពុជាវិញទាំងតក់ក្រហល និងមិនមានសុវត្ថិភាព។
ពលករខ្មែរ ដែលមកដល់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ផ្ដល់បទសម្ភាសន៍ដល់VODស្រដៀងគ្នាថា ពួកគាត់មិនចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះទេ ដោយសារមើលឃើញពីទង្វើអមនុស្សធម៌របស់សមត្ថកិច្ចថៃ និងថៅកែថៃខ្លះរំលោភបំពានសិទ្ធិជនអន្ដោប្រវេសន៍ខុសច្បាប់។ ពួកគេបន្ដថា ថ្វីត្បិតការងារនៅប្រទេសថៃទទួលបានកម្រៃច្រើនមែន ប៉ុន្ដែក្រុមសមត្ថកិច្ច បានគំរាមកំហែង និងថៅកែថៃខ្លះរំលោភលើកម្លាំងពលកម្ម ដោយមិនបើកប្រាក់ឈ្នួលឲ្យពលករខ្មែរពេលមានអាសន្ន។
ពលករមកពីខេត្ដបាត់ដំបង លោក សៀង ហឿន ឲ្យដឹងថា លោកធ្វើការនៅប្រទេសថៃ ជាច្រើនខែហើយ ប៉ុន្ដែថៅកែមិនបើកប្រាក់ឈ្នួលឲ្យឡើយ។ លោកបន្ដថា ការទៅធ្វើការខុសច្បាប់ មានពេលខ្លះពួកគាត់រត់ចូលដេកក្នុងព្រៃ បន្ទាប់ពីដឹងថាទាហានថៃដេញចាប់និងបាញ់សម្លាប់ពលករខ្មែរ។
VOD មិនអាចទាក់ទងមន្ដ្រីស្ថាតទូតថៃ ប្រចាំនៅកម្ពុជា ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបានទេ។ កាលពីថ្ងៃទី១៧ខែមិថុនា នាយករដ្ឋមន្ដ្រីស្ដីទី លោក ស ខេង ថ្លែងថា រដ្ឋាភិបាលកម្ពុជា ថ្កោលទោសមេដឹកនាំយោធាថៃ ថាបានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច៩នាក់ស្លាប់ និងមួយចំនួនទៀតរងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលអាជ្ញាធរថៃដឹកបញ្ជូនតាមរថយន្ដទ្រុង មកប្រគល់ឲ្យកម្ពុជាវិញ។ ករណីនេះ លោកជំរុញឲ្យភាគីថៃត្រូវទទួលខុសត្រូវ។
យ៉ាងណាក៏ដោយ មន្ដ្រីប្រទេសថៃ និងកម្ពុជា បានច្រានចោលពាក្យចចាមរ៉ាម ពីការវាយប្រហាររបស់អាជ្ញាធរថៃ ទៅលើពលករកម្ពុជាមិនស្របច្បាប់ ខណៈដែលប្រទេសថៃកំពុងបន្ដបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ។
ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា បើសិនរដ្ឋាភិបាលកម្ពុជាមិនផ្ដល់ប្រាក់ខែសមរម្យនឹងតម្លៃទំនិញទីផ្សារទេ នោះពលករខ្មែរអាចនឹងបង្ខំចិត្តទៅធ្វើជាពលករចំណាកស្រុកវិញ បើទោះបីឃើញស្ថានភាពអាក្រក់នៅប្រទេសថៃក៏ដោយ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com