Wed, 25 June 2014
គឹម សារុំ
ភ្នំពេញប៉ុស្តិ៍
កណ្តាលៈ ឈើម្រះព្រៅភ្នំប្រភេទបន្ទះនិងជាកង់ជិត ២ ម៉ែត្រគុបត្រូវបានសមត្ថកិច្ចនិងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកកៀនស្វាយ ចាប់រឹបអូសបានខណៈពួកឈ្មួញកំពុងដឹកតាមរថយន្តកូរ៉េនៅម៉ោងប្រមាណ ១២ យប់ថ្ងៃចន្ទនៅក្នុង ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
លោក អ៊ី សុទី នាយសង្កាត់ព្រៃឈើ ស្រុកកៀនស្វាយ បានឲ្យដឹងថា ឈើម្រះព្រៅដែលសមត្ថកិច្ចស្ទាក់ចាប់បានកំពុងរើទម្លាក់ដើម្បីត្រួតពិនិត្យ។ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចឈើម្រះព្រៅជិត ២ ម៉ែត្រគុបនោះមាន ២៦ កំណាត់ស្មើនឹង ១ ៥៣០ គីឡូក្រាម។
លោកមិនបានប្រាប់ពីចំនួនមនុស្សត្រូវចាប់ខ្លួនទេ ដោយគ្រាន់តែបញ្ជាក់ថា ទាំងឈើ ទាំងរថយន្តមិនទាន់ដឹងថា ជាកម្មសិទ្ធិនរណានៅឡើយ ព្រោះគ្មានអ្នកបញ្ជាក់ ហើយបើគេមិនប្រាប់សមត្ថកិច្ចមានតែបញ្ជូនទៅតុលាការទេ។
លោកប្រាប់ថា៖ «ខ្ញុំមិនដឹងម្ចាស់មួយណាពិតប្រាកដទេ ព្រោះសួរនរណាគេមិនប្រាប់ដូច្នេះយើងក៏មិនហ៊ានចោទគេដែរ។ នេះជាបទល្មើសដឹកជញ្ជូនហើយបើតាមច្បាប់ត្រឹមកម្រិតផាកពិន័យទេ តែបើម្ចាស់មិនចូលមកដោះស្រាយត្រូវបញ្ជូនទាំងកំណត់ហេតុ និងវត្ថុតាងទៅតុលាការ»។
លោក ហេង ធៀម អភិបាល ស្រុកកៀនស្វាយ បានប្រាប់ថា សមត្ថកិច្ចឃាត់ឈើម្រះព្រៅនេះនៅចន្លោះម៉ោង ១១ ទៅ ១២ យប់ ថ្ងៃ ទី២៣ ខែមិថុនា នៅលើកំណាត់ផ្លូវជាតិលេខ ១ ម្តុំ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ក្នុងពេលក្រុមឈ្មួញលួចដឹកតាមរថយន្ដ កូរ៉េមួយគ្រឿងចំណុះមួយតោនកន្លះ ដែលមានគ្របសម្បកបាវគ្របពីលើនិងបើកបរពីភ្នំពេញទៅកំពង់ចម្លង អ្នកលឿង តែមិនដឹងថា គេមានគោលដៅទៅណាទេ។
លោក ហេង ធៀម បានប្រាប់ដែរផងដែរថា លោកគ្រាន់តែសហការចាប់និងប្រគល់ឲ្យខាងជំនាញទេ ឥឡូវឈើនោះកំពុងរក្សាទុកនៅសង្កាត់ព្រៃឈើ ស្រុកដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកាន់តុលាការ៕
