Wed, 25 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀង អ៊ុន អាលីហ្សា ហាក់បង្ហាញអារម្មណ៍ក្រេវក្រោធ ច្រឡោតតបទៅនឹងព័ត៌មានដ៏រសើបពីជីវិតស្នេហា ដែលគេថា នាងធ្លាក់ខ្លួនឈឺ ដល់ថ្នាក់ដេកនៅនឹងកន្ទេល ព្រោះចាញ់រនាំងស្នេហ៍ ខណ្ឌចែកពីសាច់ញាតិខាងសង្សារតាមពង្រាត់។ ប៉ុន្តែ តារាចម្រៀង អាលីហ្សា តបក្នុងគណនីហ្វេសប៊ុកនាងថា រឿងនេះមិនពិតទាំងអស់ គូស្នេហ៍ជាថៅកែហាងកាហ្វេនៅតែផ្អែមល្ហែមដូចមុន។
បណ្តាញព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថ្មីៗនេះ ដោយលើកយកសម្តីប្រភពដែលអះអាងថា ជាអ្នកជិតដិតនឹងតារាចម្រៀងនាង អ៊ុន អាលីហ្សា រៀបរាប់ថា៖«បើទោះជាពេល នេះ អាលីហ្សា ហាក់មានភាពលេចធ្លោ ក្នុងការងារសិល្បៈក៏ដោយ តែសម្រាប់ទឹកចិត្តរបស់នាង ហាក់គ្មានភាពត្រេកត្រអាល សប្បាយចិត្តចំពោះការងារទេ តែផ្ទុយទៅវិញនាងបែរជាត្រូវសម្ងំឈឺចាប់គ្រាំចិត្ត រហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺដេកនៅលើគ្រែ បន្ទាប់ពីនាងត្រូវបានបែកពីអតីតសង្សារជាថ្មីម្តងទៀតទាំងបង្ខំ ដោយសារតែគ្រួសារខាងសង្សារមិនយល់ចិត្ត និងព្យាយាមតាមបំបែកស្នេហ៍របស់នាង ដោយគ្មានក្តីអាណិតអាសូរ»។
ការចេញផ្សាយនោះបានបញ្ជាក់ថា៖ «គ្រួសារ ខាងប្រុសមិនពេញចិត្ត ក្នុងការទទួល អាលីហ្សា ធ្វើជាកូនប្រសាទេ ព្រោះតែការរើសអើង និងប្រកាន់ជាអ្នកសិល្បៈ»។
មិនដឹងថាដំណឹងលេចចេញថ្មីនេះជាការពិតយ៉ាងណានោះទេ ខណៈភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបកស្រាយដោយផ្ទាល់មាត់ពីតារាចម្រៀងរូបនេះបាន។ ប៉ុន្តែនាងបានតបប្រាប់នៅក្នុងគណនីហ្វេសប៊ុករបស់នាង ដោយសរសេរបដិសេដថា «រឿងនេះមិនពិតទាំងស្រុង»។
អាលីហ្សា បានសរសេរបន្តថា៖«ខ្ញុំសូមប្រកាសជូនដល់សាធារណជនឲ្យបានដឹង ជាពិសេសប្រិយមិត្តអ្នកគាំទ្រខ្ញុំ ថាដំណឹងនេះខុសពីការពិតទាំងស្រុង។ ជាងនេះទៅទៀតខ្ញុំសូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាទស្សនាវដ្ដីនានាថា សូមមេត្តារក្សាវិជ្ជាជីវៈផង ដោយចុះផ្សាយការពិតតាមរយៈការសម្ភាសអ្នកដែលពាក់ព័ន្ធមុននឹងធ្វើការចុះផ្សាយនោះ។ តាមរយៈការសម្ភាសបុគ្គលផ្ទាល់ វាអាចធ្វើឲ្យស្ថាប័នរបស់អ្នកស្ដែងនូវវិជ្ជាជីវៈខ្ពស់ ហើយក៏អាចបញ្ចៀសនូវផលប៉ះពាល់ដល់អ្នកដទៃផងដែរ»។
យ៉ាងណា នៅក្នុងសារនេះ មិនបានបង្ហាញពីជំហរដឹកដៃគូដណ្តឹងចូលរោងការបញ្ចប់ពាក្យចចាមអារ៉ាមស្នេហ៍ដ៏ចម្រូងចម្រាសស្នេហ៍នៅពេលណាឲ្យប្រាកដនោះទេ ក្រៅពីនាងប្រាប់ថា៖«ចុងបញ្ចប់នេះ ខ្ញុំសូមប្រកាសជាសាធារណៈថា ជីវិតស្នេហារវាងខ្ញុំ និងគូដណ្ដឹងខ្ញុំគឺនៅតែផ្អែមល្ហែម យកចិត្តទុកដាក់ យល់ចិត្ត និងស្រឡាញ់គ្នាដោយគ្មានការផ្លាស់ប្ដូរ មិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនោះទេ។ សូមអរគុណដែលបានអានសារនេះ ពី អាលីហ្សា»៕