ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ស្ត្រីជាសកម្មជនសិទ្ធិមនុស្ស លើកបង្ហាញពីរូបថតដែលពលករ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ (រូបថត៖ តាត ឧត្តម)
ក្រុមសកម្មជនសង្គម ដែលមកពីបណ្តាញចំនួនបីផ្សេងគ្នាប្រមាណ១០០នាក់ ដាក់ញត្តិនៅស្ថានទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះការស្លាប់ពលករខ្មែរនៅប្រទេសថៃ និងស្នើឲ្យអាជ្ញាធរថៃគោរពសិទ្ធិពលករកម្ពុជា។
ក្រុមសកម្មជនសង្គម រួមមាន បណ្តាញព្រះសង្ឃឯករាជ្យ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ និងពលរដ្ឋផ្សេងទៀត បានជួបជុំគ្នានៅមុខស្ថានទូតថៃប្រចាំនៅកម្ពុជា ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គោរពសិទ្ធិពលករ និងដោះស្រាយបញ្ហាពលករខ្មែរមួយចំនួន។ ខណៈមានការប្រមូលផ្តុំនេះដែរ ក្រុមសន្តិសុខខណ្ឌប្រមាណ២០នាក់ បានយាមកាមប្រជាពលរដ្ឋទាំងអស់មិនឲ្យចូលទៅខាងមុខស្ថានទូតថៃ ប៉ុន្តែពុំមានការប្រើហិង្សាណាមួយទេ។
ក្នុងញត្តិបីផ្សេងគ្នានោះ គោលដៅរួម គឺអំពាវនាវឲ្យរដ្ឋាភិបាលថៃ ត្រូវរៀបចំវិធានការណ៍ឲ្យបានត្រឹមត្រូវសម្រាប់ការបញ្ជូនពលករ ចំណាកស្រុកកម្ពុជា និងជូនដំណឹងដល់ស្ថានទូតកម្ពុជា ឬស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ទាក់ទងនឹងការចាប់ខ្លួន ការឃុំខ្លួន ការបណ្តេញចេញពលករចំណាកស្រុកកម្ពុជា ដោយត្រឹមត្រូវ និងមនុស្សធម៌។ រដ្ឋាភិបាលថៃ ត្រូវលើកស្ទួយ និងគោរពកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលខ្លួនជាម្ចាស់ហត្ថលេខី។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយចំណាកស្រុក និងធានាការធ្វើលិខិតឆ្លងដែន ពិតជាមានភាពងាយស្រួល និងតម្លៃថោកសមរម្យ មិនមែនត្រូវឆ្លងកាត់នីតិវិធីច្រើន ហើយចំណាយកាន់តែច្រើននោះទេ «យើងឃើញថាកន្លងមក អត់បានទទួលខុសត្រូវទៅលើកម្មករចំណាកស្រុក ដែលខុសច្បាប់ទាំងអស់ហ្នឹងទេ ទាល់តែគេបញ្ជូនចាក់ចោល ប្រជាពលរដ្ឋមកព្រំដែនហើយបានទើបភ្ញាក់យកឡាន ទៅដឹង សួរមានប្រយោជន៍អី។ មួយទៀត អត្រាការធ្វើលិខិតឆ្លងដែន ដែលជំរុញឲ្យពលករខ្មែរទាំងអស់ហ្នឹង ទៅធ្វើការស្រុកគេដោយខុសច្បាប់ ដោយសារលិខិតឆ្លងដែននៅស្រុកខ្មែរវាថ្លៃ ១៣០ដុល្លារ៣ខែ ចង់បានលឿន ២០០ដុល្លារកន្លងមក ហើយយើងឃើញថា កន្លែងធ្វើលិខិតឆ្លងដែន គឺមានតែមួយកន្លែងនៅតែរាជធានីភ្នំពេញតែប៉ុននោះ»។
ញត្តិរបស់បណ្តាញសហគមន៍ទាំងបីនោះ បន្តដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់ ចំពោះការស្លាប់ពលករកម្ពុជានៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគណៈកម្មការចម្រុះ ដើម្បីតាមដានស្ថានភាព និងដោះស្រាយបញ្ហាដែលបានកើតមានលើពលករកម្ពុជាក្នុងប្រទេសថៃ ព្រមទាំងត្រូវយកចិត្តទុកដាក់ចំពោះពលករចំណាកស្រុករបស់ខ្លួន ទាំងទីជម្រកបណ្តោះអាសន្ន អាហារ ទឹកស្អាត និងការថែទាំងសុខភាពជាដើម។
យ៉ាងណាក៏ដោយ នៅម៉ោងជាង ៩ និង៣០នាទី មន្ត្រីតំណាងស្ថានទូតថៃប្រចាំកម្ពុជា លោក សុខ គីមសាធ បានចុះហត្ថលេខាទទួលយកញត្តិទាំងនោះ តែមិនបានសន្យាអ្វីឡើយ ដោយគ្រាន់តែអះអាងបញ្ជូនទៅថ្នាក់លើពិនិត្យ។
បេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលបានឃ្លាំមើលការដាក់ញត្តិនេះ យល់ថា កង្វះសមត្ថភាពក្នុងការដឹកនាំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនអាចផ្តល់ការងារ និងប្រាក់ឈ្នួលសមរម្យដល់ពលរដ្ឋជាបញ្ហាប្រឈមនៃពលករចំណាកស្រុក។ លោក ក៏ទទួលស្គាល់ដែរថា ការជាប់គាំងនយោបាយ ក៏ជាផ្នែកមួយ ដែលជះឥទ្ធិពល ហើយទាមទារឲ្យគណបក្សទាំងពីរ ត្រូវរកដំណោះស្រាយ «យើងនឹងខិតខំ ធ្វើម៉េចទម្លាយភាពជាប់គាំងនយោបាយនេះឲ្យបានឆាប់ តាមអាចធ្វើទៅបាន ដើម្បីជួយពលករយើងធ្វើម៉េចឲ្យគាត់មានប្រាក់ខែច្រើន យ៉ាងណាក៏ដោយយើងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យច្រើន ដល់ពលករ កម្មករខ្មែរយើងក្នុងស្រុក។ ដូច្នេះកាលណាប្រាក់ខែគាត់គ្រប់គ្រាន់គាត់មិនចាំបាច់ទៅធ្វើការនៅស្រុកថៃ ហើយធ្វើម៉េចឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ ពលករនៅក្នុងស្រុកនោះផងដែរ»។
ក្រោយបញ្ចប់ទស្សនកិច្ចរបស់ខ្លួន នៅល្ងាចថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ឲ្យដឹងថា លោក បានទទួលព័ត៌មានពីជំហររបស់រដ្ឋាភិបាលថៃ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហានេះ។ លោកយល់ថា រដ្ឋាភិបាលថៃ គួរស៊ើបអង្កេតការស្លាប់ពលរដ្ឋកម្ពុជា នៅប្រទេសថៃ និងបង្ហាញពីមូលហេតុស្ថិតនៅក្រោយការបញ្ជូនត្រឡប់ភ្លាមៗ និងច្រើនសន្ធឹកសន្ធាប់របស់ពលរដ្ឋកម្ពុជានេះ។
ចាប់ពីដើមខែមិថុនាមក ពលករខ្មែរ ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃជាង ២២ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃបានចាប់ដាក់ឡានទ្រុងបញ្ជូនមកកាន់កម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមហេតុផលពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេស និងជៀសវាងការជួញដូរមនុស្ស៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com