​រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​លើ​របៀបវារៈ​ចំនួន​៤ នៅ​ថ្ងៃស្អែក​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com

សភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​បើក​សម័យប្រជុំ​របស់​ខ្លួន លើក​ទី​២ នីតិកាល​ទី​៥ នៅ​ថ្ងៃស្អែក ដោយ​គ្រោង​ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៤​។​

សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឲ្យដឹងថា សេចក្តីព្រាងច្បាប់​ចំនួន៤ ដែល​រដ្ឋសភា​គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា និង​អនុម័ត​នោះ រួមមាន ទី​១. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​យុត្តិធម៌ ក្នុង​វិស័យ​រដ្ឋប្បវេណី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទី​២. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទី​៣. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ និង​ទី​៤. សេចក្តីព្រាងច្បាប់ ស្តីពី ការធានារ៉ាប់រង​។​

​បើ​តាម​សេចក្តីជូនដំណឹង សម័យប្រជុំ​រដ្ឋសភា នឹង​ធ្វើឡើង​នៅ​ម៉ោង៨​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធានរដ្ឋសភា​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles