ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ការរាប់សន្លឹកឆ្នោតក្នុងការិយាល័យបោះឆ្នោតមួយ កាលពីការបោះឆ្នោតរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផល នៃការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ដោយចោទថា មានការលួចបន្លំច្រើនពីគណបក្សប្រជាជនកម្ពុជា ដែល ដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ។ ទន្ទឹមនឹងការច្រានចោលលទ្ធផលនោះ គណបក្សសង្គ្រោះជាតិទាមទារឲ្យមានស៊ើបអង្កេត លើលទ្ធផលនៃការបោះឆ្នោត តែមិនមានការឯក ភាពគ្នាពីគណបក្សប្រជាជនកម្ពុជា។
បាតុកម្មកើតឡើងជាបន្តបន្ទាប់ ដោយសារមិនមានការឯកភាពគ្នារវាងអ្នកនយោបាយនេះ។ ឥទ្ធិពលនៃការមិនឯកភាពនយោបាយនេះ នាំឲ្យមានបាតុកម្មរបស់កម្មករ និងប្រជាពលរដ្ឋកើតឡើងជាហូរហែ បណ្តាលឲ្យមនុស្ស៧នាក់បានស្លាប់ក្នុងចន្លោះពេលជាង១១ខែនេះ។
ការវិវឌ្ឍនយោបាយចុងក្រោយនេះ គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឲ្យបានត្រឹមឆ្នាំ២០១៦ ឬ២០១៧។ យុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេសដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនេះ ទីបំផុតលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានឥទ្ធិពលសម្រេចនៅក្នុងបក្សបានយល់ព្រមឲ្យមានការបោះឆ្នោតឡើងមុនអាណត្តិ គឺលោកព្រមលើកពេលពីខែកក្កដា មកខែកុម្ភៈឆ្នាំ២០១៨វិញ តែគណបក្សសង្គ្រោះជាតិមិនព្រម។
ចំណុចសំខាន់ដែលឈានទៅដល់ការបោះឆ្នោតមុនអាណត្តិបាន គឺត្រូវធ្វើកំណែទម្រង់ការបោះឆ្នោត ឲ្យទៅជាប្រព័ន្ធមួយដែលគ្រប់ភាគីអាចទុកចិត្តបានជាមុនសិន។
អត្ថបទទាក់ទង
ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែមិថុនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឯកភាពគ្នាដោយដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥ ស្តីពីអង្គការរៀបចំការបោះឆ្នោត។ ប៉ុន្តែនៅមានការខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គ.ជ.ប ថ្មីនេះ ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជាទាមទារសំឡេង៥០បូក១។
រហូតដល់ថ្ងៃទី២៥ខែមិថុនានេះ គណបក្សទាំងពីរនៅមិនទាន់បង្ហាញសារអ្វីថ្មី ដែលបង្ហាញពីចំណុចវិជ្ជមាន នៃការធ្វើកំណែទម្រង់បោះឆ្នោតនោះនៅឡើយទេ។
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ឃើញថា ការចរចាធ្វើកំណែទ្រង់ប្រព័ន្ធបោះឆ្នោតរបស់គណបក្សទាំងពីរ មានឧបសគ្គ ដោយសារភាគីនៃកិច្ចចរចាហាក់ប្រកាន់ជំហរតឹងរឹង «ដំណើរការរៀបចំ ដើម្បីឲ្យបានបញ្ជីឈ្មោះបោះឆ្នោតថ្មី ប្រើពាក្យថា កែទម្រង់បញ្ជីឈ្មោះបោះឆ្នោតហ្នឹង ក៏ត្រូវការពេលវេលា ទី១។ ទី២ ទៀតការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាចំនុចសំខាន់ ដែលកំពុងជជែកគ្នាហ្នឹង ក៏ត្រូវការពេលវេលាដែរ»។
ទោះយ៉ាងណានាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា ពិនិត្យឃើញថា ការចរចារវាងគណបក្សទាំងពីរមានចំណុចរីកចម្រើនច្រើន ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមឲ្យគណបក្សសង្គ្រោះជាតិមានទូរទស្សន៍ និងព្រមដាក់ គ ជ ប ជាស្ថាប័នធម្មនុញជាដើម។
ទោះយ៉ាងណាលោក ហង្ស ពុទ្ធា ថ្លែងថា ការរៀបចំការបោះឆ្នោតមុនអាណត្តិ គឺត្រូវការពេលយ៉ាងតិច២ឆ្នាំ ដើម្បីរៀបចំបញ្ជីឈ្មោះថ្មី និងក្រុមការងារដើម្បីធានាគុណភាពការងារ «បើម្ខាងទៀត ឧបមាថាឆ្ងាញ់ យើងឱបទុក យើងមិនព្រមលាតត្រដាងមកដើម្បីឲ្យបានប្រយោជន៍ ខ្មែរទាំងអស់គ្នា ការផ្សះផ្សានោះក៏ទៅមិនរួចដែរ បានន័យថា យើងនៅតែមានបំណង ឱបនូវអំណាចហ្នឹងទុកមិនព្រមចែកឲ្យអ្នកណា ដែលជួនកាលពេលខ្លះយើងធ្លាប់ឮអ្នកនយោបាយខ្លះគាត់ថា យី ផ្ទះអញសង់យូរហើយរឿងអីត្រូវចែកឲ្យអ្នកដទៃ។ អ៊ីចឹងបានន័យថា គេគិតថាផ្ទះហ្នឹង វាមិនមែនជាផ្ទះរបស់ខ្មែរទេ គេគិតថា ផ្ទះហ្នឹងជាផ្ទះរបស់គេដែលគេមកសង់ ខ្មែរដទៃមិនមានប្រយោជន៍អ្វីទេ»។
បើដូចការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យមានការបោះឆ្នោតមុនអាណត្តិនៅឆ្នាំ២០១៦ និង២០១៧មែននោះ គឺពេលវេលានៅសល់តែ២ ឬបីឆ្នាំទៀតប៉ុណ្ណោះ។ ដូច្នេះ បើត្រូវការពេល២ឆ្នាំ ដើម្បីរៀបចំនោះ ការបោះឆ្នោតមុនអាណត្តិទំនងជាមិនអាចទៅរួចទេ ព្រោះបច្ចុប្បន្នគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានៃការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឡើយ។
ក្នុងវេទិកាស្តីពីការជជែករកដំណោះស្រាយភាពជាប់គាំងនយោបាយ កាលពីចុងឆ្នាំ២០១៣ រៀបចំដោយសាកលវិទ្យាល័យខេមរៈ ហើយមានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកនយោបាយ និងសិស្សនិស្សិតនោះ មានការឯកភាពឲ្យមានការបោះឆ្នោតមុនអាណត្តិ នៅឆ្នាំ២០១៥។
គន្លឹះសំខាន់នៃការដោះស្រាយវិបត្តិនយោបាយគឺ ការរៀបចំប្រព័ន្ធបោះឆ្នោតមួយ ដែលមានការជឿទុកចិត្តពីគ្រប់ភាគី ព្រោះបើមិនមានការជឿទុកចិត្តទេ ទោះមានការបោះឆ្នោតឡើងវិញមួយលើក ឬច្រើនលើកទៀតក៏នៅតែមានបញ្ហាដែរព្រោះ គណបក្សដែលចាញ់តែចោទថាមានការលួចបន្លំ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិនៅកម្ពុជាលោក សូរិយា ស៊ូប៊ែឌី ថ្លែងក្នុងសន្និសីទសារព័ត៌មានពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ខែមិថុនាថា បញ្ហាកំណែទម្រង់ការបោះឆ្នោត គឺទាមទារការជ្រើសរើសសមាសភាព ត្រូវមានការចូលរួមផ្តល់មតិយោបល់ពីភាគីពាក់ព័ន្ធ គួបផ្សំនឹងកំណែទម្រង់នៃការចុះបញ្ជីឈ្មោះថ្មី និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត។ លោកសង្ឃឹមថា គណបក្សទាំងពីរ នឹងស្វែងរកសេចក្តីសន្និដ្ឋានសមស្របលើហេតុផលរួម ចៀសវាងផ្អែកលើការពន្លឿនដំណោះស្រាយនយោបាយនាំឲ្យកំណែទម្រង់នេះ មិនមានភាពឯករាជ្យ និងគ្រប់ជ្រុងជ្រោយ «ស្របពេលជាមួយគ្នានេះ កំណែទម្រង់បោះឆ្នោត មិនត្រូវតែចំពោះការតែងតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬស្ថានភាពរដ្ឋធម្មនុញ្ញ របស់គណៈកម្មាធិការនេះឡើយ ខ្ញុំគាំទ្រទាំងស្រុងចំពោះការបង្កើត នូវប្រព័ន្ធត្រឹមត្រូវថ្មី នៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនៅតែមានសារៈសំខាន់ ក្នុងការអនុវត្តសិទ្ធិក្នុងការបោះឆ្នោត»។
ការបោះឆ្នោតនៅកម្ពុជា៥អាណត្តិមកនេះ ដែលចាប់ផ្តើមពីឆ្នាំ១៩៩៣មក តែមានការតវ៉ាពីគណបក្សដែលចាញ់ឆ្នោត ដោយសារពួកគេមិនទុកចិត្តគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថាលម្អៀងទៅរកគណបក្សដែលមានអំណាច។
លោកសាស្ត្រាចារ្យ មាស នី អំពាវនាវឲ្យគណបក្សទាំងពីរបង្កើនការយោគយល់គ្នាក្នុងការចរចា ដោយការផ្អែកលើផលប្រយោជន៍ជាតិ ដើម្បីពន្លឿនការបោះឆ្នោតឡើងវិញ បញ្ចប់វិបត្តិនយោបាយ។
អ្នកវិភាគធ្លាប់ជំរុញឲ្យអ្នកនយោបាយពន្លឿនការផ្សះផ្សាផ្ទៃក្នុង ងាកមកអភិវឌ្ឍន៍ប្រទេសវិញ។ ខណៈវៀតណាមកំពុងមានជម្លោះជាមួយចិន ហើយថៃមានជម្លោះផ្ទៃក្នុងនោះ អ្នកវិភាគលើកឡើងថា បើកម្ពុជាផ្សះផ្សានយោបាយផ្ទៃក្នុង ហើយបង្កើតប្រព័ន្ធច្បាប់ដែលអាចជឿទុកចិត្តបាននោះ អ្នកវិនិយោគនឹងងាកមកដាក់ទុនច្រើននៅកម្ពុជាមិនខាន៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com