Thu, 26 June 2014
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាដំបូងរាជធានី កាលពីរសៀលថ្ងៃពុធ បានបើកសវនាការកាត់ទោសនាយិកាក្រុមហ៊ុនវិនិយោគ និងទំនាក់ទំនងក្នុងនិងក្រៅប្រទេសដែលជាប់សែរាជវង្សម្នាក់ពីបទឆបោកប្រាក់លោកផ្កាយបីយោធាម្នាក់ចំនួន ២៥ ម៉ឺនដុល្លារតាមរូបភាពរត់ការស្នើសុំដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល កាលពី ឆ្នាំ២០១២។
លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះបានប្រកាសសាលក្រមបន្ទាប់ពីបញ្ចប់ការសួរដេញដោលជិត ១ ម៉ោងថា៖ «តុលាការសម្រេចផ្តន្ទាទោសឈ្មោះ រាជ នី ហៅ ស្រីមុំ ភេទស្រី អាយុ ៣៦ឆ្នាំ ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពិន័យប្រាក់ចូលថវិការដ្ឋ ៤ លានរៀល បង្គាប់ឲ្យសងថ្លៃខូចខាត ២៥ ម៉ឺនដុល្លារនិងឲ្យសងជំងឺចិត្ត ១០០ លានរៀលទៅឈ្មោះ សែម សុវណ្ណនី ជាដើមបណ្តឹង ហើយទុកសិទ្ធិប្តឹងឧទ្ធរណ៍តាមច្បាប់»។
តាមឯកសារតុលាការ ជនជាប់ចោទ រាជ នី ដែលប្រើអាសយដ្ឋានក្នុងប្រទេសនៅផ្ទះ លេខ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ត្រូវលោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ប្តឹងពាក់ព័ន្ធនឹងករណីឆបោកប្រាក់គាត់ចំនួន ២៥ ម៉ឺនដុល្លារ ពីការធានារត់ការស្នើសុំដីសម្បទានសេដ្ឋកិច្ច ៣ ៥០០ ហិកតា ពីរាជរដ្ឋាភិបាលនៅ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពី ឆ្នាំ២០១២។ ប៉ុន្តែ តាំងពីទទួលបានប្រាក់គាត់បានគេចវេះនិងមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាទេ ហើយក៏ត្រូវលោក សុវណ្ណនី ប្តឹងឲ្យតុលាការចាប់ខ្លួនកាលពីថ្ងៃ ទី៤ វិច្ឆិកា ឆ្នាំមុននៅម្តុំផ្សារចាស់ ខណ្ឌដូនពេញ។
ក្នុងសវនាការជនជាប់ចោទ រាជ នី និយាយថា គាត់បានស៊ីញ៉េទទួលប្រាក់ ២៥ ម៉ឺនដុល្លារពីលោក សុវណ្ណនី មែន។ ប៉ុន្តែមិនទាន់បានទទួលប្រាក់ទេ ហើយថា គាត់ជា ជនរងគ្រោះនៅក្នុងការចោទប្រកាន់នេះ។
អ្នកស្រី រាជ នី ស្រែកខ្លាំងៗថា «វាអយុត្តិធម៌ខ្លាំងណាស់» គាត់ត្រូវតុលាការដាក់ពន្ធនាគារ ហើយបង្គាប់ឲ្យសងប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិកទៀត។ គាត់គ្មានប្រាក់ឲ្យទេ បើលោក សុវណ្ណនី ចង់បាន «សូមសម្លាប់ខ្ញុំទៅ»។
គាត់អះអាងថា គាត់នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។
ព្រះអង្គម្ចាស់ នរោត្តម ច័ន្ទឌូ ណារ៉ាម ដែលចូលស្តាប់សវនាការនោះដែរប្រាប់ក្រុមអ្នកកាសែតថា៖ «សេចក្តីសម្រេចតុលាការនេះ គឺអយុត្តិធម៌ខ្លាំងណាស់ចំពោះ រាជ នី។ ខ្ញុំមិនអាចទទួលយកបានទេ»។
ព្រះអង្គម្ចាស់ ច័ន្ទឌូ ណារ៉ាម អះអាងថា រាជ នី ជាសមាជិករាជវង្សានុវង្ស ដែលធ្លាប់បានធ្វើការងារមនុស្សធម៌ និងបរិច្ចាគធនធានជាច្រើន ជូនជនពិការ និងជនក្រីក្រ ហើយធ្លាប់បានការសព្វព្រះទ័យពីព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ផង។ ព្រះអង្គម្ចាស់ ក៏សុំអំពាវនាវឲ្យព្រះករុណា ព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌ និងអន្តរាគមន៍ក្នុងរឿងនេះផង៕