ពលករ​ខ្មែរ​រង​ការ​បំពាន​ត្រូវ​បញ្ជូន​មក​ពី​សិង្ហបុរី​វិញ

Content image - Phnom Penh Post

ពលករ​ដែល​ទើប​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ពុធ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្រ្តី​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​នៅ ប្រទេស​សិង្ហបុរី ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​ពុធ ដោយ​សារ​តែ​ទ្រាំ​ធ្វើ​ការ​ច្រើន​ម៉ោង​មិន​បាន​ដែល​នេះ​ជា​ករណី​លើក​ដំបូង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​សម្រេច​ឲ្យ​មាន​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ ប្រទេស​សិង្ហបុរី ដែល​ល្បី​ខាង​មាន​លក្ខខណ្ឌ​ការងារ​ល្អ។

ពលការិនី ផន ម៉ៅ អាយុ ២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ ខេត្ត​កំពង់ធំ បាន​និយាយ​ថា រូប​នាង​បាន​រត់​គេច​ចេញ​ពី​ផ្ទះ​ថៅកែ​កាល​ពី​ថ្ងៃ ទី២៤ ខែ​មិថុនា បន្ទាប់​ពី​ធ្វើ​ការ​នៅ​ទី​នោះ អស់​រយៈ ៦​ខែ ដោយ​ទ្រាំ​មិន​បាន​នឹង​ការ​ធ្វើ​ការ​ក្នុង​ផ្ទះ ១៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ។

នាង​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ថៅកែ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ឬ​មួយ​ខែ​តែ​គាត់​មិន​ព្រម​ថា ខ្ញុំ​ទាក់​ទង​ប្រុស​ខ្ញុំ​ក៏​លួច​រត់​ចេញ​ពេល​ថៅកែ​មិន​នៅ​ផ្ទះ។ ក្នុង​កិច្ចសន្យា​ធ្វើ​ការ​តែ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​ត្រូវ​គេ​ឲ្យ​ធ្វើ​ការ​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ១០ យប់​ធ្វើ​ការ​ក្នុង​ផ្ទះ​បី​ជាន់​រាល់​ថ្ងៃ»។

ស្រី​ម៉ៅ បាន​ចាក​ចេញ​ពី កម្ពុជា កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១៣ តាម​រយៈ​ក្រុមហ៊ុន ហ្វីលីម័រ។ នាង​និយាយ​ថា នាង​មិន​ត្រូវ​បាន​ក្រុម​ហ៊ុន តម្រូវ​ឲ្យ​បង់​ប្រាក់​មុន​ទេ តែ​ប្រាក់​ខែ ៦ ខែ​ដំបូង​របស់​នាង​ត្រូវ​បាន​គេ​កាត់​ចំនួន ៤០០ ដុល្លារ​ខណៈ​ដែល​នាង​ទទួល​បាន ៥២០ ដុល្លារ​ក្នុង​មួយ​ខែ។

ចំណែក​ពលការិនី​ម្នាក់​ទៀត ឈ្មោះ យ៉ែម ធីតា អាយុ ៣១​ឆ្នាំ និយាយ​ថា នាង​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ ប្រទេស​ម៉ាឡេស៊ី អស់​រយៈ​ពេល ២ ឆ្នាំ​ដោយ​គ្មាន​ការ​រង​គ្រោះ​អ្វី​ឡើយ ទើប​នាង​ចង់​ទៅ​ធ្វើ​ការ​នៅ សិង្ហបុរី ក្រោយ​ពី​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ថា ប្រទេស​សិង្ហបុរី មាន​លក្ខខណ្ឌ​ការងារ​ល្អ មាន​ប្រាក់​ខែ​ខ្ពស់។ តែ​នៅ​ពេល​នាង​ទៅ​ដល់​នាង​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។

នាង​និយាយ​ថា ថៅកែ​ទី​មួយ​ឲ្យ​នាង​ធ្វើ​ការ​តាំង​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១២ យប់។ នាង​ទ្រាំ​មិន​បាន ក៏​សុំ​ប្តូរ​ថៅកែ​តែ​ដល់​ពេល​ថៅកែ​ទី២ ឃើញ​នាង​ឈឺ ក៏​សម្រេច​បញ្ជូន​នាង​មក​ថៅកែ​ទី​បី តែ​នាង​មិន​ព្រម ព្រោះ​ប្តូរ​ថៅកែ​ពី​មួយ​ទៅ​មួយ​ប្រាក់​ខែ​នាង​ត្រូវ​គេ​កាត់​គ្មាន​សល់ ទើប​នាង​សម្រេច​សុំ​ត្រឡប់​មក​ស្រុក​វិញ។

នាង​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវ​គេ​ឲ្យ​ធ្វើ​ការ​តាំង​ពី​ម៉ោង ៦ ព្រឹក​រហូត​ដល់​ម៉ោង ១២ យប់​លើស​ពី​កិច្ច​សន្យា​តម្រូវ​ឲ្យ​ធ្វើ​តែ ៨ ម៉ោង»។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ លីកាដូ បាន​ថ្លែង​ថា ការ​ដក​ហូត​ប៉ាស្ព័រ របស់​ពលករ​ទុក​និង​ការ​ធ្វើ​ការ​ដោយ​កាត់​ប្រាក់​ខែ ៦​ខែ ដំបូង​ជា​ទម្រង់​នាំ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កម្មករ​ដូច​នៅ ប្រទេស​ម៉ាឡេស៊ី ដែរ។

លោក​និយាយ​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា ប្រទេស​សិង្ហបុរី មាន​លក្ខខណ្ឌ​ការងារ​ល្អ​ក៏​ប៉ុន្តែ​អាស្រ័យ​ទៅ​លើ​បុគ្គល​ជា​ថៅ​កែ​ផ្ទាល់»។

លោក​ស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​កម្ពុជា​បាន​ថ្លែង​ថា ករណី​នេះ ពលការិនី​ចង់​ត្រឡប់​មក​ស្រុក​វិញ​ដោយ​ខ្លួន​ឯង។

លោក​ស្រី​បញ្ជាក់​ថា៖ «ថៅកែ​មិន​ពេញ​ចិត្ត​នឹង​ការងារ​នាង ហើយ​នាង​មាន​មិត្ត​ប្រុស។ នាង​ចង់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​ក្រុម​ហ៊ុន​ជួយ​បញ្ជូន​នាង​ត្រឡប់​មក​វិញ​មិន​មែន​អង្គការ លីកាដូ ជួយ​សង្គ្រោះ​នោះ​ទេ។ នាង​គ្មាន​ថៅកែ​ធ្វើ​បាប​អី​នោះ​ទេ​ច្បាប់​ស្រុក​គេ​តឹង​តែង​ណាស់»។

លោក ហេង សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​តំណាង​ក្រុម​ហ៊ុន ហ្វីលីម័រ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ៕


What Next?

Recent Articles