Fri, 4 July 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
កោះកុងៈ ប្រជាពលរដ្ឋជនជាតិភាគតិចជងមកពីឃុំចំនួនបី ស្ថិតនៅក្នុង ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានបិទផ្លូវចូលទៅកាន់តំបន់សាងសង់វារីអគ្គិសនីស្ទឹងអារ៉ែង ដោយមិនឲ្យក្រុមហ៊ុនចិន Sinohydro ដឹកជញ្ជូនគ្រឿងចក្រយកទៅឈូសឆាយនៅតំបន់នោះអស់រយៈពេលជាងបីខែមានការព្រួយបារម្ភថា អាជ្ញាធរនឹងដាក់កម្លាំងប៉ូលិសទាហានការពារឲ្យក្រុមហ៊ុនចិន។
លោក ឌឹម គុណឌី អ្នកតស៊ូមតិមកពីអង្គការមាតាធម្មជាតិថ្លែងថា ជនជាតិជងដែលប្រឆាំងមិនឲ្យក្រុមហ៊ុនចិនដឹកគ្រឿងចក្រចូលទៅក្នុងតំបន់របស់ពួកគេអស់រយៈពេលជាង ៣ ខែមកហើយស្រាប់តែព្រឹកម្សិលមិញមានរថយន្តធំមួយដែលមានទាហាននិងប៉ូលិសមួយចំនួនបានចូលក្នុងតំបន់នោះ។
លោកថា៖ «ពេលយើងសួរគេ គេថាទៅជួសជុលរថយន្តចាស់ដែលខូចជាង ២ ឆ្នាំហើយ ប៉ុន្តែយើងបារម្ភថា ចិនអាចយកទាហានដើម្បីមកការពារគេ»។
លោកបានឲ្យដឹងទៀតថា រថយន្តនោះគឺធំសម្រាប់ដឹកឈើដូច្នេះពួកលោកបារម្ភថា រថយន្តនោះគេអាចដាក់ឧបករណ៍ដើម្បីសម្អាតបាតអាងបាន។
លោកថា៖ «យើងបានបោះតង់នៅក្នុងតំបន់ជិត ៣ ខែកន្លះទៅហើយ ជាពិសេសនៅរដូវភ្លៀងនេះគឺធ្វើឲ្យពួកខ្ញុំមានការប្រឈមច្រើនប៉ុន្តែវាមិនជាបញ្ហាទេយើងអាចទ្រាំបាន គឺធ្វើយ៉ាងណាឲ្យតែការពារតំបន់អារ៉ែងនេះបាន។ បើបាត់បង់អារ៉ែងទើបមិនអាចទ្រាំបានពីព្រោះវាបាត់បង់ក្រពើភ្នំ ត្រីនាគ ជីវិតអ្នកភូមិ ១៥០០ នាក់ព្រមទាំងព្រៃឈើចុងក្រោយជាង ២ ម៉ឺនហិកតា»។
លោក ប៊ុន លើត អភិបាល ខេត្តកោះកុង ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
ពលរដ្ឋជាង ១០០ នាក់បានប្រឆាំងបិទផ្លូវចូល ទៅកាន់តំបន់សាងសង់វារីអគ្គិសនីស្ទឹងអារ៉ែង ចាប់តាំងពីថ្ងៃ ទី១៥ ខែមីនា រហូតមកដល់បច្ចុប្បន្ននេះ។
កាលពីថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៤ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អនុញ្ញាតឲ្យក្រុមហ៊ុនចិន Sinohydro នាំគ្រឿងចក្រចូលសិក្សា ប្រមូលទិន្នន័យបន្ថែម សម្រាប់គម្រោងវារីអគ្គិសនី ស្ទឹងឆាយអារ៉ែង ស្ថិតនៅក្នុង ឃុំថ្មដូនពៅ ដោយក្រុមហ៊ុនចិននោះនឹងត្រូវជួសជុលផ្លូវប្រវែង ៥៤ គ.ម. ខួងពិនិត្យវាស់វែង ស្ទង់ទីតាំងផ្លូវបង្វែរទឹកក្រោមដីប្រវែង ៤៩០ ម៉ែត្រ។
លោកនាង បូរាទីណូ មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបានថ្លែងឲ្យដឹងថា ក្នុងរយៈពេលមួយខែនេះឃើញកម្លាំងទាហានចេះតែបន្ថែមចូលរហូតមកក្នុងទីតាំងអារ៉ែងនេះដែលធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ប៉ុន្តែលោកមិនដឹងថា តើទ័ពទាំងនេះយកមកពីខាងណានោះទេ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ការបង្កើតនៅក្នុងមូលដ្ឋាននោះគឺហាក់ដូចជាដើម្បីការពារឲ្យក្រុមហ៊ុនតែប៉ុណ្ណោះ ពីព្រោះអីពីមុនម៉េចក៏មិនបង្កើតហេតុអីទើបតែបង្កើតនៅពេលនេះ»៕