ដោយ៖ បូ សាវី
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ក្រុមកម្មករប្រមាណ១០០នាក់ នៅរសៀលថ្ងៃសុក្រនេះ ព្រមានហែក្បួនទៅមុខស្នាក់ការគម្រោងជួសជុលប្រាសាទ តាព្រហ្ម (India Cambodia Project) បើសិនម្ចាស់គម្រោងជាជនជាតិឥណ្ឌា មិនផ្ដល់ដំណោះស្រាយតាមការទាមទារ។
ការព្រមាននេះកើតឡើងបន្ទាប់ពីក្រុមកម្មករជួសជុលប្រាសាទបុរាណនោះ ធ្វើកូដកម្មនៅក្នុងប្រាសាទតាព្រហ្ម អស់រយៈពេលពីរថ្ងៃកន្លងមកនេះ ដើម្បីទាមទារឲ្យយកកម្មករ៣១នាក់ និងមន្ត្រីសហជីពចូលធ្វើការវិញ និងផ្ដល់សំណងប្រាក់អតីតភាពការងារ។
អគ្គលេខាធិការរងនៃសហព័ន្ធសហជីព កម្មករ សំណង់ និងព្រៃឈើនៅកម្ពុជា លោក ផាត់ ភន ប្រាប់VODនៅរសៀលថ្ងៃសុក្រនេះថា ក្រុមកូដករ នឹងហែក្បួនចេញពីប្រាសាទតាព្រហ្ម ទៅធ្វើបាតុកម្មនៅខាងមុខស្នាក់ការគម្រោងជួសជុលប្រាសាទតាព្រហ្ម នៅក្នុងតំបន់អភិរក្សអង្គរ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីឲ្យជនជាតិឥណ្ឌាជាអ្នកគ្រប់គ្រងដោះស្រាយតាមការទាមទាររបស់កម្មករ។ ប៉ុន្ដែលោកមិនទាន់កំណត់ពេលជាក់លាក់ទេដែលត្រូវធ្វើទេ ដោយប្រាប់ថាប្រហែលជាសប្ដាហ៍ក្រោយ។
អនុប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ ខ្មែរអង្គរ ខេត្ដសៀមរាប លោក ធៀប ប៊ុនធិន មានប្រសាសន៍ថា គម្រោងហែក្បួនធ្វើបាតុកម្មរបស់កម្មករនេះ មិនប៉ះពាល់ដល់តំបន់ទេសចរណ៍នោះទេ ព្រោះកម្មករមានសមាជិកតិចតួច ដែលខុសពីបាតុកម្មរឿងនយោបាយ។
ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មរបស់គម្រោងASI និងជាអ្នកគ្រប់គ្រងទូទៅបន្ទាប់ពីជនជាតិឥណ្ឌា លោក ចាន់ ឡាយ មានប្រសាសន៍ថា លោកបានបញ្ជូនព័ត៌មានទៅស្ថានទូតឥណ្ឌាហើយ។
កម្មករឲ្យដឹងថា វិវាទការងារនេះ បានអូសបន្លាយជិត៣ឆ្នាំមកហើយ ដោយសារម្ចាស់គម្រោងបញ្ឈប់កម្មករចំនួន៣១នាក់ និងថ្នាក់ដឹកនាំសហជីពចំនួនពីរនាក់ ដោយសាររើសអើងការចូលជាសមាជិកសហជីព។ កម្មករបន្ដថា បញ្ហានេះ ដោយសារម្ចាស់គម្រោងមិនអនុវត្ដតាមសេចក្ដីសម្រេចរបស់មន្ទីរការងារ ខេត្តសៀមរាប និងក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com