ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
និស្សិតមួយក្រុម នៅតែរក្សាជំហរធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា នាដើមសប្តាហ៍ក្រោយ តាមការគ្រោងទុក បើទោះបីគ្មានការអនុញ្ញាតពីអាជ្ញាធរដែនដីក៏ដោយ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ម៉ៅ ពិសេស ឲ្យVODដឹងថា ក្នុងកិច្ចពិភាក្សាបន្ទាន់មួយ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ មន្ត្រីសាលារាជធានី មិនអនុញ្ញាតឲ្យពួកគេធ្វើបាតុកម្មដោយសន្តិវិធីដូចការគ្រោងទុកទេ ដោយអះអាងពីហេតុផលសន្តិសុខស្ថានទូត និងសណ្តាប់ធ្នាប់សាធារណៈ។
ប៉ុន្តែលោក ម៉ៅ ពិសេស អះអាងថា ក្រុមនិស្សិតនឹងនៅតែរក្សាធ្វើបាតុកម្មនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ដដែលដើម្បីឲ្យមន្ត្រីវៀតណាមចេះទទួលស្គាល់ការពិត។ លោកចាត់ទុកបម្រាមរបស់សាលារាជធានីថា បានរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ «យើងមានការឈឺចាប់ យើងមិនអនុញ្ញាត ឲ្យជនឬក៏ជនជាតិ ដែលបានឈ្លានពានទឺកដីរបស់យើង មើលងាយមកលើប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបានទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា ការហាមឃាត់នេះ ដោយសាលារាជធានីភ្នំពេញបារម្ភថា បាតុកម្មនេះ អាចនឹងឈានដល់មានការញុះញង់ឲ្យរើសអើងពូជសាសន៍។ លោកថា វិធានការនេះ មិនមែនន័យថា រំលោភសិទ្ធិមនុស្សទេ «គាត់ចង់ធ្វើៗទៅ យើងមានវិធានការចាប់ បើគាត់ហ៊ានល្មើសជាមួយបម្រាមរបស់យើង»។
តាមឯកសារប្រវត្តិសាស្ត្របញ្ជាក់ថាកាល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានអនុម័តច្បាប់មួយ ដោយសម្រេចកាត់ទឹកដីខ្មែរកម្ពុជាក្រោមចំនួន២១ខេត្តក្រុងទៅឲ្យវៀតណាមត្រួតត្រា ដោយមិនបានសួរមតិប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក ឬថ្នាក់ដឹកនាំនៃកម្ពុជានាសម័យនោះឡើយ។
ប៉ុន្តែនៅដើមខែមិថុនា ឆ្នាំ២០១៤នេះ មន្ត្រីនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ានថុង បានអះអាងថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេ។ មន្ត្រីរូបនោះឲ្យដឹងទៀតថា កម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។ លោកថាព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋាន និងគ្មានអ្វីជាភ័ស្តុតាងទេ។
យ៉ាងនេះក្តីលោក ម៉ៅ ពិសេស អំពាវនាវឲ្យប្រជាពលរដ្ឋ ក្រុមយុវជនគ្រប់និន្នាការ ចូលរួមគាំទ្រការធ្វើបាតុកម្ម ដើម្បីបង្ហាញថាខ្មែរមិនរងឥទ្ធិពលពីប្រទេសជិតខាង «វៀតណាម ជនជាតិវៀតណាម អាចមើលងាយហ៊ុនសែន និងគ្រួសារលោកហ៊ុនសែនបាន ប៉ុន្តែមិនអាចមើលងាយដល់យុវជនខ្មែរដទៃៗទៀតបានទេ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថា រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធគួរធានាសិទ្ធិសម្តែងមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ ដើម្បីបង្ហាញថាកម្ពុជាកំពុងដើរតាមគន្លងប្រជាធិបតេយ្យ។
ប្រទេសវៀតណាម បានគ្រប់គ្រងទឹកដីកកម្ពុជាក្រោម អស់រយៈពេលជិត៦៥ឆ្នាំហើយ។ ប្រធានសមាគម ឲ្យដឹងថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមច្រើននាក់បានស្លាប់ និងមួយចំនួនទៀតត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារចេញមុខតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិរបស់ម្ចាស់ទឹកដី៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com