​ពលករ​ខ្មែរ​១៤​នាក់​ពាក់ព័ន្ធ​ការប្រើ​ឯកសារ​ក្លែងក្លាយ​នៅ​ទឹកដី​ថៃ បាន​ត្រលប់​មក​កម្ពុជា​វិញ​ហើយ​​

ដោយ៖​ តាំង វី​ដា​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករកម្ពុជា ពេលយោធាថៃបញ្ជូនមកស្រុកកំណើតវិញ (រូបថត៖ សីហា)

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពលករ​ខ្មែរ​១៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវបាន​បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ម៉ោងជាង​៩​ព្រឹក​នេះ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង ប្រាប់VOD​ឲ្យដឹងថា ពលករ​ខ្មែរ​១៤​នាក់ ក្នុងនោះ​ស្រី​១០​នាក់ និង​ប្រុស​៤​នាក់ ដែល​ថៃ​ចាប់ឃុំខ្លួន ក្នុង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ទទួលបាន​ការដោះលែង តាម​ការស្នើសុំ​របស់​ប្រមុខ រដ្ឋាភិបាល កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង​។ លោក​បន្តថា អ្នក​ទាំងនោះ​បាន​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន ក្រុង​ប៉ោយ​បែ​ត​នៅ​ម៉ោង​ប្រមាណ​ជា​៩​កន្លះ​ព្រឹក​នេះ​។

លោក កុយ គួង បញ្ជាក់​ជា​ថ្មី​ថា ការស្នើ​ដោះលែង​នេះ គឺ​ដោយសារតែ​ពលករ​ទាំងនោះ ពិតជា​ត្រូវបាន​រកឃើញ​ថា ជា​ជនរងគ្រោះ​ចាញ់បោក​ពី​ជនខិលខូច ឲ្យប្រើ​ប្រាស់​ឯកសារ​ក្លែងក្លាយ​ជា​ភាសា​ថៃ​ដើម្បី​បម្រើការ​នៅ​ប្រទេស​ថៃ​។ យ៉ាងណាក៏ដោយ លោក​ថា ស្ថាន​កុងស៊ុល ខ្មែរ​ប្រចាំ​ប្រទេស​និង​អាជ្ញាធរ​ថៃ នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​រួម​ចាប់​មេក្លោង ករណីនេះ មក​ផ្ទន្ទាទោស រួម​នឹង​បង្ការ​ករណី​ក្រោយៗ​ទៀត​។ ជាមួយគ្នានេះ លោក​ថា ពលករ ទាំង​១៤ នាក់​នោះ មាន​សិទ្ធិ​សម្រេច​ថា ត្រលប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​បាន លុះណាតែ រៀបចំ​ឯក សារជាថ្មី និង​ធ្វើឲ្យ​ស្រប​ច្បាប់​ជាមុនសិ​ន​។​

​ក្នុង​ពិធី​មួយ​នៅ​កោះ​ពេជ្រ ស្តី​ពី​ការលើកកម្ពស់​សិទ្ធិ​ជនពិការ នៅ​ថ្ងៃ​ម្សិលមិញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ការស្នើ​ដោះលែង​ពលករ​ខ្មែរ​១៤​នាក់​នេះ គឺ​មិនមែន​ជា​ថ្នូរ​នឹង​ការ​ដែល​កម្ពុជា​ដោះលែង​អ្នកទោស​ថៃ​នោះ លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត ដែល រង​ចោទ​ពី​បទ​ចារកម្ម នៅ​ពេល​ពួកគេ​ឆ្លង ចូល​បន្ទាយ​ទាហាន​កម្ពុជា​កាលពី​ដើម​ឆ្នាំ ២០១៣ នោះទេ​៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles