​ពលរដ្ឋ រិះគន់​បំរាម​ការយក​អាហារ​ពី​ក្រៅ​ចូលក្នុង​សួន​កុមារ​មុខ​វត្តបុ​ទុម​វត្តី​​

ដោយ៖​ ប្រែង សត្យាភិរក្ស​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

(រូបដោយ៖ សត្យា ​ភិរក្ស)

​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​នាំ​កូនៗ​ទៅ​កំសាន្ត​នៅ​ក្នុង​សួន​កុមារ​មុខ​វត្តបុ​ទុម​វត្តី ថ្មីៗ​នេះ រិះគន់​ចំពោះ​អ្នកគ្រប់គ្រង​ទីតាំង​សាធារណៈ​មួយ​នេះ ដែល​បាន​រឹត​បន្តឹង​លើ​ការ​យក​ចំណីអាហារ ​និង​ភេសជ្ជៈ​ពី​ខាងក្រៅ​ចូលកន្លែង​នោះ​។

​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ផ្សារ​ចាស់ លោក មាស ពិសិដ្ឋ ប្រាប់ ​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា បំរាម​បែបនេះ បង្ក​ការ​លំបាក​​ចំពោះ​មាតាបិតា​ដែល​ចង់​នាំ​កូន​ទៅ​កំសាន្ត​នៅ​ទីនោះ ក្នុង​ការទិញ​ចំណី​ផ្សេងៗ​ដែល​កូន​របស់​ខ្លួន​ពេញចិត្ត យក​ទៅ​ទីនោះ​។ លោក​បន្តថា បំរាម​ថ្មី​នេះ​វា​ខុសប្លែក​ពី​ទីតាំង​សួន​កុមារ​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​សួន​សាធារណៈ​មួយ​នេះ ហាក់ក្លាយ​ទៅ​ជា​កន្លែង​ឯកជន​ផ្តាច់មុខ​ទៅវិញ «​ប៉ុន្តែ​កាលពី​មុន​គេ​មិន​អនុវត្តន៍​រឿង​នឹង​ទេ គួរតែ​ចំនីអាហារ​អាច​យក​ចូល​បាន គ្រាន់​តែ​បញ្ហា​រឿង​ហាម​បោះ​កាកសំណល់​ពាសវាល ពាសកាល ពិ​ព្រោះ​ក្នុង​នឹងដាក់​ធុងសំរាម​ធ្វើ​អ្វី បើ​មិន​ឲ្យ​នាំ​អ្វី​ចូល​ចឹង ធុងសំរាម​មាន​ច្រើនៅ​ជាប់​ហ្នឹង​ផ្លាក​នឹង​ទៀត ចំនីអាហារ​មិន​ឲ្យ​យក​ចូល តែ​ចំនីអាហារ​ក្នុង​នឹង​អាច​យក​ទៅ​ហូប​កន្លែង​ណា​ក៏​បាន​»​។

​លោក មាស ពិសិដ្ឋ បន្ថែមថា បើ​តាម​អ្វី​ដែល​លោក​បាន​សាកសួរ​ទៅ​សន្តិសុខ​នៅក្នុង​ទីតាំងសួន​កុមារ​មួយ​នេះ ការចេញ​បំរាម​ថ្មី​នេះ ទើបតែ​កើតឡើង​បន្ទាប់​ពី​មាន​ការផ្លាស់ប្ដូរ​អ្នកគ្រប់គ្រង​ថ្មី​ជា​ជនបរទេស ជា​ម្ចាស់​ហាង​ទំនិញ​ក្នុង​ទីតាំង​នោះ​ ។​

​បើ​តាម​ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី មិ​ល វាសនា ឲ្យដឹងថា បំរាម​ថ្មី​នោះ​មានដូចជា ទី​សួន​កំសាន្ត​មិន​ឲ្យ​នាំ​យក​អាហារ​ពី​ខាងក្រៅ​ចូល ដោយសារ​ម្ចាស់​ហាង​ទំនិញ ចង់​ឲ្យ​អតិថិជន​ទិញ​ចំណីអាហារ​របស់​គេ​នៅ​ទីនោះ​។អ្នកស្រីថា ជាក់ស្តែង​ច្រកចេញ​-​ចូល​ផ្សេងៗ​ដែល​ធ្លាប់​បើ​កឲ្យប្រើប្រាស់​ត្រូវបាន បិទ​ដោយ​ទុកឲ្យ​ចេញចូល​តែ​ច្រក​នៅជាប់​នឹង​ហាង​ទំនិញ​នោះ​ប៉ុណ្ណោះ​។ អ្នកស្រី ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​សម្រួល​ករណី​នេះ​ឡើង​វិញ​។​

​​ឆ្លើយតប​នឹង​រឿងនេះ អ្នកគ្រប់គ្រង​ហាង​ទំនិញ​ក្នុង​សួន​កំសាន្ត​​មុខ​វត្តបុ​ទុម​វត្តី ជនជាតិ​ហ្វីលីពីន អ្នកស្រី អាយ​រី​ន ហ្វើ​ណាន់​ដេ​ស បាន​ទទួលស្គាល់​ចំពោះ​ការ​ដាក់​បំរាម​នេះ​ដែរ ប៉ុន្តែ​អ្នកស្រីថា​បំរាម​នេះ ត្រូវបាន​អនុវត្ត​តាំងពី​អំឡុង​ខែ​មេសា នៅពេល​ដែល​អ្នកស្រី ទទួលបាន​សិទ្ធិ​លក់​បន្ត​នៅ​ហាង​ទំនិញ​នោះ​ «ពេល​ខ្ញុំ​បាន​និយាយ​ជាមួយ​ម្ចាស់​ហាង​ទំនិញ​ពីមុន គាត់​ប្រាប់ថា គឺ​មិន​អនុញ្ញាត្ត​ឲ្យ​យក​ចំណី​អាហារ និង​ភេសជ្ជៈ​ចូល​ក្នុង​សួន​នោះទេ​។ ពី​មុន​គេ​ក៏​មាន​ដាក់​ជា​បំរាម​ដូចគ្នានេះដែរ អ្នក​ដឹង​ហើយ នៅទីនេះ​ក៏​មាន​ហាង​ទំនិញ​ដែរ ហេតុ​នេះ​អ្នក​មក​លេង​អាច​ទិញ​អ្វី​ដែល​គេ​ចង់បាន ហេតុនេះ​ទើប​មិន​អនុញ្ញាត្ត​ឲ្យមាន​ការ​យក​ទំនិញ​ផ្សេង​ចូល​»

​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា ការ​ហាម​យក​ចំណី​ខាងក្រៅ​ចូល​ទៅ​សួន​កំសាន្ត​នេះ គឺ ដោយសារតែ​មាន​ពលរ​ដ្ឋ​មួយ​ចំនួន មិន​បាន​រក្សា​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ ដែល​នាំឲ្យ​ខូចខាត​ឧបករណ៍​កំសាន្ត និង​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​អ្នក​ដែល​មក​កំសាន្ត​ដទៃទៀត​ «​កន្លង​មក​កាលដែល​គាត់ យករ​បស់​ទៅ​ញ៉ាំ​នឹង ថា​គាត់​មិន​បាន​រក្សា​អនាម័យ​ទេ ឥលូវ​នឹង យើង​មិន​បាន​ហាមឃាត់​ទាំ​អស់​ទេ ហើយ​មួយចំនួន​តូច​គាត់​បាន​ខ្ជីខ្ជា​រឿង​បញ្ហា​សំរាម​នឹង អនាម័យ​នឹង​ឯង ហើយ​វា​ធ្វើឲ្យ​ប៉ះពាល់​រហូត​ឲ្យ​ខូច ព្រំ​យើង​ទាំងអស់​បាត ដូចនេះ​បើ​សម្រាប់​តែ​គាត់ ពី​មួយ​ចំនួន​តូច ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ដទៃ​ទឿត ដែល​គ្នា​មិន​បាន​លេង គ្នា​មិន​បាន​កម្សាន្ត​ទីកន្លែង​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ​»​

​​បើ​តាម​ពលរដ្ឋ ពួកគេ​មិន​ពេញចិត្ត​ចំពោះ​បំរាម​នេះ ដោយសារ​តែ​ហាង​ទំនិញ​នៅ​ក្នុង​សួន​កំសាន្ត​សាធារណៈ​នោះ គឺ​លក់​ក្នុង​តម្លៃ​ខ្ពស់ ហើយ​មិន​សូវ​សំបូរ​ចំណី​សម្រាប់​ក្មេងៗ ដែល​ធ្វើឲ្យ​ពួក​គេ​ពិបាករ​ត់​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង ខណៈ​ការផ្ញើយានយន្ត​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ​៕

សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com

What Next?

Recent Articles