​សមត្ថកិច្ច​ខេត្ដ​ព្រះវិហារ ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់ ដោយសារ​កាប់​ព្រៃ​សង់ផ្ទះ​មុខ​ក្រុមហ៊ុន​ទ្រី​ភាព​​

ដោយ៖​ បូ សា​វី​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

​ប្រជា​សហគមន៍​ជាង​១០០​នាក់ នៅ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ស្វែងរក​អន្ដរាគមន៍ពី​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ដើម្បី​ឲ្យ​សមត្ថកិច្ច​ដោះលែង​សមាជិក​សហគមន៍​ពួកគេ​ម្នាក់ ឲ្យមាន​សេរីភាព​វិញ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ថ្ងៃ​ម្សិលមិញ។​

​សមាជិក​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ទន្លេ​ម្រេច  ឃុំ​រមណី អ្នកស្រី សុខ សុ​ផុន ប្រាប់​VOD​ថា កងកម្លាំង​សមត្ថកិច្ច​ប្រមាណ​៤០​នាក់ ប្រដាប់​ដោយ​អាវុធ បាន​បាញ់កាំភ្លើង ជា​ច្រើន​គ្រាប់ គំរាម​និង​ចាប់ខ្លួន​ប្រជា​សហគមន៍​ម្នាក់ ខណៈ​បីនាក់​ផ្សេងទៀត ប្រតាយប្រតប់​ហើយ​រួចខ្លួន ដោយសារពួកគេ​ធ្វើ​សង់ផ្ទះ​នៅលើ​ដី​សហគមន៍ នៅខាងមុខ​ក្រុមហ៊ុន​ទ្រី​ភាព។

សមាជិក​មួយ​សហគម​ន៍​មួយ​រូប​ទៀត លោក ថេប ផាត ឲ្យដឹងថា ប្រជា​សហគមន៍​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ ធិន ថា អាយុ​ជាង​៥០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ដាក់​ខ្នោះ​ភ្លាមៗ បើ​ទោះ​ជា​បុរស​រូប​នោះ​សំពះអង្វ​រសមត្ថកិច្ច​យ៉ាងណាក៏ដោយ​។ លោក​បន្ដថា ពួកគាត់​បាន​កាប់​ព្រៃ​សង់ផ្ទះ​លើ​ដី​សហគមន៍ ប៉ុន្ដែ​បែរ​ជា​សមត្ថកិច្ច ហាមឃាត់​និង​ចាប់ខ្លួន​ពលរដ្ឋ​ទៅវិញ ដោយ​លោក​សង្ស័យថា មាន​ការបញ្ជា​ពី​បុគ្គលិក​ក្រុមហ៊ុន​ទ្រី​ភាព។

VOD​ មិនអាច​ទាក់ទងស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ស៊ី ការី និង​អភិបាល​ស្រុក​រវៀង លោក ឯ សា​រ៉ូ ដើម្បី​បំភ្លឺ​ពី​ករណី​នេះ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​មិន​មាន​អ្នកទទួល​។​

យ៉ាងនេះ​ក្ដី អ្នកសម្របសម្រួល​សមា​គម​ការពារ​សទិ្ធមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការចាប់ខ្លួន និង​ប្រើ​អាវុធបាញ់​គំរាម​ពលរដ្ឋ​នេះ ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​មួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​ប្រជាធិបេតយ្យ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អន្ដរាគមន៍ ដោះលែង​សមាជិក​សហគមន៍​ឲ្យមាន​សេរីភាព​វិញ​ជា​បន្ទាន់ ព្រោះ​ពួកគេ សង់ផ្ទះ​តែ​លើ​ដី​សហគមន៍​ពួកគាត់​ប៉ុណ្ណោះ​។

កាលពី​ពាក់កណ្ដាល​ខែ​ឧសភា​ឆ្នាំ​២០១៤ ប្រជា​សហគមន៍ តំបន់​ការពារ​ធនធាន​ធម្មជាតិ​ទន្លេ​ម្រេច ចំនួន​១១​នាក់ ស្ថិតនៅ​ភូមិ​អូរ​ពោធិ ស្រុក​រវៀង ត្រូវ​តុលាការ​ខេត្ដ​ព្រះវិហារ កោះហៅ​ឲ្យទៅ​បំភ្លឺ ជា​បន្ដបន្ទាប់ ដោយ​ចោទ​ថា រារាំង​កិច្ចការ​សាធារណៈ បន្ទាប់​ពី​ពលរដ្ឋ​នាំគ្នា​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles