Sat, 5 July 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
មេដឹកនាំរដ្ឋប្រហារយោធាថៃ លោកប្រាយុធ ចាន-អូចា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយការអរគុណកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះរដ្ឋាភិបាលថៃថ្មី ដែលទើបឡើងកាន់អំណាចក្នុងរយៈពេលដ៏ខ្លី។
ការថ្លែងអំណរគុណរបស់ថៃនេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាបានដោះលែងទណ្ឌិតដែលជាសកម្មជនអាវលឿងថៃឲ្យវិលត្រឡប់ទៅស្រុកវិញ ស្របពេលដែលប្រមុខការទូតថៃមកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ។
លោកប្រាយុធ ជាប្រធានក្រុមប្រឹក្សារក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ថៃដែលជារដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារយោធា កាលពីខែឧសភាកន្លងទៅ បានសរសេរលិខិតចុះថ្ងៃទី២ ខែកក្កដា និងត្រូវក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយកាលពីម្សិលមិញ បានអរគុណចំពោះការទទួលរបស់កម្ពុជានូវប្រមុខការទូត លោកស៊ីហាសាក់ ភួងកេតកែវ កាលពីថ្ងៃទី១ កក្កដាកន្លងមក និងស្របពេលដែលលោក វីរៈ ស៊ុមខ្វាមឃីត ត្រូវបានដោះលែង ហើយអរគុណពីការយោគយល់របស់កម្ពុជា ចំពោះស្ថានការណ៍នយោបាយក្នុងប្រទេសថៃ ដែលតម្រូវឲ្យមានការរៀបចំការគ្រប់គ្រងពលករ។
លោក ប្រាយុធ សរសេរថា ៖ «ខ្ញុំសូមផ្ញើជូនសម្តេចនូវការកោតសរសើរដ៏ស្មោះស្ម័គ្ររបស់ខ្ញុំចំពោះការយោគយល់របស់សម្តេច ពីស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសថៃ និងវិធានការដែលអាជ្ញាធរថៃ បានដាក់អនុវត្ត ក្នុងការគ្រប់គ្រងលំហូរចេញនៃពលករកម្ពុជាកាលពីពេលថ្មីៗនេះ»។
រដ្ឋាភិបាលយោធាថៃ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់លោកស្រី យីងឡាក់ ហើយឡើងកាន់អំណាចខ្លួនឯង ដែលខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ បើទោះបីជាព្រះរាជាថៃ បានចេញព្រះរាជក្រឹត្យតែងតាំងក៏ដោយ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានប្រៀបធៀបក្នុងន័យឆ្លើយតបចំពោះគណបក្សសង្គ្រោះជាតិ ដែលធ្វើពហិការមិនចូលរដ្ឋសភាថាការកាន់អំណាចរបស់រដ្ឋាភិបាលបច្ចុប្បន្នរបស់លោក គឺមានភាពស្របច្បាប់ ដោយសារមានព្រះមហាក្សត្រទទួលស្គាល់។ ប៉ុន្តែក្រុមអ្នកវិភាគលើកឡើងថា ទាំងរដ្ឋាភិបាលថៃទាំងរដ្ឋាភិបាលកម្ពុជា មិនមែនជារដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យទេ។
ជាមួយគ្នានេះ ពលករកម្ពុជា ចំនួន១៤ រូប ដែលថៃបានដោះលែងពីពន្ធនាគារ ពីរថ្ងៃបន្ទាប់ពីកម្ពុជា បានដោះលែងទណ្ឌិតដែលជាសកម្មជនអាវលឿងថៃម្នាក់ បានវិលមកដល់ទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ កាលពីព្រឹកម្សិលមិញ ដោយមានអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន និងមន្ត្រីផ្នែកព្រំដែន ព្រមទាំងនគរបាលអន្តោប្រវេសន៍រង់ចាំទទួល។
លោក ពេជ្រ ស៊ីថូ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែត ឲ្យដឹងថា ពលករទាំង ១៤រូប មានស្រី១០រូប មានអាយុចន្លោះពី១៨ ដល់៣៦ឆ្នាំ បានវិលទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួន ជាមួយនឹងការឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នូវទឹកប្រាក់ក្នុងម្នាក់១លានរៀល និងមីមួយកេស។
លោកនិយាយថា៖ «ពួកគេ មានមកពីខេត្តកំពង់ស្ពឺ ព្រៃវែង កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ ពួកគេចាញ់បោកមេខ្យល់ ធ្វើលិខិតឆ្លងដែនមានត្រាក្លែងក្លាយ ដោយបង់លុយឲ្យមេខ្យល់ធ្វើឯកសារអស់ក្នុងម្នាក់ៗ១ម៉ឺន២ពាន់បាត»៕