​កម្មករ​១៣០០​នាក់ នៅ​រោងចក្រ Canteran ខណ្ឌដង្កោរ ផ្ទុះ​កូដកម្ម​តវ៉ា​មិន​ឲ្យ​ប្ដូរ​ថ្ងៃ​បើក​ប្រាក់ខែ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃសៅរ៍ ទី5 កក្កដា 2014
http://vodhotnews.com

​កម្មករ​រោងចក្រ Canteran ប្រមាណ​១៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្តធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​៥ ឬ​ទី​៦ ដូច​ធម្មតា​ឡើងវិញ​។​

​ប្រធាន​សហជីព​ចលនា​កម្មករ លោក​ប៉ាវ ស៊ីណា ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ Canteran ដែល​មាន​ទីតាំង​នៅ​ផ្លូវវេង​ស្រេង សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌដង្កោរ គឺ​ដោយសារ​ភាគី​រោងចក្រ បាន​ប្ដូរ​ថ្ងៃ​បើក​ប្រាក់ខែ ដែល​ធ្លាប់​បើក​ជា​ទៀងទាត់​នៅ​ថ្ងៃទី​៥ ឬ​ទី​៦ ទៅ​បើ​កនៅ​ថ្ងៃទី​១០ រៀងរាល់​ខែ​វិញ​។​

​លោក​ប៉ាវ ស៊ីណា​ បន្តថា ការលើក​ពេល​បើក​ប្រាក់ខែ​នេះ ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់ក​ម្មករ ដោយសារ​ពួក​គាត់​ត្រូវការ​ប្រាក់​ជា​ទៀងទាត់ ដើម្បី​យក​ទៅ​ទូទាត់​ថ្លៃ​ឈ្នួល​ផ្ទះ និង​ថ្លៃ​ម្ហូបអាហារ និង​ចំណាយ​ផ្សេងៗ​។​

VOD មិនអាច​ទាក់ទង​តំណាង​រោងចក្រ​Canteran ដើម្បី​សុំ​ការពន្យល់​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

​សូមជម្រាបថា កូដកម្ម​របស់​កម្មក​រ ​Canteran នេះ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​៣ ខែកក្កដា​។ តាម​លោក​ប៉ាវ ស៊ីណា ឲ្យដឹងថា ពួកគេ​នឹង​បន្តធ្វើ​កូដកម្ម​រហូតដល់​មាន​ដំណោះស្រាយ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles