ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី5 កក្កដា 2014
http://vodhotnews.com
សាលាដំបូងខេត្តកណ្ដាល កោះហៅប្រជាពលរដ្ឋប្រមាណជា ១៤ គ្រួសារ នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល តាមបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលចោទប្រជាពលរដ្ឋថា កាន់កាប់ដីក្រុមហ៊ុនខុសច្បាប់។
ពលរដ្ឋរងគ្រោះ អ្នកស្រី កែវ សំអ៊ុន ប្រាប់ VOD នៅរសៀលថ្ងៃសៅរ៍ទី៥ ខែកក្កដាថា គាត់បាននៅលើដីនោះ តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ហើយមិនបានលក់ឲ្យអ្នកណាទេ។ អ្នកស្រី បញ្ជាក់ជំហរថា នឹងចូលតាមដីកាកោះហៅនេះដើម្បីឆ្លើយបំភ្លឺការពារដីរបស់ខ្លួន។
មេឃុំពញាឮ លោក យូ ផាត់ មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះពិតជារស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល តាំងពីយូរយារមកហើយ និងមិនបានលក់ឲ្យក្រុមហ៊ុនទេ។ លោកបន្តថា តុលាការកោះហៅប្រជាពលរដ្ឋឲ្យចូលបំភ្លឺនៅថ្ងៃបន្តបន្ទាប់គ្នា គឺថ្ងៃទី ២១ ចំនួន ៤ គ្រួសារ ថ្ងៃទី ២២ ចំនួន ៣ គ្រួសារ ថ្ងៃទី ២៣ ចំនួន ៣ គ្រួសារ និងថ្ងៃទី ២៤ ខែ កក្កដា ១ គ្រួសារ។ លោកបន្តថា ក្នុងពាក្យបណ្តឹងក្រុមហ៊ុនក៏បានប្តឹងរូបលោកផ្ទាល់ផងដែរ ពីបទរំលោភកាន់កាប់ដីដោយចេតនា និងបទចោទមួយទៀតប្តឹងពីបទ មិនទទួលស្គាល់ប្លង់សុរិយោដី។ លោក យូ ផាត់ ឲ្យដឹងទៀតថា មូលហេតុដែលោកមិនទទួលស្គាល់ប្លង់ដីដែលក្រុមហ៊ុន បានបង្ហាញនោះ ព្រោះវាជាប្លង់ថតចម្លងប៉ុណ្ណោះ មិនមែនប្លង់ដើមទេ។
ពលរដ្ឋឲ្យដឹងថា ពួកគាត់ជាង ២០០ គ្រួសារ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ចាប់តាំងពីឆ្នាំ ១៩៧៩ ក្នុងដីទំហំ ៦៣ ហិកតា ហើយជម្លោះនេះចាប់ផ្តើមតាំងពីខែ ឧសភា ឆ្នាំ ២០១៤៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com