ដោយ សូត សុខប្រាថ្នា
2014-07-06
RFA
មនុស្សបីនាក់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ បានស្លាប់បន្តបន្ទាប់គ្នានៅក្នុងអណ្ដូងទឹក ឬអណ្តូងខ្នោះ ដែលមានជម្រៅប្រហែលជា ១០ម៉ែត្រ នៅរសៀលថ្ងៃទី៥ កក្កដា។
ជំទប់ទី២ នៅឃុំជ្រោយបន្ទាយ លោក នួន ឈា ឱ្យដឹងថា ហេតុការណ៍នៃការស្លាប់មនុស្សបីនាក់នេះ ផ្ដើមឡើយនៅពេលបុរសម្នាក់ឈ្មោះ សាយ ផល្លា អាយុប្រហែល ៣០ឆ្នាំ បានចុះទៅក្នុងអណ្ដូងទឹកដើម្បីយកឆ្កែបារាំងមួយក្បាលរបស់លោកដែលធ្លាក់ចូលនៅក្នុងនោះ។ ខណៈចុះទៅនោះ ក៏បានថប់ដង្ហើមស្លាប់តែម្ដង។ ដោយឃើញដូច្នេះ ម្ដាយរបស់លោក សាយ ផល្លា គឺអ្នកស្រី វ៉ាន់ សយ អាយុជាង ៦០ឆ្នាំ បានចុះទៅយកកូនតាមក្រោយ ហើយក៏បានស្លាប់ក្នុងអណ្តូងនោះម្នាក់ទៀត។ ក្រោយមកក៏មានអ្នកជិតខាងម្នាក់ទៀត ឈ្មោះ ឈួន ឆុំ ដែលទើបត្រឡប់មកពីរកត្រី ក៏បានចុះទៅតាម ដើម្បីជួយយកមនុស្សពីរនាក់ដែលចុះទៅមុន ហើយក៏បណ្ដាលឱ្យស្លាប់ទាំងបីនាក់តែម្ដង។
លោក នួន ឈា៖ «ដល់ទៅទាំងម្ដាយទៀត ឈ្មោះ ឈួន ឆុំ ថាមកពីរកត្រីទេ មកពីរកត្រីមកក៏ចុះទៅជួយទៀត ក៏សឺទៅទាំងអស់គ្នា។ ទៅគរគ្នា ដល់គរគ្នាអត់មានមនុស្សហ៊ានចុះ បងប្អូនជិតខាងក៏បោលយកម៉ាស៊ីនបូមទឹក អត់ហ៊ានចុះ ក៏យកម៉ាស៊ីនបូមទឹកបានឆ្កោកមនុស្ស។ បូមអាទឹកអស់ទៅតែពីរម៉ែត្រទេ។ បូមទៅឃើញមនុស្ស ក៏បានដាក់ឆ្កោកដាក់ឫស្សីទាក់ឆ្កោកយកមនុស្សយកមកមួយម្តងៗ»។
អាជ្ញាធរមិនទាន់ធ្វើការសន្និដ្ឋានថាយ៉ាងណានោះទេចំពោះករណីនេះ ប៉ុន្តែលោកយល់ថា អាចដោយសារតែក្នុងអណ្តូងមិនមានខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើម ទើបបណ្ដាលឱ្យថប់ខ្យល់ស្លាប់បែបនេះ។
សាកសពរបស់ជនរងគ្រោះទាំងបី ត្រូវបានគេតម្កល់នៅគេហដ្ឋានរៀងៗ ខ្លួននៅក្នុងឃុំជ្រោយបន្ទាយ ដើម្បីត្រៀមធ្វើបុណ្យទៅតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភ្លើងឆេះផ្ទះជិត១០ខ្នងនៅជិតផ្សារប៉េសេភ្នំពេញ
- មនុស្ស៧នាក់ស្លាប់ក្នុងអណ្ដូងទឹកនៅសៀមរាប
- មនុស្ស២នាក់ស្លាប់ដោយសារដាច់ហ្វ្រាំងឡានពេលចុះស្រឡាងអ្នកលឿង
- មនុស្ស១៥នាក់ស្លាប់និង៨នាក់របួសដោយសាររន្ទះបាញ់ក្នុងរយៈពេល៥ខែដើមឆ្នាំ
- អ្នកដោះមីន២នាក់ស្លាប់ដោយសារផ្ទុះគ្រាប់មីន
- ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ធម្មជាតិ
- មនុស្ស៤នាក់ស្លាប់និង៧នាក់របួសដោយសារខ្យល់ព្យុះនៅបាត់ដំបង
- តូបលក់ដូរប្រមាណ១៨តូបនៅផ្សារព្រៃវែងត្រូវភ្លើងឆេះ
- កម្ពុជាបញ្ជូនឧទ្ធម្ភាគចក្រ៤គ្រឿងនិងនាវា២គ្រឿងទៅជួយរកយន្តហោះម៉ាឡេស៊ី