ដោយ៖ ណុល ដារ៉ា
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com
ប្រធានសមាគមខ្មែរកម្ពុជាក្រោមអះអាងថា ខ្លួននឹងយកញត្តិទៅដាក់នៅស្ថានទូតនានាប្រចាំកម្ពុជា រួមទាំងស្ថានទូតវៀតណាមប្រចាំកម្ពុជាផង ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រពិតប្រាកដនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។
នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម នាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ លោក ថាច់ សេដ្ឋា ដែលជាប្រធានសមាគមនេះ មានប្រសាសន៍ថា ការរៀបចំវេទិកាសាធារណៈនេះធ្វើឡើង ដើម្បីប្រមូលចងក្រងឯកសារទាក់ទងនឹងទឹកដីខ្មែរក្រោម ហើយបង្ហាញឲ្យអន្តរជាតិបានជ្រាបពីប្រវត្តិពិតប្រាកដ នៃការបាត់បង់ទឹកដីនេះ។
ការព្រមានរបស់លោកថាច់ សេដ្ឋានេះ ធ្វើឡើងក្រោយពេលអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោកត្រឹង វ៉ានថុង កាលពីដើមខែមិថុនាកន្លងទៅ បានអះអាងប្រាប់អ្នកសារព័ត៌មានថា «បារាំងមិនបានកាត់ ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេតែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ»។
លោក ថាច់ សេដ្ឋា បានព្រមានថា បើអ្នកនាំពាក្យនោះមិនសុំទោសទេនោះនឹងមានការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម រហូតដល់រដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរជាសាធារណៈ។ លោកថាច់ សេដ្ឋា បន្តអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួម ធ្វើបាតុកម្មប្រឆាំងអាជ្ញាធរវៀតណាម ព្រោះប្រជាពលរដ្ឋខ្មែរទាំងអស់មិនអាចទទួលយកបាននូវការបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ពីសំណាក់អ្នកនាំពាក្យស្ថានទូតវៀតណាមរូបនោះបានទេ។
ការព្រមាននេះធ្វើឡើងស្របពេលដែលប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោកម៉ៅ ពិសេស ព្រមានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនៅថ្ងៃទី៨ ខែកក្កដា ឆាប់ៗខាងមុខនេះ ដើម្បីឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោសជាសាធារណៈ ចំពោះពាក្យសម្ដីដែលគេចាត់ទុកថា ជាការបំភ្លៃប្រវត្តិសាស្ត្រនេះ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com