ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com
ពលរដ្ឋនៅភូមិត្រុំ ឃុំឡាមិង ស្រុកបរកែវ ខេត្តរតនៈគិរី ចោទអាជ្ញាធរអនុវត្តច្បាប់នៅលើដីមានជម្លោះមានលក្ខណៈ លម្អៀងទៅខាងក្រុមហ៊ុនស្វិសរ៉ាប់បឺលិមីធិត ខណៈដីនោះស្ថិតក្នុងដីកាការពារ។
ពលរដ្ឋមានជម្លោះលោក លុន ភ័ក្ត្រា ប្រាប់ VOD ថា នៅពេលក្រុមហ៊ុនបានកាយដី និងជីកត្បូងលើដីមានជម្លោះ អាជ្ញាធរមិនដែលទប់ស្កាត់ទេ លុះដល់ពេលប្រជាពលរដ្ឋចូលរួមជីកត្បូងដែរ អាជ្ញាធរបែរជាចុះទៅបង្ក្រាបទាំងអស់។ លោកយល់ថា អាជ្ញាអនុវត្តច្បាប់លម្អៀងទៅខាងក្រុមហ៊ុន ហាក់បីដូចជាមិនមានយុត្តិធម៌សម្រាប់ពួកគាត់មានជម្លោះដូចគ្នា។ លោក បន្តថា លោកគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចទុកដីមានជម្លោះនោះជាតំបន់ដីរក្សាការពារ រង់ចាំដំណោះស្រាយ តែក្រុមហ៊ុន បានយារយីលើដីនោះរហូតមក។
អធិការស្រុកបរកែវ លោក ម៉ៅ សាន់ មានប្រសាសន៍យ៉ាងខ្លីថា ការចុះបង្ក្រាបនេះ គឺដើម្បីការពារដីមានជម្លោះនោះ ដោយរង់ចាំមានដំណោះស្រាយសិន។
ពលរដ្ឋឲ្យដឹងថា ដីនោះពួកគាត់បានកាន់កាប់តាំងពីឆ្នាំ ១៩៨៨ ក្នុងទំហំដីជាង ១០០ហិកតា ហើយមានជម្លោះតាំងពីឆ្នាំ ២០១០មកម្ល៉េះ រហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយសមរម្យណាជូនពួកគាត់ទេ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com