ដោយ៖ បូ សាវី
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការដាក់តាំងលក់វត្ថុអនុស្សាវរីយនៅក្នុងព្រះវិហារ (រូបថត៖ បូ សាវី)
មគ្គុទេសក៍ទេសចរណ៍មួយចំនួន នៅខេត្ដសៀមរាប រិះគន់ចៅអធិការវត្ដមួយ នៅខេត្ដនេះថា អនុញ្ញាតឲ្យក្រុមហ៊ុនចិន លក់វត្ថុអនុស្សាវរីយ នៅក្នុងព្រះវិហារ ខុសពីបទប្បញ្ញត្តិរបស់ពុទ្ធសាសនា។
អនុប្រធានមគ្គុទេសក៍ទេសចរ ខ្មែរអង្គរ ខេត្ដសៀមរាប លោក ធៀប ប៊ុនធិន ប្រាប់VODនៅថ្ងៃនេះថា រយៈពេលបីខែមកហើយ វត្ដពោធិវង្ស ហៅវត្ដថ្មី ឬហៅវត្ដអដ្ឋិស្មសាន្ដ ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប មានការតុទូរកញ្ចក់ជាច្រើនតាំងលក់វត្ថុអនុស្សាវរីយ ឲ្យភ្ញៀវទេសចរបរទេស នៅខាងមុខព្រះបដិមា ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លោកបន្ដថា ក្រុមភ្ញៀវទេសចរអន្ដរជាតិបានសួរលោកថា ហេតុអីបានជាលក់វត្ថុអនុស្សាវរីយនៅកន្លែងអ្នកបួសដូច្នេះទៅវិញ។
អនុប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹម មគ្គុទេសក៍ លោក ព្រហ្ម សុវណ្ណ ឲ្យដឹងថា វត្ថុអនុស្សាវរីយដែលដាក់តាំងលក់ទាំងនោះ មានគ្រឿងអលង្កា និងពុទ្ធរូបជាដើម ដែលវត្ថុទាំងនោះមានតម្លៃថ្លៃ ហើយមួយចំនួនជាវត្ថុក្លែងក្លាយ។ លោកថា ទីវត្តអារាម មិនមែនជាកន្លែងរកស៊ីលក់ដូរនោះទេ ការធ្វើដូច្នេះគឺខុសនឹងច្បាប់របស់ព្រះពុទ្ធសាសនា។

(រូបថត៖ បូ សាវី)
ករណីនេះ ព្រះចៅអធិការវត្ដពោធិវង្ស ហៅវត្ដថ្មី និងជា ព្រះអនុគណ ក្រុងសៀមរាប ព្រះតេជគុណ ឡាច លាង មានថេរដីកាថា វត្ថុអនុស្សាវរីយនោះជារបស់ក្រុមហ៊ុនចិន និងតៃវ៉ាន់ ហើយគ្រប់គ្រងដោយលោក នាក់ សំបូរ ដែលអះអាងខ្លួនឯងថា ជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាជំនួយការស្ថានទូតកម្ពុជា ថៃ។ ព្រះអង្គបន្ដថា លោកអនុញ្ញាតឲ្យក្រុមហ៊ុនដាក់តាំងលក់តែពុទ្ធរូបប៉ុណ្ណោះ។ ព្រះអង្គបញ្ជាក់ថា ក្រុមហ៊ុនមិនបានផ្ដល់កម្រៃដល់វត្ដឡើយ។
VODមិនអាចទាក់ទង លោក នាក់ សំបូរ ដែលចៅអធិការវត្ដថ្មី អះអាងថា ជាទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាជំនួយការស្ថានទូតកម្ពុជាថៃ ដើម្បីបំភ្លឺពីករណីនេះ បានទេ។
វត្ដពោធិវង្ស ហៅវត្ដថ្មី ឬហៅវត្ដអដ្ឋិស្មសាន្ដ មានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីប្រាសាទអង្គរវត្ដ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ទីអារាមនេះ ជាបូជនីយដ្ឋានប្រវត្ដិសាស្ដ្រដ៏សំខាន់ ដែលជាកន្លែងតម្កល់អដ្ឋិធាតុមនុស្សរាប់ពាន់នាក់ ដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ៨ខែ២០ថ្ងៃកន្លងមកនោះ។ ជាមួយគ្នានោះដែរនៅក្នុងព្រះវិហារ ក៏មានរូបគំនូរពុទ្ធប្រវត្ដិដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិផងដែរ។
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com