ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បញ្ជាក់ជំហរជាថ្មីថា ខ្លួនមិនចូលរួមប្រជុំអនុម័តសេចក្ដីព្រៀងច្បាប់ស្ដីពី បត្យាប័នរវាងកម្ពុជា និងវៀតណាម និងច្បាប់ថ្មីពីរផ្សេងទៀត នៅថ្ងៃចន្ទស្អែកនេះទេ។
សេកក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចុះហត្ថលេខាដោយលោក គង់ គាំ នៅថ្ងៃអាទិត្យទី ៦ ខែមិថុនា បានបដិសេធមិនទទួលស្គាល់ច្បាប់ថ្មីបីនេះ ដោយលើកឡើងថា ជាការអនុម័តដោយសភាឯកបក្ស មានតែក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលមិនទាន់ស្របច្បាប់ ដែលមិនបម្រើឲ្យផលប្រយោជន៍ពិតប្រាកដរបស់ជាតិ។ សេចក្ដីថ្លែងការណ៍បន្តថា ព្រឹទ្ធសភាគួរបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ជាអសារបង់ដូចមានចែងក្នុងមាត្រា ១១៣ ថ្មីនៃរដ្ឋធម្មនុញ្ញ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភា កាលពីថ្ងៃទី ៤ ខែ មិថុនា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបន្តកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ថ្មីបីនៅថ្ងៃទី ៧ ខែ មិថុនានេះ ដោយរបៀបវារៈទី១ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី២ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម និង ទី៣ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៥។
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com