Mon, 7 July 2014
មុំ គន្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អតីតអ្នកបើកបររបស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពី ខែមេសា បានអះអាងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានប្រកាសលទ្ធផលកាលពីថ្ងៃសុក្រសប្តាហ៍មុនសម្រេចឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញប៉ុន្តែក្រុមហ៊ុននឹងជំទាស់ទៅនឹងលទ្ធផលនេះ។
លោក យឹម គុយបា អនុប្រធានសហជីពដែលគ្រោងនឹងបង្កើតក្នុងក្រុមហ៊ុននេះ និងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ និងប្តឹងទៅតុលាការក្រុងកាលពី ខែមេសា កាលពីម្សិលមិញបានប្រាប់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានប្រកាសកាលពីថ្ងៃសុក្រសម្រេចឲ្យអតីតបុគ្គលិកចំនួន ១៥ នាក់ពីក្នុង ១៧ នាក់ចូលធ្វើការវិញ។
លោក គុយបា បន្ថែមថា៖ «បុគ្គលិកចំនួន ១៧ នាក់ដែលបានធ្វើការតវ៉ា ត្រូវបានក្រុមហ៊ុនបញ្ឈប់ ហើយយើងក៏បានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ដែលចុងបញ្ចប់ករណីនេះបានដាក់ទៅដល់ដៃក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការកាត់សេចក្តី»។
លោកបន្តថា ពួកគាត់មិនទាន់ដឹងថា តើក្រុមហ៊ុនព្រមទទួលយកពួកគាត់ឲ្យធ្វើការវិញឬអត់ទេ ហើយមិនដឹងថា តើក្រុមហ៊ុនប្រឆាំងទៅនឹងការប្រកាសរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលឬយ៉ាងណាទេ?
លោក គុយបា បានប្រាប់ថា៖ «ពួកខ្ញុំនឹងប្រជុំគ្នានៅថ្ងៃអង្គារដើម្បីពិភាក្សាគ្នាពីការសម្រេចនេះនិងពីមូលហេតុនៃការបដិសេធទៅលើបុគ្គលិកពីរនាក់មិនឲ្យចូលធ្វើការ។ យើងនឹងប្តឹងក្រុមហ៊ុនទៅតុលាការនិងធ្វើការតវ៉ាទៀត បើក្រុមហ៊ុនបដិសេធការសម្រេចនេះ»។
លោក យឹម គុយបា និយាយថា វាជាលទ្ធផលល្អរបស់ពួកគាត់ ដែលអាចត្រឡប់ទៅធ្វើការវិញ និងបានបង្កើតសហជីពក្នុងក្រុមហ៊ុននេះ ដើម្បីការពារបុគ្គលិកពេលមានបញ្ហាទាក់ទងនឹងការងារ។
តបទៅនឹងការបញ្ជាក់របស់លោក យឹម គុយបា នេះលោក ចាន់ សុផាន់ណា នាយកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភ្នំពេញសូរិយាបានបដិសេធពីការទទួលយកមនុស្ស ១៥ នាក់នេះចូលធ្វើការវិញ។
លោក សុផាន់ណា បានឲ្យដឹង កាលពីម្សិលមិញថា៖ «ខ្ញុំនៅមិនទាន់បានទទួលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅឡើយទេ ខាងនោះគេឲ្យយើងទៅយកលទ្ធផលនៅថ្ងៃចន្ទស្អែកនេះ ប៉ុន្តែការដែលឲ្យក្រុមហ៊ុនទទួលយកពួកគេមកធ្វើការវិញនោះ គឺខាងយើងមិនអាចទទួលបានទេ ដោយសារក្រុមហ៊ុនបានធ្វើការកាត់បន្ថយបុគ្គលិក ហើយយើងក៏បានលក់ឡានប្រមាណ ជា ៣០ ឡានហើយដែរ»។
លោក សុផាន់ណា បញ្ជាក់ថា ក្រុមហ៊ុនមិនមានការងារច្រើនទេ ទើបកាត់បន្ថយបុគ្គលិកខ្លះដោយសារគ្មានការងារ។ ក្រុមហ៊ុនរកស៊ីដើម្បីរកប្រាក់ចំណេញមិនមែនរកស៊ីដើម្បីខាតបង់នោះទេ។ លោកបន្តថា៖ «ប្រសិនលោកទទួលយកពួកគេចូលធ្វើការវិញ តើអ្នកណាជាអ្នកចំណាយលើប្រាក់ខែសម្រាប់ពួកគេ? បើខាងពួកគាត់ [ក្រុមប្រឹក្សាអាជ្ញាកណ្តាល] ជួយខ្ញុំសម្រាប់ការចំណាយបើកប្រាក់ខែពួកគាត់នោះយើងនឹងយល់ព្រម។ យើងនឹងធ្វើការបន្តប្តឹងទាស់បន្តទៅលើទៀត ប្រសិនបើខាងក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្ខំយើងឲ្យទទួលពួកគេ»៕