​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​បន្តធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com

បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមាណ​ជា​១០០​នាក់ នៅ​ភូម​ក្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច បន្ទាប់​ពី​ការចរចា​កាល​ពី​កន្លងទៅ​មិនទាន់​មាន​ដំណោះស្រាយ​។​

​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច រួមមាន ​១.​លុយ​ទ្រទ្រង់​សុខភាព​១០​ដុល្លារ ២.​ប្រាក់​បំណាច់​ឆ្នាំ ៣.​លុយ​ស្នាក់នៅ​១០​ដុល្លារ ៤.​លុយ​ធ្វើ​ដំណើរ​១៥​ដុល្លារ ៥.​បង្កើត​ច្បាប់​អំពី​ប្រេង និង​គ្រោះថ្នាក់ ៦.​កាត​វិភាគទាន​២​ពាន់​រៀល ៧.​ពេទ្យ​ប្រចាំការ ៨.​កាត ប​.​ស​.​ស ៩.​បើក​ច្រក​ផ្លូវចេញចូល​សម្រាប់​កម្មក​រ​ដើរ និង​១០.​សំណូមពរ​ឲ្យ​ដក​មេ ឈ្មោះ ទី វុទ្ថា និង​ប្តូរ​សន្តិសុខ​។

​លោក ប្រាក់ សុខា ដែល​អះអាងថា​ជា​តំណាង​បុគ្គលិក ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្មករ​ទាំងអស់​បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច ដោយសារ​កម្មករ​៣០​នាក់ ត្រូវបាន​ចោទ​ពី​ការ​លួច​ប្រេង និង​ត្រូវ​ផ្តល់​សំណង​ដល់​ក្រុមហ៊ុន​ចំនួន​៣០០​ដុល្លារ​។ លោក​បញ្ជាក់ ​«​កាលពី​ព្រឹក​មិញ​ភាគី​ខាង​ក្រុមហ៊ុន បាន​សន្យា​នឹង​ពិចារណា​លើ​លក្ខខណ្ឌ​ការងារ​មួយចំនួន ហេតុ​នេះ​កម្មករ​នៅតែ​បន្ត​ធ្វើ​កូដកម្ម និង​ពុំ​ព្រម​ចូល​ធ្វើការ​ឡើយ ព្រោះថា​ការសន្យា​នេះ​ទាន់​ជា​ដំណោះស្រាយ​»​។​

​ប្រធានការិយាល័យ​សម្អាត​ក្រុង និង​យានដ្ឋាន និង​តំណាង​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី លោក ងួន ស៊ី​ផេង មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​សម្របសម្រួល​ជាមួយ​បុគ្គលិក​ដែល​បាន​លួច​ប្រេង ដោយ​មិន​យក​សំណង​ពី​ពួកគាត់​ឡើយ និង​ផ្តល់​ប្រេង​ចំនួន​២​លីត្រ​ដល់​ពួកគាត់​។​ លោក​ថា ភាគី​ក្រុមហ៊ុន​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​៦​ចំណុច ប៉ុន្តែ​ចំណុច​មួយចំនួន​មិនមែន​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន ដូចនេះ​ទាមទារ​ទុក​រយៈពេល​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ការធ្វើ​កាត ប​.​ស​.​ស​ ជា​ដើម​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ធ្វើ​កូដកម្ម​ម្តង​ហើយ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច ក្នុងនោះ​មានការ​ទាមទារ​ដំឡើង​ប្រាក់ខែ​ផងដែរ​។ រាល់​ការទាមទារ​ម្តងៗ បុគ្គលិក​មិន​បាន​ចេញ​ទៅ​ប្រមូល​សំរាម​ធ្វើឲ្យ​សំរា​មគរ​ពេញ​រាជធានី​ភ្នំពេញ​៕

​សរសេរ​មកកាន់ បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles