ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋ ឃាតរថយន្តមិនឲ្យចាក់ដីលុបបឹង (រូបថត៖ ណាត សុភាព)
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកឯង ជាយរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ រារាំងរថយន្តដឹកដីរបស់ក្រុមហ៊ុនឯកជនឈ្មោះ មុំ មរកត អភិវឌ្ឍន៍ដីធ្លី មិនឲ្យចាក់ដីលុបបឹងធម្មជាតិ ដែលអ្នកភូមិចាត់ទុកថា ជាកន្លែងការពារទឹកលិចនៅរដូវវស្សា។
តំណាងប្រជាពលរដ្ឋ៥០គ្រួសារ នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ លោក គង់ ប៉ារ៉ាឌី ប្រាប់VODនៅកន្លែងតវ៉ានោះថា បឹងធម្មជាតិនោះ ជួយឲ្យមានខ្យល់អាកាសបរិសុទ្ធគ្រប់រដូវកាល និងមានសួនប្របមាត់ទឹកសម្រាប់លំហែកាយ ស្ទួចត្រី ចែវទូកកំសាន្តជាដើម។ លោកបន្តថា ពួកគាត់ជំទាស់ដាច់ខាតចំពោះគម្រោងលុបបឹងធម្មជាតិ នោះដើម្បីអភិវឌ្ឍ ដរាបណាមិនមានលិខិតអនុញ្ញាតពីរដ្ឋាភិបាល«សុំឲ្យមានច្បាប់ចេញពីរដ្ឋថាឲ្យលុប អាហ្នឹងលុបចុះ បើអត់មានទេ អត់ទាន់ឲ្យលុបបានទេ។ យើងប្រឆាំងទាំងអស់គ្នា គេអត់ឲ្យលុបទេ ព្រោះបឹងនេះ បឹងធម្មជាតិ។ សុំឲ្យដោះស្រាយឲ្យច្បាស់លាស់សិន»។
តំណាងក្រុមហ៊ុន មុំ មរកត អភិវឌ្ឍន៍ដីធ្លី លោក គឹម យុឃៀង បានបដិសេធនៅកន្លែងកើតហេតុថា តំបន់នោះមិនមែនជាបឹងធម្មជាតិទេ គឺគ្រាន់តែជារណ្តៅដែលក្រុមហ៊ុនជីកដីយកទៅសង់បុរីនៅតំបន់នោះតែប៉ុណ្ណោះ«បងចង់ឃាត់របៀបម៉េច ទៅប្តឹងទៅតុលាការរបៀបម៉េច? អាហ្នឹងនៅលើបងប្អូនទេ សុំឲ្យបងប្អូនដោះស្រាយឲ្យបានលឿន បើដោះស្រាយមិនលឿន ខ្ញុំបន្តចាក់»។
មន្ត្រីផ្នែកច្បាប់របស់លេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ណន អូនី ដែលតាមដានករណីនេះ លើកឡើងថា អាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវកោះហៅភាគីទាំងពីរ មកដោះស្រាយតាមច្បាប់ ដើម្បីបញ្ចប់ជម្លោះ«ក្នុងនាមសង្គមស៊ីវិល យើងចង់ឲ្យអាជ្ញាធរដែនដី អនុវត្តច្បាប់ដែលយើងកំពុងមានជាធរមាន ក៏ប៉ុន្តែបើសិនជាអាជ្ញាធរដែនដី មិនអើពើ ហើយបណ្តោយឲ្យប្រជាពលរដ្ឋ និង[ម្ចាស់]បុរីបង្កឲ្យមានជម្លោះរហូតមានហិង្សា ខ្ញុំគិតថា អាជ្ញាធរដែនដីហាក់បីដូចមិនបានបំពេញកាតព្វកិច្ចរបស់ខ្លូន ក្នុងនាមជាអ្នកដែលទទួលខុសត្រូវលើគោលដៅរបស់ខ្លួន»។
ចៅសង្កាត់ខណ្ឌមានជ័យ លោក នេត សារ៉ែន មានប្រសាសន៍ថា លោកនឹងដោះស្រាយជូនប្រជាពលរដ្ឋ តែត្រូវមានការសម្រេចពីថ្នាក់លើជាមុនសិន «ក្នុងករណីនេះ ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នា ក្នុងករណីដែលខ្ញុំទទួលទំហំហ្នឹង ក៏ខ្ញុំត្រូវរាយការណ៍ទៅអភិបាលខណ្ឌដែរ ព្រោះទំហំធំ ព្រោះមិនមែនជាម្នាក់ទល់និងម្នាក់ទេ រង់ចាំលោកអភិបាលមានគោលការណ៍ ថ្នាក់លើមានគោលការណ៍យ៉ាងម៉េច ណែនាំឲ្យខ្ញុំអនុវត្តបែបណា អាហ្នឹងខ្ញុំគោរពទៅតាមថ្នាក់លើ តាមហូរហែអញ្ចឹង កាលណាខ្ញុំធ្វើអ្វីផ្តេសផ្តាសគេនឹងប្តឹងខ្ញុំ [បើ]ខាតប្រយោជន៍គេ»។
លោក នេត សារ៉ែន បញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ នៅតំបន់នោះគេហៅថា បឹងស្លាបចង្វា ហើយមានប្រជាពលរដ្ឋចំនួន៤ភូមិ ប្រើប្រាស់បឹងនេះ ដើម្បីធ្វើស្រែ។ តែនៅឆ្នាំ១៩៨៩ រដ្ឋាភិបាលបានកែប្រែគោលនយោបាយទីផ្សារសេរី ក៏បានកាត់ដីនោះធ្វើជាលំនៅឋានទៅវិញរហូតមកដល់ពេលបច្ចុប្បន្ននេះ។
យ៉ាងនេះក្តី ពលរដ្ឋអះអាងថា បឹងធម្មជាតិឈ្មោះ បឹងត្រាំរត ជាប់នឹងបឹងស្រលន ជាបឹងរក្សាទឹកដ៏សំខាន់មួយ សម្រាប់ការពារទឹកលិចនៅរដូវវស្សា ដែលមានទឹកជម្រៅ១២ម៉ែត្រ លើដី៤ហិកតា ក្នុងចំណោមផ្ទៃដីសុរបជាង២០ហិកតា៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com