ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អង្គការជាតិ និងអន្តរជាតិ សម្ដែងការខកចិត្ត ដែលធនាគារANZ មិនបានជំរុញឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ផ្តល់សំណងជូនប្រជាពលរដ្ឋ ដោយសារក្រុមហ៊ុនស្ករមួយនេះបានដកហូតយកដីធ្លី និងបណ្តេញប្រជាពលរដ្ឋចេញទាំងបង្ខំតាំងពីឆ្នាំ២០១០។
លិខិតរួមគ្នារបស់ អង្គការសមធម៌កម្ពុជា និងអង្គការអាយឌីអាយ(IDI) នៅសហរដ្ឋអាមេរិក ចុះផ្សាយនៅថ្ងៃចន្ទទី៧ខែកក្កដានេះបានសរសេរថា ធនាគារ ANZ ផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនស្ករអំពៅនៅកម្ពុជាឈ្មោះ ភ្នំពេញស៊ូហ្គ័រ ដោយពុំបានដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងលើប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លិខិតបន្តថា ចម្ការអំពៅមានទំហំប្រមាណ ២ម៉ឺន៣ពាន់ហិកតា ត្រូវបានដាំនៅតំបន់មានការរំលោភដីធ្លីយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋច្រើនជាង១០០គ្រួសារ ត្រូវបណ្តេញចេញពីផ្ទះទាំងបង្ខំ និងដកហូតយកដីស្រែចម្ការ។
អង្គការទាំង២នេះរកឃើញថា ចម្ការអំពៅនេះ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មលើកុមារ ការចាប់ខ្លួនដោយបំពាន និងការគំរាមកំហែងអ្នកភូមិ ព្រមទាំងមានលក្ខខណ្ឌការងារគ្រោះថ្នាក់ បណ្តាលឲ្យកម្មករជាច្រើននាក់បាត់បង់ជីវិត។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាន៍ថា ធនាគារនេះ មានលក្ខខណ្ឌចំពោះអតិថិជនរបស់ខ្លួន ដោយតម្រូវឲ្យធ្វើការសិក្សាពីផលប៉ះពាល់ មុនធ្វើការដោះដូរជូនប្រជាពលរដ្ឋ និងគោរពគោលការណ៍សិទ្ធិមនុស្សជាដើម។ លោកថា ANZ គួរតែជំរុញឲ្យ ក្រុមហ៊ុនស្ករសររបស់លោក លី យ៉ុងផាត់ ផ្តល់សំណងដល់ពលរដ្ឋ
«ANZ ដែលជាធនាគារមួយដែលផ្តល់លុយ អីចឹងខ្លួនក៏មានជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស ចឹងខ្លួនមិនអាចដកខ្លួនចេញបានទេ។ ខ្លួន[ANZ] ត្រូវចូលរួមការដោះស្រាយជាមួយក្រុមហ៊ុន និងប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់»។
លោក អៀង វុទ្ធី បញ្ជាក់ថា ចម្ការអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ក្នុងនោះប្រជាពលរដ្ឋជាង១០០គ្រួសារត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងទាំងបង្ខំ។
នាយកគ្រប់គ្រងអង្គការអាយ ឌី អាយ លោក ដេវី ប្រេដ ត្រូវបានដកស្រង់សម្ដីមកសរសេរក្នុងលិខិតនេះថា ធនាគារANZ មានកាតព្វកិច្ចទទួលខុសត្រូវចំពោះប្រជាពរដ្ឋ ដែលដីធ្លីរបស់ពួកគេ ត្រូវបានរំលោភយក។
លោក ដេវី ប្រេដ បន្ថែមថា ប្រសិនបើ ក្រុមហ៊ុន ភ្នំពេញស៊ូហ្គ័រ បដិសេធក្នុងការសងសំណងចំពោះផលប៉ះពាល់នេះ ធនាគារ ANZ គួរតែផ្តល់សំណងដល់ជនរងគ្រោះទាំងនោះ។
នៅថ្ងៃចន្ទនេះ vod មិនទាន់អាចសុំការអធិប្បាយពីធនាគារ ANZ ជុំវិញការលើកឡើងរបស់អង្គការទាំងពីរនេះបាននៅឡើយទេ។
នៅឆ្នាំ២០១០ និងឆ្នាំ២០១១ ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ (Phnom Penh Sugar Co.LTD) របស់លោក លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ទំហំប្រហែល៩ពាន់ហិកតា នៅក្នុងស្រុកថ្ពង និងជាង១៣,៧៥២ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
សូមសរសេរមកកាន់កញ្ញា ថុល ស្រីលក្ខណ៍ តាមរយៈ chornsreynoch@vodhotnews.com