ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
កងរាជអាវុធហត្ថលើផ្ទៃប្រទេសថា ការចេញសេចក្ដីជូនដំណឹងហាមទូរទស្សន៍មួយចំនួនផ្សាយបន្តពីទូរទស្សន៍បរទេស នូវព្រឹត្តការណ៍បាល់ទាត់ពិភពលោក ដោយគ្មានការអនុញ្ញាតពី FIFA ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រាប់VODថា កងរាជអាវុធហត្ថចេញសេចក្ដីជូនដំណឹងនោះ ដោយសារមានពាក្យបណ្ដឹងសុំអន្តរាគមន៍ពីទូរទស្សន៍CTN និង MYTV ដាក់មកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបញ្ជាក់ពីការរំលោភសិទ្ធិរបស់ទូរទស្សន៍មួយចំនួន ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ទោះយ៉ាងណាក្ដី លោក ខេង ទីតូ បញ្ជាក់ថាការអន្តរាគមន៍ក្នុងករណីនេះ មិនបានរំលោភទៅលើដែនសមត្ថកិច្ចរបស់ក្រសួងដទៃនោះទេ ព្រោះកងរាជអាវុធហត្ថមានតួនាទីទទួលយកបណ្ដឹង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់រូប ស្របទៅតាមនីតិវិធីច្បាប់។
សេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទូរទស្សន៍ដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ។
មន្ត្រីក្រសួងព័ត៌មានម្នាក់សុំមិនបញ្ចញឈ្មោះ និងសំឡេង ឲ្យVODដឹងថា ក្រសួងព័ត៌មានក៏បានទទួលនូវពាក្យបណ្ដឹងរបស់ទូរទស្សន៍ CTN និង MYTV ដូចគ្នា ហើយបានឲ្យភាគីរងបណ្ដឹងស្រាយបំភ្លឺក្នុងករណីនេះដែរ។ ប៉ុន្តែលោកយល់ឃើញថា ដោយសារចំណាត់ការរបស់ក្រសួងមានការយឺតយ៉ាវ ទើបខាងភាគីបណ្ដឹងស្នើសុំអន្តរាគមន៍ពីខាងកងរាជអាវុធហត្ថវិញ។
VOD មិនអាចទាក់ទងអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ CTN និង MyTV ដើម្បីសុំការបំភ្លឺទាក់ទងនឹងករណីនេះបាននៅឡើយទេ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការចេញលិខិតអន្តរាគមន៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធនឹងករណីនេះ គឺមិនត្រឹមត្រូវតាមដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។ លោកចាត់ទុកថា ករណីនេះគួរតែក្រសួងព័ត៌មានជាអ្នកមានសមត្ថកិច្ចអន្តរាគមន៍ស្របតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី០៤ ខែកក្កដា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតជូនដំណឹងមួយ ដោយមានហត្ថលេខាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វង្ស ពិសេន ស្នើឲ្យប៉ុស្តិ៍ទូរទស្សន៍មួយចំនួនក្នុងប្រទេសកម្ពុជា បញ្ឈប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤ តាមការស្នើសុំរបស់ទូរទស្សន៍ CTN និង MYTV៕
សូមសរសេរមកលោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com