ដោយ សូត សុខប្រាថ្នា
2014-07-09
RFA

ពលរដ្ឋដែលរងគ្រោះដោយជនមិនស្គាល់មុខដុតនិងកាប់បំផ្លាញទូករបស់ពួកគាត់ នាំគ្នាមកប្តឹងសមាគមអាដហុក ខេត្តកំពង់ចាម កាលពីថ្ងៃទី៦ កក្កដា ២០១៤។ RFA/Saut Sokprathna
ប្រជាពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រួយបារម្ភទៅនឹងសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីពួកគាត់បានចេញបង្រ្កាបបទល្មើសនេសាទជាមួយអាជ្ញាធរជំនាញជលផលក្នុងឃុំជាច្រើនលើកច្រើនសា។
ក្រោយពីពេលនោះមក ទ្រព្យសម្បត្តិរបស់ពួកគាត់ត្រូវបានជនមិនស្គាល់មុខបំផ្លាញជាបន្តបន្ទាប់។ អាជ្ញាធរមិនទាន់កំណត់មុខសញ្ញាឱ្យច្បាស់ចំពោះការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកគាត់អះអាងថា អាចពាក់ព័ន្ធនឹងជនប្រព្រឹត្តបទល្មើសនេសាទនៅទីនោះ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយជនមិនស្គាល់មុខបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ជុំវិញការបំផ្លាញទ្រព្យសម្បត្តិ រួមមានទូក ម៉ាស៊ីន និងឧបករណ៍នេសាទកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក យីម ទិត មានប្រសាសន៍ថា កន្លងមកលោកធ្លាប់ចូលរួមសហការជាមួយមន្រ្តីជំនាញផ្នែកជលផល និងអាជ្ញាធរឃុំដើម្បីនាំផ្លូវចុះបង្ក្រាបបទល្មើសនេសាទជាហូរហែនៅក្នុងបឹងមួយឈ្មោះ បឹងធំ។
លោកបន្តថា គ្រាន់តែនៅក្នុងមិថុនា លោកបានចុះបង្រ្កាបបទល្មើសនេសាទបាន ដូចជាអូសអួនវង់ធំ ការដាក់ស្បៃមុងក្រឡាញឹក ប្រមាណជា ៣ដងក្នុងមួយខែ ស្រាប់តែនៅយប់ថ្ងៃទី៥ កក្កដា ទូករបស់លោកនិងសម្ភារៈនេសាទមួយចំនួនត្រូវបានជនមិនស្គាល់មុខដុតបំផ្លាញទាំងស្រុង។ ក្នុងយប់ដដែលនោះ ទូកអ្នកជិតខាងលោក ២ផ្សេងទៀត ដែលដាក់ជិតគ្នាជាមួយទូកលោក ក៏ត្រូវបានជនមិនស្គាល់មុខយកទៅកាត់ជាច្រើនកំណាត់ដែរ។
លោក យីម ទិត៖ «ខ្ញុំសំណូមពរទៅមន្ត្រីប៉ូលិសនិងអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជលផលឱ្យជួយវែកមុខរកជនដែលបានបំផ្លិចបំផ្លាញរបស់ខ្ញុំហ្នឹង។ បើរកឃើញជនហ្នឹង ខ្ញុំនឹងជួយចុះបង្ក្រាបជាមួយមន្ត្រីប៉ូលិសជលផលដល់ទីបញ្ចប់»។
បើទោះបីជាមានការគំរាមកំហែងដោយរូបភាពបំផ្លាញទ្រព្យសម្បត្តិនេះក៏ដោយ ក៏លោកនឹងនៅតែបន្តធ្វើសកម្មភាពចូលរួមបង្រ្កាបបទល្មើសបន្តទៀត ព្រោះប្រជាពលរដ្ឋភាគច្រើននៅក្នុងឃុំរបស់លោក គឺពឹងអាស្រ័យលើផលនេសាទជាលក្ខណៈគ្រួសារ ប៉ុន្តែប្រសិនផលត្រីទាំងនោះត្រូវបានបំផ្លាញដោយការនេសាទខុសច្បាប់ នោះប្រជាពលរដ្ឋច្បាស់ជាត្រូវចំណាកស្រុកមិនខាន។
ប្រធានសហគមន៍នេសាទបឹងធំ ឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា លោកក៏ធ្លាប់ត្រូវជនមិនស្គាល់មុខកាត់ទូកនេសាទជាច្រើនកំណាត់ដែរ កាលពីពេលកន្លងទៅ។ លោកបញ្ជាក់ថា ការកាត់ទូកនោះ គឺក្រោយពេលដែលគាត់ចេញមុខបង្រ្កាបបទល្មើសនេសាទបានមួយថ្ងៃ ហើយក្រោយមកលោកមិនសូវហ៊ានចេញមុខបង្រ្កាបទៀតនោះទេ។ បញ្ហានេះធ្វើឱ្យលោកស្ទើរតែមិនហ៊ានដើរចេញពីផ្ទះផងនៅពេលយប់ប្រលប់ ពីព្រោះខ្លាចមិនមានសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ម៉ុន ឆៃលាង៖ «សហគមន៍ក៏គ្មានន័យអី អ៊ីចឹងស្រាវជ្រាវបញ្ហាហ្នឹង ប្រសិនបើមិនចាប់អាពួកបទល្មើសមិនបានទេ ផ្តន្ទាទោសវាទេ យើងក៏ពិបាកដែរ វាអត់រាងចាល។ ធ្វើហើយ យើងអត់ធ្វើវា… ថ្ងៃក្រោយទៅខ្លាចវាហ៊ានដល់ទៅសម្លាប់មនុស្ស»។
នាយប៉ុស្តិ៍រដ្ឋបាលឃុំមៀន លោក យឹម សុខុន ឱ្យដឹងថា ពួកគាត់កំពុងធ្វើស្រាវជ្រាវវែកមុខរកជនដែលបានប្រព្រឹត្តតាមរយៈការប្ដឹងរបស់ជនរងគ្រោះ។ លោកបន្ថែមថា រឿងដែលសំខាន់នាំឱ្យមានការបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈនេសាទនេះ ប្រហែលជាមានការមិនពេញចិត្តពីសំណាក់ជនប្រព្រឹត្តបទល្មើសនេសាទនៅទីនោះ ។
លោក យឹម សុខុន៖ «កំពុងស្រាវជ្រាវ ព្រោះមុខសញ្ញាមានច្រើន ដោយសារ យីម ទិត ហ្នឹង គាត់ធ្លាប់បានសហការជាមួយខាងខ្ញុំ និងខាងជលផលដើម្បីបង្ក្រាបក្នុងរយៈពេលមួយខែនៅក្នុងបឹងធំ ហ្នឹងបានច្រើន។ អ៊ីចឹងមុខសញ្ញាមានត្រើយកើតផង មានកំពង់សំណាញ់ផង និងកំពង់សំរិទ្ធផង»។
មន្រ្តីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម លោក នាង សុវ៉ាត មានប្រសាសន៍ថា ជាការល្អប្រសើរគប្បីទាំងអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរជំនាញតាមស៊ើបអង្កេតចាប់ជនប្រព្រឹត្តទាំងនោះមកផ្តន្ទាទោស។ ជាងនេះទៅទៀត មន្ត្រីជំនាញគប្បីចូលរួមជួយឧបត្ថម្ភពួកគាត់ជាអ្នករងគ្រោះនូវឧបករណ៍ដែលបានបាត់ និងខូចខាតទៅនោះ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ក្នុងការចូលរួមសហការបង្រ្កាបបទល្មើសនេសាទតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលនិងប្រជានេសាទបារម្ភពីធនធានជលផលធ្លាក់ចុះ
- នាយករដ្ឋមន្ត្រីក្រើនរំលឹកជាថ្មីឲ្យមន្ត្រីយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទ
- ប្រជានេសាទរិះគន់ទិវាមច្ឆជាតិឆ្នាំ២០១៤ថាគ្រាន់តែល្អមើល
- មេប៉ុស្តិ៍បាត់ខ្លួននៅស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅតែគ្មានតម្រុយ
- អភិបាលខេត្តកំពង់ធំអះអាងថាត្រីងាប់នៅបឹងទន្លេឆ្មាមិនមែនដោយសារជាតិពុល
- បទល្មើសនេសាទកើនឡើងនៅខេត្តកំពង់ចាម
- អ្នកភូមិនៅកំពតចាប់វៀតណាមនេសាទខុសច្បាប់១៣នាក់
- ពលរដ្ឋនៅកំពង់ឆ្នាំងអស់ជំនឿលើអាជ្ញាធរជុំវិញការបង្ក្រាបបទល្មើសនេសាទ
- ពលរដ្ឋនៅពោធិ៍សាត់រិះគន់អាជ្ញាធរថាមិនអើពើទប់ស្កាត់ការជីកស្រះចិញ្ចឹមត្រីឆ្ដោរ