សារ៉ាយ សក្ខណា មិន​អាច​វិល​មក​ទាន់​គម្រោង

តារាសម្តែងនាង សារ៉ាយ លក្ខណា។

តារាសម្តែងនាង សារ៉ាយ លក្ខណា។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នកស្រី ផាន់ សម្ផស្ស ធ្លាប់​បាន​អះអាង​ដោយ​ភាព​ប្រាកដប្រជា ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា «ដ្បិត​បើ សក្ខណា ទើប​ចេញ​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​នាង​នឹង​មាន​សិទ្ធិ​អាច​ចុះ​ឡើង​មក​ស្រុក​ខ្មែរ​បាន​នៅក្នុង​ខែ​ខាង​មុខ (បើ​មិន​ចុង មិថុនា ដើម​ខែ​កក្កដា) ដើម្បី​ថត​ភាពយន្ត​ខ្នាត​ធំ។ ប៉ុន្តែ​នៅពេល​នេះ​មាន​ការ​ចោទសួរ​ថា តើ​ប្រាកដ​ទេ ថា សក្ខណា នឹង​មិន​ធ្វើឲ្យ​ម្ចាស់​ផលិតកម្ម​ខក​ចិត្ត​?

ម្តាយ​តារាស្រី​រូប​នោះ​បាន​អះអាង​ទៀត​ថា ដោយសារ​មាន​ប្តី​ជា​មេធាវី​រត់​ឯកសារ​ឲ្យ​គ្រប់​យ៉ាង ដូច្នេះ សក្ខណា នឹង​ឆាប់​ទទួល​បាន Green Card។ អ្នកស្រី​បន្ត​ថា បើ​បាន​ភ្លាម សក្ខណា នឹង​ស្រូត​រួតរះ​ឡើង​យន្តហោះ​មក​ស្រុក​ខ្មែរ​ភ្លាម​ដែរ»។

ដំណើរ​ចង់​វិល​មក​ស្រុក​កំណើត​បែប​អន្ទះសា ក្រោយពី​វេចសម្ពាយ​ចេញ​ទៅ​រស់នៅ​ទឹកដី​មហាអំណាច​សម្បូរ​ដុំ​ដុល្លារ ដើម្បី​រួមរស់​ជាមួយ​ប្តី ប្រមាណ​មិន​ទាន់​កន្លះ​ឆ្នាំ​ស្រួលបួល​របស់​តារាសម្តែង​សម្រស់​ស៊ីកាមេរ៉ា ម្ចាស់​ពាន​អាណាចក្រតារា​ផ្នែក​តារា​មាន​ប្រជាប្រិយ អ្នកនាង សារ៉ាយ សក្ខណា ត្រូវ​បាន​ម្តាយ​នាង​អះអាង​ថា មិនមែន​មក​ក្នុង​ដំណើរ​នឹក​ស្រុក​នឹក​ម្តាយ ឬ​មាន​បញ្ហា​អ្វី​ក្នុង​ជីវិត​នោះ​ទេ ពោល​គឺ​នាង​មក​ដើម្បី​ថត​រឿង​។

អ្នកស្រី​សម្ផស្ស បាន​បញ្ជាក់​ថា៖ «​សក្ខណា មក​ទទួល​តំណែង​ថត​ភាពយន្ត​ដុំ ជា​តួឯក​ដល់​ទៅ​ពីរ​រឿង​ជាប់​គ្នា​ទៀត​ផង ព្រោះ​ផលិតកម្ម ចាំបាច់​ត្រូវការ​នាង»។

ប៉ុន្តែ​ជាមួយ​ការ​សាទរ​ទាំង​ផលិតករ និង​អ្នក​រង់ចាំ​ទស្សនា​ចំពោះ​វត្តមាន​តារា​រូប​នេះ​សម្តែង​ជាថ្មី​នោះ ស្រាប់តែ​លេច​ដំណឹង​ខកចិត្ត​ថា តារា​រូប​នេះ​មិន​អាច​វិល​មក​ស្រុក​កំណើត​ទទួល​តំណែង​នេះ បាន​តាម​ការ​គ្រោង​ទុក​ឡើយ។ ជុំវិញ​ការ​ខក​ដំណើរ​មិន​បាន​វិល​តាម​ការ​ប្រកាស​នោះ អ្នកស្រី ផាន់ សម្ផស្ស ប្រាប់​ថា៖​«សក្ខណា មិន​អាច​មក​ស្រុក​ខ្មែរ​បាន​តាម​ការ​គ្រោង​ទុក​នោះ​ទេ»។

អ្នកស្រី​សម្ផស្ស​ឲ្យ​ដឹង​ថា៖​«​ដំបូង សក្ខណា ត្រូវ​ទទួល Green Card ដែល​ជា​ឯកសារ​អាច​ឡើង​ចុះ​សហរដ្ឋអាមេរិក​ដោយ​សេរី មុន​ទទួល​សញ្ជាតិ​អាមេរិក តាំងពី​អំឡុង​ខែ​មុន ម្ល៉េះ ដោយសារ​តែ​មាន​ស្វាមី​នាង ជា​មេធាវី គាត់​ជា​អ្នក​ដាក់​ពាក្យ​រត់​ច្បាប់​ឲ្យ សក្ខណា។ ប៉ុន្តែ​ពេល​នេះ Green Card ដែល​ត្រូវ​ចេញ​ឲ្យ សក្ខណា ដែល​រំពឹង​ធ្លាក់ ខែ​កក្កដា ត្រូវ​ខាង​មន្រ្តី​អាមេរិក​ពន្យារពេល​ចេញ​ឲ្យ»។

យ៉ាងណា​ក៏ដោយ មិន​ត្រូវ​បាន​អ្នកស្រី សម្ផស្ស យល់​ថា នោះ​ជា​កំហុស​កូនស្រី​ខ្លួន​ឡើយ ដោយ​អ្នកស្រី​ដាក់​បញ្ហា​នោះ បង្ក​ឡើង​ពី​មន្ត្រី​អាជ្ញាធរ​របស់​សហរដ្ឋអាមរិក ទើប​ធ្វើឲ្យ​កូន​ខក​គម្រោង​មក​ថតកុន​ដែល​ត្រូវ​គេ​ដឹងឮ​ភាគច្រើន​រួច​ទៅ​ហើយ​នោះ។

ជាមួយ​គ្នា​នោះ​ស្រី​សម្ផស្ស ក៏​អះអាង​ផង​ដែរ ថា​ចំពោះ​ដំណើរ​ខកខាន​មិន​បាន​មក​ថតកុន​តាម​ការ​ចង់​បាន​របស់​ផលិតកម្ម​នោះ ក៏​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ដែរ។ អ្នកស្រី​ប្រាប់​ថា៖​«មិន​មាន​ការ​ចុះ​កុងត្រា​អ្វី​នោះ​ទេ ពួកយើង​និយាយ​គ្នា​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះ​»៕


What Next?

Recent Articles