ដោយ៖ ឡាយ សាមាន និង ស៊ុន ណារិន
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
ជនរងគ្រោះដែលនៅរស់រានពីការធ្លាក់ឧទ្ធម្ភាគចក្រ មិនអាចបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការធ្លាក់ឧទ្ធម្ភាគចក្របាននៅឡើយទេ ដោយហេតុផលថាឧបទ្ទវហេតុនោះ កើតឡើងលឿនពេក ដែលមិនអាចចងចាំបាន។
លោក ចេង សុខសំបូរ ដែលជាជនរងគ្រោះ មិនត្រូវបានអនុញ្ញាតឲ្យចូលជួបដោយផ្ទាល់ដើម្បីសាកសួរ នៅមន្ទីរពេទ្យកាល់ម៉ែត្រទេ តែសាច់ញាតិរបស់លោកបានផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន។
បងប្អូនជីដូនមួយរបស់ជនរងគ្រោះ លោក សល សេរី ដែលកំពុងនៅថែទាំលោក ចេង សុខសំបូរ ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថា ពេលយន្តហោះធ្លាក់ភ្លាមនោះ ជនរងគ្រោះក៏បានងើបផុតចេញពីលើទឹក បន្ទាប់មកស្រវ៉េស្រវ៉ាតោងឡើងហែលចេញ ទើបគាត់នៅមានជីវិត។ លោកបន្តថា ដោយសារអ្នកជំងឺអស់កម្លាំងទើបវេជ្ជបណ្ឌិតចាក់ថ្នាំងងុយដេក ដើម្បីបំបាត់ការឈឺចាប់ ហើយមិនអាចផ្តល់ព័ត៌មានដោយផ្ទាល់បាន។
លោក សល សេរី បញ្ជាក់ថា«…ព្រោះពួកយើងក៏អត់ទាន់ជជែកជាមួយគាត់ច្រើន គ្រាន់គាត់ប្រាប់ថា មួយភ្លែតដែលគាត់ចុះទៅ គាត់ក៏ងើបផុសមកវិញ បើតាមគាត់បាននិយាយ ហើយងើបផុសមកវិញគាត់ក៏ស្រវ៉េស្រវ៉ាតោង ហើយមានអ្នកស្រុកជួយនៅហ្នឹង»។លោក ចេង សុខសំបូរ ជាសិស្សរៀនហ្វឹកហាត់ ក្នុងពេលឧទ្ធម្ភាគចក្រធ្លាក់។
បើតាមលោក សល សេរី វេជ្ជបណ្ឌិតលើកឡើងថា លោក ចេង សុខសំបូរ មានរបួសផ្នែកខាងក្រៅដោយបែកក្បាល ដៃ ជើង និងខ្លួន តែមិនមានប៉ះពាល់ផ្នែកខាងក្នុងខ្លួនទេ។
VOD មិនទាន់អាចទាក់ទង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីបញ្ជាក់ពីមូលហេតុនៃការធ្លាក់កឧទ្ធម្ភាគចក្របាននៅឡើយទេ នៅថ្ងៃអង្គារនេះ។
លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សន្និដ្ឋានដំបូងនៅកន្លែងឧទ្ធម្ភាគចក្រធ្លាក់ថា មូលហេតុនៃឧបទ្ទវហេតុ ដោយសារតែគាំងម៉ាស៊ីន។
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ បានបណ្តាលឲ្យមនុស្ស៤នាក់បានស្លាប់ និង១នាក់រងរបួស និងត្រូវជួយសង្គ្រោះទាន់ពេល។ តាមក្រដាសស្រង់ឈ្មោះពីកន្លែងកើតហេតុ ឲ្យដឹងថាមនុស្សទាំង៥នាក់នោះ មានឈ្មោះ អ៊ុក ប៉ុណ្ណាហា អៀង ចាន់ណារិទ្ធ ,ថន វ៉ាន់ឌី ,ខាំ ប៊ុនណាន និងចេង សុខសំបូរ ដែលនៅរស់រានមានជីវិត។
សាកសពដែលត្រូវបានស្រង់ពីទឹក មានស្លាកស្នាមរបួស និងឈាមលើដៃ និងរាងកាយ និងត្រូវបានរកឃើញទាំងជាប់ខ្សែក្រវ៉ាត់ការពារនឹងកៅអី។
ឧទ្ធម្ភាគចក្របានធ្លាក់ក្នុងរណ្តៅធំ និងជ្រៅមួយ នៅម្តុំពន្ធនាគារព្រៃស ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃចន្ទ ទី១៤ខែកក្កដា ឆ្នាំ២០១៤៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com
