សេត គឹមសឿន
Tue, 15 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ «អ្នកម្តាយកម្សត់» គឺជាចំណងជើងនៃបទចម្រៀង ដែលរំលេចឡើងក្រោមស្នាដៃផ្ទាល់ជាលើកដំបូង របស់តារាចម្រៀង ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ក្រោយពេលដែលម្តាយរបស់តារារូបនេះបានលាចាកលោកកាលពីពេលថ្មីៗនេះ។
តារាចម្រៀងល្បីមានរូបឆោមលោមពណ៌ស្រស់ឆើតមានកំណើតលើទឹកដីខេត្តកំពង់ស្ពឺ ដែលកំពុងជ្រកក្រោមដំបូលផលិតកម្មសាន់ដេ នាង អ៊ីវ៉ា បានពើបប្រទះនឹងជីវិតទុក្ខសោកផ្ទួនៗ។ ក្រោយពីអ្នកម្តាយជាទីស្រឡាញ់ទើបតែទទួលមរណភាពឃ្លាតឆ្ងាយគ្មានវេលាវិលត្រឡប់នោះ ស្រាប់តែរឿងអាម៉ាស់មួយទៀតបានផ្ទុះឡើងពីក្នុងគ្រួសារ ដោយសារឪពុកនាងដេញវាយម្តាយក្មេក ផ្អើលអស់អ្នកខេត្តកំពង់ស្ពឺ និងត្រូវបណ្តាញសារព័ត៌មាននាំគ្នា ចុះផ្សាយព្រោងព្រាត ព្រោះរឿងមិនទៅដណ្តឹងប្រពន្ធថ្មី(ក្មេង)ឲ្យ ។ យ៉ាងណារឿងដ៏អាម៉ាសក្នុងគ្រួសារនេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បញ្ជាក់ថា បានបញ្ចប់ដោយសន្តិភាពហើយ ខណៈតារាចម្រៀង ឈ្មោះ ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ដោះស្រាយក្រៅតុលាការ។
អ្នកជិតដិតនឹង អ៊ីវ៉ា បានឲ្យដឹងថា អ៊ីវ៉ា នាងរឹតតែក្តុកក្តួលក្នុងចិត្ត មានពេលខ្លះ បើទោះជាម្តាយនាងបានស្លាប់នោះរំលងទៅយូរហើយក្តី នាងនៅតែអង្គុយយំម្នាក់ឯងដោយមិនដឹងខ្លួនក៏មានដែរ។ អារម្មណ៍មិនបានរសាយទេ មួយថ្ងៃៗ អ៊ីវ៉ា នៅតែរំឭកពីម្តាយនាងហ្នឹង។ នាងប្រាប់ថាគ្មាននរណាល្អជាងម្តាយទេ»។
ឆ្លើយតបនូវក្តីនឹករឭកម្តាយ ដែលនៅតែតឹងណែនក្នុងដើមទ្រូងមិនរសាយនេះ អ៊ីវ៉ា បានតាក់តែងឡើងនូវបទចម្រៀងមួយបទ មានចំណងជើងថា «អ្នកម្តាយកម្សត់» ដោយរៀបរាប់ពីជីវិតពិតរបស់នាង និងអ្នកម្តាយកម្សត់របស់នាង ដែលបានលាចាកលោកទៅ បន្សល់ទុកតែស្នាមអនុស្សាវរីយ៍រាប់មិនអស់។ ក្នុងអារម្មណ៍រំភើបផងក្តុកក្តួលផង ដែលសម្រេចបាននូវសមិទ្ធផលលើកដំបូងរបស់ខ្លួន តាមរយៈការតាក់តែងនិពន្ធបទចម្រៀងរៀបរាប់ពីខ្សែជីវិតពិតរបស់នាង និងម្តាយជាទីស្រឡាញ់ ពេញបេះដូង ដែលបានបាត់បង់ជីវិតទៅ អ៊ីវ៉ា បញ្ជាក់ថា បទចម្រៀង «អ្នកម្តាយកម្សត់» គឺស្តែងចេញពីទឹកចិត្តរបស់នាងផ្ទាល់ ដោយឆ្លុះបញ្ចាំងពីអនុស្សាវរីយ៍កម្សត់ជាច្រើន ដែលរូបនាង និងម្តាយបានសាងរួមគ្នា។
អ៊ីវ៉ា បញ្ជាក់ថា៖«ពេលសរសេរបទ អ្នកម្តាយកម្សត់ នេះ ទឹកភ្នែកខ្ញុំហូរស្រក់ដោយមិនដឹងខ្លួន នឹកឃើញទៅដល់ទឹកចិត្តអ្នកម្តាយកម្សត់ ហើយការស្លាប់របស់គាត់ក៏ហាក់នៅថ្មីៗនឹងមុខអ៊ីចឹង»។
មានអ្នកលើកឡើងថា អ៊ីវ៉ា រំលេចគុណម្តាយមកធ្វើជាស្នាដៃនេះ មិនមែនជាចេតនា ក្នុងន័យតបគុណជាក់លាក់ទេ ដែលនេះអាចជាជ្រុងមួយនៃចេតនា ទាក់ទាញការភ្ញាក់ផ្អើល ក្នុងផលស្វែងរកការគាំទ្រ ។ យ៉ាងណាការលើកឡើងនេះមិនត្រូវតារាចម្រៀងរូបនេះ ទទួលទុក្ខក្នុងចិត្តឡើយ ដោយនាងអះអាងថា « អ្នកម្តាយកម្សត់» ដែលបានធ្វើឡើងក្នុងន័យរំឭកពីគុណបំណាច់របស់ម្តាយចំពោះកូនពិតមែន ហើយក៏ទុកជាចំណងដៃកូនចំពោះម្តាយដែលបាត់បង់ជីវិតពីលើលោកនេះ ដូចជាពួកខ្ញុំ»។
អ៊ីវ៉ា បញ្ជាក់ថា «អ្នកម្តាយកម្សត់ ដែលរំលេចចេញអារម្មណ៍ពិត និងសំឡេងរបស់ខ្ញុំនេះ នឹងចេញចរាចរណ៍លក់នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះហើយ នៅក្នុង CD Album 179 របស់ផលិតកម្មសាន់ដេ»។ យ៉ាងណា អ៊ីវ៉ា ក៏ទទូចសូមស្នើឲ្យទស្សនិកជន មេត្តាជួយគាំទ្រនូវស្នាដៃដំបូងរបស់នាងផង នៅពេលចេញលក់៕