​កម្មករ​រោងចក្រ​កាត់ដេរ អូ​សេ​អ​ង់ ធ្វើកូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤​នៅ​សង្កាត់​ចោមចៅ​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ការធ្វើកូដកម្មបិទផ្លូវរបស់រោង អូសេអង់ (រូបដោយ៖ឡុង គីម​ម៉ា​រីតា )

​កម្មករ​កាត់ដេរ​ប្រមាណ​៦០០​នាក់ នៅ​រោងចក្រ​អូ​សេ​អ​ង់ ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ធ្វើ​កូដកម្ម បិទ​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​។​

​​ការបិទ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ធ្វើឡើង​ចាប់តាំងពី​ម៉ោង​៨​ព្រឹក ដែល​បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ចរាច​រណ៍​។ រហូតមកដល់​ម៉ោង​៦​ល្ងាចថ្ងៃអង្គារនេះ មិនទាន់​មាន​ភាគី​រោងចក្រ ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​នៅឡើយ​ទេ​។​

​អគ្គលេខា​សហជីព​ចលនា​កម្មករលោក ហ៊ួន វណ្ណា ប្រាប់ VOD​ថាកម្មករ​ឈានដល់​ការបិទផ្លូវ​នេះ ដោយសារ​ភាគី​រោងចក្រ​មិន​ចេញ​មក​ដោះស្រាយ ហើយ​នៅតែ​បន្ត​អូសបន្លាយពេលវេលា និង​មិន​គោរព​ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​តម្រូវឲ្យ​រោងចក្រ​ផ្តល់​ប្រាក់​ឈ្នួល​១០០%  នៃ​ប្រាក់ខែ ១០៤​ដុល្លារ  និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ២៤​ដុល្លារ​ទៀត ក្នុង​កំឡុង​ពេល​ក្រុមហ៊ុន​ព្យួរ​ការងារ​កម្មករ ។  ក៏ប៉ុន្តែ ភាគី​រោងចក្រ​ផ្តល់ឲ្យ កម្មករ​តែ​ត្រឹម​តែ​៥០ ដុល្លារ​ប៉ុណ្ណោះ​។ លោក​បាន​បន្តថា ថ្ងៃ​នេះ​បើ​នៅតែ​មិនមាន​ដំណោះស្រាយ កម្មករ​ទាំងអស់​នឹង​បន្ត​ធ្វើ​កូដកម្ម និង​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ ឬ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​។

​តំណាង​កម្មករ​រោងចក្រ​អូ​សេ​អ​ង់ អ្នកស្រី កែវ គីម​ហ៊ាង​និយាយថា ការធ្វើ​បា​តុម្ម​របស់ កម្មករ​នៅក្នុង​រោងចក្រ​ជា​រៀងរាល់ថ្ងៃ ហាក់​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា មក​ជួយ​ដោះស្រាយ ជូន​ពួកគាត់​នោះទេ ហើយ​នៅពេលនេះ កម្មករ​កំពុង​ប្រឈម​នឹក​ការខ្វះខាត ព្រមទាំង​ដល់​ពេល​គេ​យក​លុយ​ថ្លៃ​ផ្ទះ​ផងដែរ​។

​អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​រោងចក្រ​អូ​សេ​អង់ ជនជាតិ​បង់​ក្លា​ដេស លោក សាឡួ​ឌិន (Salauddin) ប្រាប់​VOD​ថា រោងចក្រ​ពុំ​មាន​លទ្ធភាព​ផ្តល់ឲ្យ​កម្មករ​បន្ថែមទៀត ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នោះទេ ព្រោះ​រោងចក្រ​បាន​តម្លើង​អស់ពី​សមត្ថភាពហើយ​។ លោក​បន្តថា ការធ្វើ​កូដកម្ម​បិទផ្លូវ​របស់​កម្មករ គឺជា​រឿង​ខុសច្បាប់​។

​អគ្គលេខាធិការរង​គណៈកម្មការ​សម្រាប់ដោះ​ស្រាយ​កូដកម្ម និង​បាតុកម្ម​ទៅ​តាម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា កម្មករ​ដែល​ចូលរួម​បាតុកម្ម​ទាំងអស់ គួរតែ​គោរព​ច្បាប់​ក្នុង​ការធ្វើ​កូដកម្ម ដោយ​កុំ​ធ្វើ​ការបិទ ផ្លូវ​នាំឲ្យ​មាន​ការកកស្ទះ​ចរាច​រណ៍​។ លោក​បន្ថែមថា បើ​ភាគី​រោងចក្រ​នៅ​តែ​មិន​គោរព​ទៅតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល កម្មករ​គួរតែ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ជា​ជាង​ការធ្វើ​កូដកម្ម​ក​បិទផ្លូវ​។

​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់​ហ្គា​មិន (Ocean Garment) ប្រមាណ​១៥០០​នាក់ បាន​ផ្តើម​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​ឧសភា​មក បន្ទាប់​ភាគី​រោងចក្រ ប្រកាស​ព្យួរ​ការងារ​របស់​កម្ម​ក​រ ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ដោយ​មិន​បាន​ជូន​ដំណឹង​ក្នុង​ពេល​កំណត់​ត្រឹមត្រូវ​តាមច្បាប់ ដោយ​គ្រាន់តែ​បញ្ជាក់ថា  គ្មាន​អ្នក​បញ្ជា​ទិញ ។​

(រូបដោយ៖ឡុង គីម​ម៉ា​រីតា)

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com
 

What Next?

Recent Articles