ដោយ៖ ថុល ស្រីលក្ខណ៍ និង ញឹម សុខន
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកស្រី អ៊ុំ សុភី តំណាងអ្នកភូមិឡពាង
ទីបំផុតទៅ ក្រុមហ៊ុនឯកជនរបស់មន្ត្រីមានអំណាចមួយ បានប្រើគ្រឿងចក្រឈួសឆាយ ធ្វើរបងកំណត់ព្រំដីមួយកន្លែង នៅភូមិឡពាងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដោយមិនរង់ចាំ សេចក្តីសម្រេចពីតុលាការ ករណីជម្លោះដីដ៍រាំរ៉ៃនេះឡើយ។
ក្រុមហ៊ុននោះ ត្រូវបានអ្នកភូមិឡពាងចាំស្ទើរត់មាត់គ្រប់ៗគ្នាថា ឈ្មោះ KDCរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មកពីគណបក្សប្រជាជនកម្ពុជា។
នៅចម្ងាយប្រមាណ៣ទៅ៤ម៉ែត្រ ពីការដ្ឋានក្រុមហ៊ុន អ្នកភូមិឡពាង អ្នកស្រី អ៊ុំ សុភី ប្រាប់VOD ដោយធ្វើកាយវិការ ដៃម្ខាងចង្អុលទៅគ្រឿងចក្រ ដែលកំពុងឈូសឆាយ និងដៃម្ខាងម្ខាងទៀត ជូតទឹកភ្នែកបណ្តើរ។ អ្នកស្រី រៀបរាប់ទាំងអួលដើមកថា ជិត១០ឆ្នាំមកនេះ ពួកគេបានដាក់ពាក្យបណ្តឹង ទៅតុលាការ រួមទាំងស្ថាប័នជាតិធំៗសរុបជាង១២០បណ្តឹងមកហើយ ដើម្បីសុំអន្តរាគមន៍ទប់ស្កាត់ កុំឲ្យក្រុមហ៊ុនរំលោភយកដីអ្នកភូមិ។
តំណាងអ្នកភូមិរូបនេះ បន្តថាអ្វីដែលពួកគេទទូលបានមកវិញ ពីស្ថាប័នទាំងនោះគឺតំណាងអ្នកភូមិ៦នាក់ដែលចេញមុខតវ៉ា ត្រូវបានក្រុមហ៊ុនចាប់ដាក់ពន្ធនាគារ និង១២នាក់ផ្សេងទៀតរួមទាំងអ្នកស្រីផងកំពុងជាប់បណ្តឹង។
អ្នកស្រីអ៊ុំ សុភី ឲ្យដឹងទៀតថាពិសេសជាងនេះទៅទៀត ពេលនេះក្រុមហ៊ុន បានជួលកម្មករប្រមាណ៣០០នាក់ប្រដាប់ដោយកាំបិត និងអាវុធផ្សេងទៀត សម្រាប់ទប់ទល់នឹងអ្នកភូមិ ដែលហ៊ានចេញតវ៉ា។ រីឯសមត្ថកិច្ចចម្រុះជិត២០០នាក់ បានដាក់ពង្រាយឡោមព័ទ្ធភូមិ គំរាម អ្នកការពារដីមិនឲ្យចេញមុខរារាំងសកម្មភាពធ្វើរបងរបស់ក្រុមហ៊ុនព័ទ្ធយកដីអ្នកភូមិ។
អ្នកភូមិអះអាងថា អ្នកស្រី អ៊ុំ សុភី បានចេញមុខយ៉ាងសកម្មប្រឆាំង លោក ស្រីជា ខេង ជាប្រធានក្រុមហ៊ុន KDC ដើម្បីការពារដីអ្នកភូមិ រហូតបាត់បង់តួនាទីជាគ្រូបង្រៀន ដូចនេះហើយទើបពួកគេហៅអ្នកស្រីអ៊ុំ សុភីថាជាតំណាងអ្នកមានជម្លោះដីធ្លី។
តំណាងអ្នកភូមិរូបនោះ ឲ្យដឹងទៀតថា ជម្លោះអូសបន្លាយជិត១០ឆ្នាំមកនេះ ធ្វើឲ្យពួកគេជួបគ្រោះអត់ឃ្លាន ដោយគ្មានដីសម្រាប់បង្កបង្កើនផល ជាកត្តាជំរុញឲ្យកុមារ បោះបង់ការសិក្សា ហើយពលរដ្ឋខ្លះចេញទៅរកការងារ នៅក្រៅប្រទេសដោយខុសច្បាប់ ប្រឈមនឹងគ្រោះថ្នាក់។

កុមារាអាយុ១៣ឆ្នាំ ឲ្យដឹងថា រូបគេឈប់ទៅរៀន តាំងពី៣ឆ្នាំមុន ដោយសារគ្រួសារក្រីក្រ ហើយពេលនេះ ឈ្លៀតមកលេងផ្ទះ បានពីរ បីថ្ងៃ នឹងគ្រោងត្រឡប់ទៅធ្វើកម្មករលើទូកនេសាទនៅប្រទេសថៃវិញ នាពេលឆាប់ៗនេះដើម្បីជួយសម្រួលបន្ទុកម៉ែឪ។
តំណាងអ្នកភូមិឡពាងម្នាក់ទៀត ដែលពេលនេះ មិនបានចេញមុខសកម្មកតវ៉ា គឺលោក ស សុង ដែលតុលាការធ្លាប់ចាប់ដាក់ពន្ធនាគារ អស់៦ឆ្នាំ ដោយសាតែប្រឆាំងនឹងក្រុមហ៊ុន របស់លោកស្រី ជា ខេង ដើម្បីការពារដីអ្នកភូមិនោះ ឲ្យដឹងពេលស្កាត់ជួបនៅចំការ ជិតផ្ទះរបស់លោកថា អ្នកភូមិដែលកំពុងតវ៉ានោះ ពួកគេពិតជាមានដីនៅកន្លែងដែលក្រុមហ៊ុនកំពុងវាទយកនោះមែន។ប៉ុន្តែលោក ហាក់គ្មានជំនឿថា ប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ននេះ នឹងស៊ើបអង្កេតរកការពិតទេ។
បុរសវ័យ៦០ឆ្នាំរូបនោះ ក្រើនរំលឹកដល់ក្រុមអ្នកតវ៉ាឲ្យចេះសាមគ្គីគ្នា និងប្រយ័ត្នចាញ់ឧបាយកលមនុស្សខិលខូចមួយចំនួនដែលក្រុមហ៊ុន រៀបចំញុះញង់ឲ្យមានហិង្សា ហើយប្រើតុលាការចាប់ខ្លួន ។
យ៉ាងនេះក្តីកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៤ ក្រសួងយុត្តិធម៌ ចេញលិខិតអន្តរាគមន៍មួយ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយយោងតាមបណ្តឹងអ្នកភូមិ ៨៩គ្រួសារ នៅឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនោះ។
ក្រសួងយុត្តិធម៌ បញ្ជាក់ក្នុងលិខិតនោះ ថា ជម្លោះដីនេះ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការនៅឡើយ ដូចនេះ ក្រសួងស្នើចៅក្រម និងព្រះរាជអាជ្ញា សាលាដំបូងខេត្តនេះពិចារណាតាមនីតិវិធីច្បាប់។
ប៉ុន្តែអ្នកភូមិអះអាងថាមកដល់ពេលនេះ លោកស្រី ជា ខេង មិនបាន បញ្ឈប់សកម្មភាពគ្រឿងចក្រឈូសឆាយលើដីជម្លោះ តាមលិខិតអន្តរគមន៍របស់ក្រសួងយុត្តិធម៌ទេ។
តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា លោកស្រី ឡោ ខេង ដែលអ្នកភូមិ អះអាងថា ធ្លាប់ហៅតំណាងអ្នកភូមិទៅជួបដើម្បីសម្របសម្រួលជំនួសលោកស្រី ជា ខេង ឲ្យVODដឹងថា គាត់មិនដឹង ពីលិខិតអន្តរាគមន៍ របស់ក្រសួងយុត្តិធម៌ទេ ប៉ុន្តែលោកស្រី បញ្ជាក់ថា ក្រុមហ៊ុន KDC កំពុងព្យាយាមដោះស្រាយ ដើម្បីបញ្ចប់ជម្លោះនោះ។
កន្លងទៅលោក ស្រី ជា ខេង ធ្លាប់ចុះដោះស្រាយម្តងហើយ ដោយបានផ្តល់ប្រាក់ ទៅអ្នកភូមិមួយចំនួនដែលតវ៉ា ដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែពេលនោះ អ្នកភូមិ១៦គ្រួសារផ្សេងទៀត ច្រានចោល រួចប្រកាសចេញតវ៉ាជាថ្មី។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោក ចាន់ សុវេត យល់ថា ជម្លោះដីនៅភូមិឡពាងនេះ ដោយសារអ្នកមានអំណាចមិនគោរពច្បាប់។
យ៉ាងណាក៍ដោយ តំណាងអ្នកភូមិអះអាងថាក្រុមហ៊ុន KDC ពិតជាបានទិញដីមួយចំណែកខ្លះ នៅតំបន់នោះ ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែមកដល់ពេលនេះ ពួកគេ៨៩គ្រួសារទៀត មានដីជាង១៨២ហិកតា ត្រូវបានក្រុមហ៊ុនកំពុងធ្វើរបងព័ទ្ធយក ដោយមិនទាន់ផ្តល់សំណង។
កន្លងទៅកម្តៅនៃជម្លោះដីធ្លីជាមួយអ្នកមានអំណាចបានរលត់ទៅវិញ ដោយសារប្រមុខរដ្ឋាភិបាលចេញអន្តរាគមន៍ ដូចជាករណីកាត់ដីនៅតំបន់បឹងកក់ជាង១២ហិកតាឲ្យអ្នកតវ៉ាវិញ ការចេញអនុក្រិត្យកាត់ដីនៅស្រុកស្នួលខេត្តក្រចេះ ទំហំ៧៥០ហិកតាឲ្យអ្នកតវ៉ាជាដើម។
តើជម្លោះដីនៅភូមិឡពាងវិញ អាចបញ្ចប់បាននៅពេលណា?

របងរបស់ក្រុមហ៊ុន KDC
សូមសរសេរមកកាន់អក្នស្រី ថុល ស្រីលក្ខណ៍ និងលោក ញឹម សុខន តារមយៈ sreyleak@vodhotnews.com និង sokhorn@vodhotnews.com