សហគមន៍​ព្រៃឡង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

រថយន្តច្នៃ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​នៅ​ក្នុង​ស្រុក​សណ្តាន់

រថយន្តច្នៃ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​នៅ​ក្នុង​ស្រុក​សណ្តាន់​ ។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

កំពង់​ធំៈ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ដែល​រស់​នៅ​ជុំ​វិញ​ព្រៃ​ឡង់​បាន​អំពាវ​នាវ​ទៅ​ដល់រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​​ចេញ​វិធាន​​ការ​​ណា​មួយ​ជា​បន្ទាន​់​​ទៅ​ដល់​អាជ្ញាធរ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​ ដើម្បី​ឲ្យ​​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែ​ល​កំពុង​តែ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​​នៅ​ក្នុង​ព្រៃ​ឡង់​។

លោក ឈៀង វុទ្ធី តំណាង​ប្រ​ជា​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់​ធំ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​​ បច្ចុប្បន្ននេះ​ឈ្មួញ​បាន​បង្វែរ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​រួច​ដឹក​ចេញ​តាម​រទេះ​គោ​និង​គោ​យន្តច្នៃ​បុកស័រ​ ដឹក​មក​លក់​ឲ្យ​គេ​ដែល​មា​ន​រថយន្ត​កូរ៉េ​៣​តោន​កន្លះ​រង់​ចាំ​ខាង​ក្រៅ​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖​«​ក្រុម​រក​ស៊ី​ឈើ​ទាំង​អស់​នោះ​កាប់​ឈើ​ដោយ​ពុំ​មាន​ខ្លាច​រអា​​អាជ្ញាធរ​ទេ គឺ​គេ​ដឹក​ពេញ​ឡាន​ពេញ​រទេះ​គោ​ទាំង​កណ្តាល​ថ្ងៃ​តែ​ម្តង។ ខ្ញុំ​គិត​ថា ​បើ​ពុំ​មាន​ការ​ឃុប​ឃិត​ពី​សំណាក់​មន្ត្រី​ទាំង​អស់​នោះ​ទេ​ ឈ្មួញ​ក៏​មិន​អាច​រក​ស៊ី​ដោយ​សេរី​នោះ​ដែរ​»។​​

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ ចំនុច​ដែល​ដឹក​ច្រើន​ជាង​គេ​នៅ​ក្នុង​ស្រុក​សណ្តាន់​គឺ​មាន​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​មាន​ឫទ្ធិ​ និង ឃុំ​ដង​ដាំ​បិត​ ដែល​ស្ថិត​ក្នុង​ចំនុច​ច្រក​តោ​ និងចំនុច​ព្រះ​អាទិត្យ​ ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​ការ​ដឹក​ចេញ​ជាមធ្យម​ចាប់ពី ២៥​ រទេះ​គោ​ទៅ ៣០​រទេះ​គោ និង​មានម៉ា​​ស៊ីន​អារឈើ​សរុប​​ជាង ១០០០​ ម៉ាស៊ីន​។ ​

លោក​បានថ្លែង​ឲ្យ​ដឹង​ថា​៖​«​អាជ្ញាធរ​នៅ​ខេត្ត​មិនចាត់​វិធានកា​រ​​​អ្វី​ទាំង​អស់​ ដូច្នេះ​បើ​រដ្ឋា​ភិបាល​មិន​ចេញលិខិត​បង្គាប់​អ្វី​មួយ​នោះ​ទេ គឺ​ឈើ​ប្រភេទ​លេខ​២​នេះ​នឹង​រលាយ​អស់​ដូច​ឈើ​ប្រ​ភេទ​លេខ​១​ជា​មិន​ខាន។ បើ​សិន​ជា​អាជ្ញាធរ​ទប់​ស្កាត់​វិញ​មួយ​ថ្ងៃ​ម៉ាស៊ីន​កាត់ឈើ​ដឹក​២​ឡាន​មិន​អស់​ផង​​»។

ចំណែក​លោក ហឿន សុភាព ​បាន​ថ្លែង​ថា​ ប្រ​ជា​សហគមន៍​ពុំ​សូវ​ហ៊ាន​ចេញ​មុខ​ប្រ​ឆាំង​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ដូចមុន​ខ្លាំង​ក្លាទេ​ ដោយ​សារ​តែ​ ឈ្មួញ​ឃុប​ឃិតជាមួយ​អាជ្ញាធរ​ដូច្នេះ​ ពេល​សហគមន៍​ធ្វើ​គេ​ដាក់​លិខិត​ប្តឹង​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ថា​​ បំផ្លិច​​បំផ្លាញ​ទ្រព្យ​សម្បត្តិរបស់​គេ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការទាន់​ពេល​ទេ គឺ​ព្រៃ​ឡង់​នឹង​បាត់​បង់​ក្នុងពេល​ខាង​មុខ​ដ៏​ឆាប់​នេះ ប៉ុន្តែ​បើ​ចាត់​វិធានការ​ទាន់​ពេល ​គឺ​អាច​រក្សា​ព្រៃ​បាន​ខ្លះ»។​

លោក ឈឹម សាវុធ​ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ បានថ្លែង​ថា បច្ចុ​ប្បន្ន​រដ្ឋា​ភិបាល​មិនត្រឹម​តែ​ចេញ​វិធានការ​ទប់​ស្កាត់​តែ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នោះ​ទេ គឺ​រដ្ឋា​ភិបាល​គួរ​តែ​ចេញ​វិធា​ន​ការ​ទប់ស្កាត់​ទូទាំង​​ប្រទេស​តែ​ម្តង​ទើប​អាចការពារព្រៃ​បាន​ពី​ព្រោះ​​ឈ្មួញ​គេ​ដើរ​កាប់​ទូទាំង​ប្រទេស​ឲ្យ​តែ​ខេត្តណា​មាន​ព្រៃ​ឈើ​ ទោះ​បីជា​តំបន់​អភិរក្ស​ ឬតំបន់​ការពារ​ក៏​ដោយ​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖«​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទប់​ស្កាត់​ពិត​ប្រាកដ​មែន​វាមិន​ពិបាក​ទេ​ដូច​ដែល​យើង​និយា​យ​​​ដដែល​ៗ​ហើយ​ថា​ របរ​នេះ​មិន​ដូច​គេ​រក​ស៊ីលួច​លាក់​ដូច​គ្រឿង​​ញៀន​ទេ​ គឺ​គេដឹក​ជា​រថ​យន្តធំៗ​ហើយ​ចំហតែ​ម្តង»។​​​

ព្រៃឡង់លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​បួន​ដូច​ជា​ ខេត្តព្រះ​វិហារ​ ក្រចេះ​ ស្ទឹងត្រែង និ​ងកំពង់​ធំ ដែល​គ្របដណ្តប់​លើផ្ទៃដី​ ៣៦០០ គីឡូ​ម៉ែត្រ​ក្រ​ឡា ហើយ​​ព្រៃឡង់​គឺជា​ប្រភព​នៃអ​នុ​​ផលព្រៃ​ឈើយ៉ាង​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ភាគច្រើន​ជាជន​ជាតិ​ភាគ​តិច​ប្រមាណ​ជាង​៦០.០​០០គ្រួសារក្នុង​ភូមិជិត៤០០ភូមិដែលស្ថិតនៅក្នុងខេត្តទាំង​បួន​ ប្រ​កប​របរ​បោច​វល្លិ រកជ័រ និង​បេះ​ផ្លែ​ឈើ​លក់​ចិញ្ចឹមជីវិត។ ​

លោក សៅ វណ្ណី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ ស្រុក​សណ្តាន់​ពុំ​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ដើម្ប​​ី​សុំ​​ការអត្ថាធិប្បាយ​បាន​ទេ​កាល​​ពីថ្ងៃ​ម្សិល​មិញ​។

លោក​ អ៊ុន បុត្រ អភិបាល​ស្រុកសណ្តាន់ បានថ្លែង​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​របស់​លោក​តែង​តែ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ចំពោះ​បទ​ល្មើស​ព្រៃ​ឈើដែល​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​នេះ​ ហើយ​តែង​តែ​ឃាត់​បាន​បទ​ល្មើស​ជា​ច្រើន​ផង​ដែរ​នាពេល​កន្លង​មក​ មិន​មែន​ថា​អាជ្ញាធរ​មិន​ធ្វើ​អ្វីសោះ​នោះ​ទេ។

លោក​អភិបាល​បានថ្លែង​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖«​តើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ម៉េច​បើ​ពលរដ្ឋ​រស់​នៅ​ក្នុង​ព្រៃ​ ហើយ​អត់​មាន​ស្រែ ​ដូច្នេះ​គាត់​ដឹក​តិចតួច​តាម​រទេះ​គោ​ដើម្បី​ដោះ​ដូរ​ជីវភាព​របស់​គាត់​។ គាត់​មិន​បាន​រកស៊ី​អ្វី​ធំដុំ​ដល់​ថ្នាក់​បំផ្លាញ​ឲ្យ​អស់​ទាំង​ស្រុង​នោះ​ទេ​»៕​


What Next?

Recent Articles