​បក្សប្រឆាំង​ច្រានចោល​ព័ត៌មាន ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​នៅថ្ងៃនេះ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ភ្លាមៗ នូវ​ព័ត៌មាន​ដែលថា បក្ស​ប្រឆាំង​មួយ​នេះ នឹង​ចូល​ស្បថ នៅ​ព្រះបរមរាជវាំង​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ត្រៀម​ខ្លួន​ចូលប្រជុំ​សភា​នា​ថ្ងៃ​ពុធ​ស្អែក​។​

​តាម​ការចុះផ្សាយ របស់​គេហទំព័រ​ក្នុងស្រុក​មួយ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៤​នេះ ឲ្យដឹងថា លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ដឹកនាំ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង​៥៥​រូប ចូល​ធ្វើ​សច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង​នៅ​រសៀល​ម៉ោង​៤​នេះ​។​

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​ស្អែក​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង នឹង​អាច​ចូលប្រជុំ​សភា លើកដំបូង ដើម្បី​ធ្វើ​វិសោធនកម្ម បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា ក្នុង​ប្រការ​ទី​៦​ថ្មី ទាក់ទង​នឹង​ការបង្កើត​បន្ថែ​មគណៈកម្ម​ការជំនាញ​រដ្ឋសភា​មួយទៀត គឺ​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​VOD​ដឹងថា ព័ត៌មាន​ដែល​ចុះ​ផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​មិន​ពិត​។​

ក្រោយ​មាន​កិច្ចព្រមព្រៀង បញ្ចប់​ជម្លោះ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ មេ​បក្ស​ប្រឆាំង​អះអាងថា ដរាបណា​មិនទាន់​មាន​ការឯកភាព​គ្នា​ធ្វើ​កំណែទម្រង់ ស្ថាប័ន គជប ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាមុន​ទេ នោះ​បក្សប្រឆាំង​មួយ​នេះ នឹង​មិន​ចូល​ប្រជំ​សភា​ទេ​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles