ដោយ៖ ជន ស្រីណុច
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
ក្រោយការជាប់គាំងនយោបាយ គណបក្សជាប់ឆ្នោតទាំងពីរបានសម្រេចស្នើសុំប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅក្នុងលិខិតសរសេរទៅកាន់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទម្សិលមិញ លោកស្រី ពុង ឈីវកេក សរសេរថា នឹងទទួលយកសំណើចូលជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ប្រសិនបើឯករាជ្យភាពស្ថាប័ននេះត្រូវបានធានាច្បាស់លាស់ ហើយលោកស្រីទទួលបានលក្ខខណ្ឌមួយ ដែលលោកស្រីអាចធ្វើការដោយឯករាជ្យ និងអព្យាក្រឹត។
លោកស្រី ពុង ឈីវកេក បានទាមទារឲ្យសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទទួលបានការការពារអភ័យឯកសិទ្ឋិ ការធានាស្វ័យភាព ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងសកម្មភាពផ្សេងៗទៀត។ លោកស្រីក៏ទាមទារឲ្យ គជប មានសិទ្ធិជ្រើសរើសបុគ្គលិកជំនាញ គ្រប់គ្រង ចាត់ចែង ការទទួលបានថវិកាដោយឯករាជ្យ និងជំនួយផ្សេងៗទាំងក្នុង និងក្រៅប្រទេស។
ទាក់ទងនឹងការស្នើសុំលោកស្រី ពុង ឈីវកេក ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មានការជជែកគ្នាយ៉ាងខ្លាំងក្លាពីប្រវត្តិលោកស្រី នៅតាមទីប្រជុំជននានាក្នុងក្រុងភ្នំពេញ។ អ្នកយកព័ត៌មាន VOD បានចុះសាកសួរមតិយោបល់ពីប្រជាពលរដ្ឋខ្មែរ នៅទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ ក្នុងនោះ រួមមានក្រុមអាជីវករ និងអ្នករត់ម៉ូឌុប និងអ្នកដំណើរជាដើម។ តាមការសាកសួរ ប្រជាពលរដ្ឋទាំងនោះសឹងតែទាំងអស់គាំទ្របេក្ខភាពលោកស្រីពុង ឈីវកេក ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ចំណែកអ្នកខ្លះទៀតយល់ឃើញថា លោកស្រីពុង ឈីវកេក មានវ័យចំណាស់ពេក។
ក្នុងចំណោមនោះដែរប្រជាពលរដ្ឋខ្លះមិនមានយោបល់ទេដោយពួកគាត់មិនដែលស្តាប់ព័ត៌មាន៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
លោកស្រី ពុង ឈីវកេក៖ បើ គជប ថ្មីនេះមិនមានការកែប្រែទេ ខ្ញុំនឹងលាលែងពីតំណែង (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
លោកស្រី ពុង ឈីវកេក៖ បើ គជប ថ្មីនេះមិនមានការកែប្រែទេ ខ្ញុំនឹងលាលែងពីតំណែង