មេ​សហគមន៍​ព្រៃ​នៅ​ព្រះវិហារ​ប្តឹង​មក​អាដហុក​រឿង​អ្នក​លួច​កាប់​ឈើ​កាប់​ក្រុម​ល្បាត​និង​គំរាម​សម្លាប់

ប្រជា​សហគមន៍​ដើរ​ល្បាត​ឃ្លាំ​មើល​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ និងបានប្រទះ​ឃើញ​កំណាត់​ឈើ​​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា។ រូបថត សហគមន៍

ប្រជា​សហគមន៍​ដើរ​ល្បាត​ឃ្លាំ​មើល​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ និងបានប្រទះ​ឃើញ​កំណាត់​ឈើ​​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា។ រូបថត សហគមន៍



ភ្នំពេញប៉ុស្តិ៍

ព្រះវិហារៈ ក្រុម​អ្នក​ល្បាត​ព្រៃ​សហគមន៍​បាន​ដាក់​បណ្តឹង​ទៅ​សមាគម អាដហុក ដើម្បី​សុំ​អន្តរាគមន៍​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ត្រូវ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ពីរ​នាក់​កាប់​នឹង​ពូថៅ និង​គំរាម​សម្លាប់​នៅ​ព្រៃ​ក្នុង ឃុំ​ភ្នំត្បែង ១ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ។

លោក សាំង ស៊ីមឿន អាយុ ៦១​ឆ្នាំ ប្រធាន​សហគមន៍​សំឡាញ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​ទៅ អាដហុក ខេត្ត​កាល​ពី​ម្សិល​មិញ​ថា សហគមន៍​បាន​ប្តឹង​សុំ​អន្តរាគមន៍​ពី​អង្គការ អាដហុក និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ច្បាប់​លើ​សមាជិក​សហគមន៍​ឈ្មោះ នូវ កេង និង ថាវ សុខហេង ដែល​បាន​កាប់​និង​គំរាម​សម្លាប់​ក្រុម​ល្បាត​ព្រៃ​របស់​សហគមន៍។

លោក សាំង ស៊ីមឿន អះអាង​ថា៖ «ពួក​គេ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ពេល​យើង​ទៅ​ទាន់​បាន​ថត​រូប​និង​សុំ​ដក​ហូត​ម៉ាស៊ីន​អារ តែ​ពួក​គេ​មិន​ព្រម​ឲ្យ ហើយ​ទាញ​ពូថៅ​កាប់​អ្នក​ល្បាត​ម្នាក់»។

ប្រធាន​សហគមន៍​រូប​នេះ​បន្ត​ថា កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា សហគមន៍​គាត់​មាន​គ្នា ៣៣​នាក់ នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​សហគមន៍ សំឡាញ មាន​ទំហំ ២០០៥ ហិកតា នៅ​លើ ភ្នំ​ត្បែង នឹង​បាន​ដេក​ក្នុង​ព្រៃ​ពីរ​យប់។ ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ ទី១៧ កក្កដា ក៏​ឮ​សំឡេង​ម៉ាស៊ីន​អារ​ឈើ​ក្នុង​ព្រៃ​ហើយ​បាន​ដើរ​ទៅ​មើល​ក៏​ប្រទះ​ឃើញ​ឈ្មោះ នូវ កេង និង ថាវ សុខហេង កំពុង​អារ​ឈើ ក៏​នាំ​គ្នា​ព័ទ្ធ​ឲ្យ​បញ្ឈប់​និង​ថត​រូប​ខ្លះ​ទុក​ជា​វត្ថុតាង។ តែ​ពួក​គេ​បាន​ដណ្តើម​ម៉ាស៊ីន​ថត ហើយ​មិន​ព្រម​ឲ្យ​ដក​ហូត​ម៉ាស៊ីន​អារ​ទេ។

លោក ស៊ីមឿន ប្រាប់​ថា៖ «ពួក​គេ​ខឹង ហើយ​ទាញ​ពូថៅ​កាប់​ក្បាល​គ្នា​យើង​ម្នាក់​ឈ្មោះ តក់ ណន តែ​រអិល​ជើង​គេច​ផុត​ហើយ​ថា អា​ណា​ខ្លាំង​ចូល​មក ហ៊ាន​ដក​ម៉ាស៊ីន​នឹង​កាប់​ឲ្យ​ងាប់​និង​ដាក់​គុក​ទៀត»។

នៅ​កន្លែង​កើត​ហេតុ​ប្រជា​សហគមន៍​ប្រទះ​ឃើញ​ឈើ បេង នាង​នួន និង ធ្នង់ ៥១ សន្លឹក​និង​ដើម​ឈើ​មួយ​ដើម​ធំ​ដែល​ពួក​គេ​កំពុង​អារ​ជ្រៀក។

លោក​បន្ត​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ទទួល​ស្គាល់​ព្រៃ​សហគមន៍​នេះ ដែល​មាន​សមាជិក ៣៥៣ គ្រួសារ។ ប៉ុន្តែ​ចាប់​ពី ឆ្នាំ​២០១២ មក​ឈើ​ប្រណីត​ក្នុង​ព្រៃ​នេះ​បាន​និង​កំពុង​រង​ការ​បំផ្លាញ ដូច​នេះ​ទើប​ពួក​គាត់​ដើរ​ល្បាត ៣ ដង ក្នុង ១​ខែៗ ដើម្បី​ការពារ​ព្រៃ​ដែល​នៅ​សេស​សល់។

លោក ស៊ីមឿន បញ្ជាក់​ថា៖ «ពួក​អ្នក​កាប់​ឈើ​បាន​លក់​ឈើ​ទៅ​ឲ្យ​សិប្បកម្ម និង​ក្រុមហ៊ុន ដោយ​មាន​អ្នក​កាង​នៅ​ពី​ក្រោយ​ចាំ​ទិញ។ អ្នក​កាង​នោះ​ខ្លះ​ជា​អាជ្ញាធរ​ដែល​ក្រុម​ល្មើស​ហៅ​ស៊ី​ផឹក​និង​បង់​លុយ​ឲ្យ»។

ទោះ​យ៉ាង​ណា​សហគមន៍​មិន​ទាន់​បញ្ចេញ​ឈ្មោះ អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជា​មន្រ្តី​អាជ្ញាធរ​ទេ ដោយ​នៅ​ស្រាវជ្រាវ​និង​រក​ភ័ស្តុតាង​ឲ្យ​បាន​ច្បាស់​សិន។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​ព្រះវិហារ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រៅ​ពី​គំរាម​និង​ប៉ុន​ប៉ង​កាប់​សម្លាប់​សមាជិក​សហគមន៍​ក៏​បាន​ចោទ នូវ កេង ថា​កាល​ពី​ថ្ងៃ​សៅរ៍​អាទិត្យ​មុន​បាន​គំរាម​សម្លាប់​ឈ្មោះ អឹម អូន, តក់ ណន និង អ៊ុន វណ្ណៈ ឲ្យ​បាន។

លោក ចាន់ បន្ត​ថា៖ «ព្រោះ​តែ​មាន​ការ​គំរាម​សម្លាប់​ជា​បន្ត​បន្ទាប់ ទើប​ពួក​គាត់​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ហើយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី អាដហុក។ រឿង​នេះ​បើ​គ្មាន​អ្នក​កាង​ក៏​អ្នក​កាប់​ឈើ​មិន​ហ៊ាន​ធ្វើ​ដែរ»។

លោក​ថា អាដហុក នឹង​អង្កេត​ករណី​នេះ​បន្ថែម​ទៀត មុន​នឹង​បញ្ជូន​បណ្តឹង​នេះ​ទៅ​តុលាការ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ។ លោក​កត់​សម្គាល់​ថា ព្រៃ​ឈើ​នៅ ភ្នំ​ត្បែង ព្រះ​រកា និង​ព្រៃឡង់ ជា​ព្រៃ​នៅ​សេស​សល់​ពី​ការ​កាប់​បំផ្លាញ​ចុង​ក្រោយ បើ​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ វា​នឹង​បាត់​បង់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទំនាក់​ទំនង​ទៅ​ឈ្មោះ នូវ កេង និង ថាវ សុខហេង ដែល​រង​ការ​ចោទ​ប្រកាន់​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ។ប៉ុន្តែ​លោក សួ សូយ មេឃុំ ភ្នំ​ត្បែង ១ ប្រាប់​ថា សហគមន៍​បាន​ប្រាប់​គាត់​ពី​ករណី​នេះ​ដែរ លោក​ក៏​កំពុង​រៀបចំ​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​មក​ធ្វើ​ការ​សម្រុះ​សម្រួល​គ្នា ដោយ​ឲ្យ​ឈ្មោះ នូវ កេង និង ថាវ សុខហេង ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទ​ល្មើស​កាប់​ឈើ និង​ឈប់​គំរាម​កំហែង​ក្រុម​ល្បាត​ទៀត។

លោក​មេឃុំ​បញ្ជាក់​ថា៖ «អ្នក​រក​ស៊ី​ឈើ​តែង​មាន​ខ្នង​បង្អែក។ ខ្ញុំ​នឹង​ហៅ​ពួក​គេ​មក​ដោះស្រាយ​គ្នា បើ​គេ​មិន​ព្រម​ឈប់​ស្រេច​តែ​សហគមន៍​ចាត់​ការ​ចុះ»៕


What Next?

Recent Articles