ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ទៀ បាញ់ (ធ្វេងដៃ) និងលោក Prayuth Chan-ocha (រូបថតពី Khaosod English)
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ លើកឡើងថា ប្រទេសកម្ពុជា រំពឹងថានឹងដោះស្រាយបញ្ហាជម្លោះដីក្បែរប្រាសាទព្រះវិហារ ឲ្យបានឆាប់នៅពេលខាងមុខនេះ ស្របតាមការសម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិ(ICJ)។
លោក ទៀ បាញ់ និងកូនប្រុសនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ដោយជួបជាមួយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា(Prayuth Chan-ocha) ប្រធានក្រុមប្រឹក្សាជាតិសន្ដិភាព និងសណ្ដាប់ធ្នាប់ NCPO ដើម្បីពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីរបស់លោក ទៀ បាញ់ថា ប្រទេសកម្ពុជា រំពឹងថានឹងពិភាក្សាលើបញ្ហាជម្លោះដីក្បែរប្រាសាទព្រះវិហារជាមួយថៃ ឲ្យបានកាន់តែឆាប់។លោកបន្តថា ភាគីទាំងពីរ បានពិភាក្សាប្រធានបទជាច្រើន តែមិនបានលើកពីបញ្ហាព្រះវិហារជាសំខាន់ទេ។លោកបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនប្រសើរឡើង ដោយផ្តល់ឱកាសល្អសម្រាប់ការពិភាក្សារកដំណោះស្រាយនៅពេលឆាប់ៗ។
VODមិនទាន់អាចទាក់ទងលោក ទៀ បាញ់ ដើម្បីអត្ថាធិប្បាយបន្ថែមលើបញ្ហានេះនៅឡើយទេ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចថា កម្ពុជា មានអធិបតេយ្យ ពេញលេញលើបូរណភាពទឹកដីលើតំបន់ពយភ្នំនៃប្រាសាទព្រះវិហារ ដូចដែលមានកំណត់ក្នុងកឋាខណ្ឌ ទី៩៨នៃសាលដីកានេះ។ ប៉ុន្តែ តុលាការមិនបានសម្រេចថាតើប្រទេសមួយណា មានអំណាចគ្រប់គ្រងដីទំហំ៤.៦គីឡូម៉ែត្រការ៉េ ដែលភាគីទាំងពីរមានជម្លោះ។
លោក Prayuth Chan-ocha បានប្រាប់ទៅលោកទៀ បាញ់ថា លោក នឹងផ្លាស់ប្តូរប្រទេសថៃទៅជាប្រជាធិបតេយ្យ ដោយមានការបោះឆ្នោតនៅពេលខាងមុខ ដើម្បីត្រៀមសម្រាប់សមារណកម្មអាស៊ាន។ លោកអរគុណកម្ពុជា ដែលបានដោះលែងទណ្ឌិតថៃ លោក វីរ៉ា ស៊ុំក្វាមឃីត (Veera Somkwamkid)។ លោកថា ប្រទេសទាំងពីរ នឹងចូលរួមគ្នាអភិវឌ្ឍតំបន់តាមព្រំដែន ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។
កាសែតបាងកកប៉ុស្តិ៍បន្តថា មន្ត្រីយោធាថៃ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Tags:
355
ក្រសួងការបទេស បញ្ជូនញត្តិរបស់បាតុករខ្មែរទៅដល់ស្ថានទូតវៀតណាមហើយ
ថ្ងៃទី30 កក្កដា 2014, 12:03 PM
អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ ឲ្យដឹងថា ញត្តិរបស់បាតុករដែលទាមទារឲ្យមន្ត្រីស្ថានទូតវៀណាមសុំទោសពលរដ្ឋខ្មែរជាសាធារណៈនោះ ត្រូវបានបញ្ជូនទៅដល់ស្ថានទូតនេះហើយ។
កាលពីថ្ងៃទី២២ខែកក្កដាកន្លងទៅនេះ និស្សិតបញ្ញវន្ត ព្រះសង្ឃ និងពលរដ្ឋច្រើនអង្គ/នាក់ បានធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមានការសុំទោស តែមន្ត្រីទូតវៀតណាមមិនបានចេញមុខសុំទោស ឬទទួលញត្តិរបស់បាតុករទេ។ ប៉ុន្តែនៅថ្ងៃដដែលនោះ មន្ត្រីសាលារាជធានីភ្នំពេញ បានទៅទទួលយកញត្តិបាតុករជំនួសស្ថានទូតវៀតណាម ហើយសន្យាបញ្ជូនញត្តិនោះ ទៅកាន់ក្រសួងការបរទេសកម្ពុជា រួចផ្តល់ដំណឹងមកបាតុករវិញក្នុងរយៈពេល២សប្តាហ៍។
សាលារាជធានីភ្នំពេញនឹងដាក់រថយន្តក្រុង ៣ខ្សែបន្ថែមទៀតនៅខែកញ្ញា
ថ្ងៃទី30 កក្កដា 2014, 11:51 AM
សាលារាជធានីភ្នំពេញ នឹងបន្ថែមផ្លូវរត់របស់រថយន្តក្រុងចំនួន ៣ខ្សែទៀត នៅខែកញ្ញាខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង ប្រាប់VODនៅព្រឹកថ្ងៃពុធនេះថា សាលារាជធានីភ្នំពេញនឹងដាក់រថយន្តក្រុងចំនួន ៤០គ្រឿង នៅលើផ្លូវ៣ខ្សែបន្ថែមទៀតរួមមាន ខ្សែទី១ពីគីឡូម៉ែតលេខ១១ទៅដល់វត្តក្តីតាកុយ (ផ្លូវជាតិលេខ១) ខ្សែទី២ពីផ្លូវគីម អ៊ីលស៊ុង កាត់តាមផ្លូវម៉ៅសេទុង រហូតដល់តាខ្មៅ និងខ្សែទី៣ចាប់ពីផ្សាររាត្រី ផ្សារចាស់ ឡើងមកផ្លូវកម្ពុជាក្រោម មកផ្លូវសហព័ន្ធរុស្សីរហូតដល់ចោមចៅ។
ក្រសួងមហាផ្ទៃ ត្រៀមសហការជាមួយបក្សជំទាស់ដើម្បីត្រួតពិនិត្យអន្តោប្រវេសន៍វៀតណាមខុសច្បាប់
ថ្ងៃទី30 កក្កដា 2014, 11:23 AM
ក្រសួងមហាផ្ទៃបញ្ជាក់ជំហរសហការជាមួយតំណាងរាស្ត្រគណបក្សជំទាស់ ដើម្បីត្រួតពិនិត្យច្បាប់អន្តោប្រវេសន៍ លើជនជាតិវៀតណាមដែលរស់នៅកម្ពុជា ខណៈមានការរិះគន់ថា ជនជាតិរបស់ប្រទេសនេះ មករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ជាច្រើនសែននាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODនៅថ្ងៃពុធនេះថា ស្ថាប័ននេះ និងសហការផ្តល់ឯកសារ ជនអន្តោប្រវេសន៍វៀតណាម ទៅឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើគណបក្សនេះចូលប្រជុំសភាខាងមុខនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងនៅក្នុងហ្វេសប៊ុករបស់លោកថា «នៅពេលគណបក្សសង្គ្រោះជាតិចូលប្រជុំសភាខាងមុខ លោកនឹងសុំឲ្យរដ្ឋមន្ត្រី ឬក្រសួងមហាផ្ទៃធ្វើស្ថិតិឲ្យបានច្បាស់លាស់អំពីជនអន្តោប្រវេសន៍នៅស្រុកខ្មែរ និងទី២ យើងទាមទារឲ្យរដ្ឋាភិបាលអនុវត្តច្បាប់អន្តោ ប្រវេសន៍ក្នុងប្រទេសកម្ពុជា»។
សេចក្តីព្រាងកិច្ចព្រមព្រៀងថ្មី៖រដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវតែចូលមកបំភ្លឺតាមសំណើរបស់តំណាងរាស្ត្រ
ថ្ងៃទី30 កក្កដា 2014, 10:00 AM
ក្រុមការងារជំនាញរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សម្រេចឯកភាពគ្នាថា រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវតែចូលមកបំភ្លឺតាមសំណើរបស់អ្នកតំណាងរាស្ត្រ ដែលជាចំណុចមួយថ្មីមួយ ដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញ។នេះបើយោងតាមសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីរវាងគណបក្សទាំងពីរ នៅក្នុងកិច្ចព្រមព្រៀងស្តីពីការចរចាធ្វើសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចុះហត្ថលេខាដោយលោក ឈាង វុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និង លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានក្រុមងាររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៤។
សេចក្តីព្រាងបញ្ជាក់ត្រង់ប្រការ៣២ថ្មីថា អ្នកតំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ដែល ត្រូវសរសេរជាលាយលក្ខណ៍អក្សរ រួចប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា ហើយចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឬច្រើនរូប។
សេចក្តីព្រាងឲ្យដឹងទៀតថា បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ឬសរសេរជាលាយលក្ខណ៍អក្សរ ហើយ«ចាំបាច់ត្រូវតែចូលមកបំភ្លឺតាមសំណើរបស់អ្នកតំណាងរាស្ត្រ»។ ចម្លើយខាងលើនេះ អាចត្រូវធ្វើឡើងក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
សេចក្តីព្រាងបញ្ជាក់ថា ចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចឲ្យមាន ឬមិនឲ្យមិនការជជែកដេញដោល។ បើគ្មានការបើកឲ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្តង។
ចំណែកប្រការ៣៤(ថ្មី)គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រី ឬវរជនណាមួយមកបំភ្លឺពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន ហើយ«រដ្ឋមន្ត្រី ឬវរជននោះចាំបាច់ត្រូវតែចូលមកបំភ្លឺ»។
ប្រការ៦ថ្មី(ពីរ)នៅក្នុងសេចក្តីព្រាង យល់ព្រមឲ្យមានការបង្កើតគណៈកម្មការថ្មីមួយគឺគណៈកម្មការទី១០-គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។ ចំណុចមួយទៀតបញ្ជាក់ថា អនុប្រធានទាំងពីរ ជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន។ កាលបើប្រធានអវត្តមាន ឬមកធ្វើការពុំបាន អនុប្រធានធ្វើការជួសប្រធានក្នុងឋានៈជាប្រធានស្ដីទី តាមរយៈលិខិតផ្ទេរសិទ្ធិ ហើយ«ការផ្ទេរសិទ្ធិនេះត្រូវធ្វើទៅតាមឋានានុក្រម»។
ចំណុចមួយទៀត លើកឡើងថា រដ្ឋសភាមានអគ្គលេខាធិការដ្ឋានមួយទទួលបន្ទុកខាងការរៀបចំធ្វើកំណត់ហេតុរបស់រដ្ឋសភានិងរបស់គណៈកម្មការនានា។អគ្គលេខាធិការដ្ឋាននេះទទួលរ៉ាប់រងនូវគ្រប់កិច្ចការរដ្ឋបាលនិងសេវានានាជូនរដ្ឋសភា និងគណៈកម្មការទាំងអស់ ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅរដ្ឋសភា។
អគ្គលេខាធិការដ្ឋានបង្កើតឲ្យមានការផ្សព្វផ្សាយរបស់គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា បន្ទាប់ពីសម័យប្រជុំពេញអង្គ។ខ្លឹមសារនៃការផ្សព្វផ្សាយនោះ ត្រូវស្របតាមរបៀបវារៈនៃសម័យប្រជុំរបស់រដ្ឋសភា ហើមានថេរៈវេលាមិនលើសពី២០នាទី។ការផ្សព្វផ្សាយព័ត៌មានរដ្ឋបាលជាភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
VOD មិនទាន់អាចទាក់ទង លោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីអត្ថាធិប្បាយបន្ថែមលើកិច្ចព្រមព្រៀងនេះបាននៅឡើយទេ។
លោក ឈាង វុន ប្រាប់VODថា លោកមិនអាចបញ្ជាក់ពីចំណុចខុសគ្នាបានទេ ដោយឲ្យទៅពិនិត្យមើលចំណុចចាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា សេចក្តីព្រាងនេះ នឹងត្រូវសម្រេចពេលបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា។
ចំណុចចាស់ ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ
មាត្រា ៨៧.-ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និង ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណី ដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
មាត្រា ៩៦.-តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា។ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរជាលាយលក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេនោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ការឆ្លើយសំណួរ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ។
មាត្រា ៩៧.-គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
អ្នកភូមិឡពាង ព្រមានធ្វើបាតុកម្មធំនៅដើមខែក្រោយ ដើម្បីឲ្យតុលាការដោះលែងសកម្មជនដីធ្លីពីរនាក់
ថ្ងៃទី29 កក្កដា 2014, 05:56 PM
អ្នកមានជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅ នាដើមខែសីហា ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លីចំនួនពីរនាក់ឲ្យមានសេរីភាពវិញ។
សកម្មជនដីធ្លីពីរនាក់ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់បញ្ជូនទៅតុលាការខេត្តនេះ កាលពីថ្ងៃទី២១ ខែកក្កដា ខណៈពួកគេមានជម្លោះជាមួយក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
ក្រសួងសេដ្ឋកិច្ចបដិសេធព័ត៌មានរដ្ឋមន្ត្រីទិញរថយន្ត Rolls Royce តម្លៃជិត១លានដុល្លារ
ថ្ងៃទី29 កក្កដា 2014, 05:24 PM
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបដិសេធព័ត៌មានរដ្ឋមន្ត្រីទិញរថយន្តទំនើបម៉ាក Rolls Royce តម្លៃជិត១លានដុល្លារថាជាព័ត៌មានមិនពិត។
ការបដិសេធនេះធ្វើឡើងក្រោយពីមានកាសែតក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចទិញរថយន្ត Rolls Royce តម្លៃជិត១លានដុល្លារ ដែលត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ។