Wed, 30 July 2014
ឃុតសុភចរិយា
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ ប្រជាសហគមន៍ជនជាតិភាគតិច គ្រឹង ភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងពីថ្ងៃអង្គារថា ការមិនអើពើរបស់សមត្ថកិច្ចនគរបាល និងរដ្ឋបាលព្រៃឈើ ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើ ធ្វើឲ្យជនជាតិវៀតណាម បួននាក់ដែលលបឆ្មក់ចូលមកកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ពួកគាត់ គេចខ្លួនដោយសុវត្ថិភាពកាលពីល្ងាចថ្ងៃចន្ទ។
លោក សេវ លាង តំណាងប្រជាសហគមន៍ ភូមិភិៈ បាននិយាយថា កាលពីល្ងាចថ្ងៃចន្ទបន្ទាប់ពីពួកគាត់ប្រទះឃើញជនជាតិវៀតណាមមានគ្នាបួននាក់ និងជនជាតិខ្មែរពីរនាក់ ស្លៀកពាក់ឯកសណ្ឋានកងទ័ព កំពុងអារឈើធ្នង់ ផ្ចឹក និងសុក្រំ នៅក្នុងតំបន់ព្រៃការពាររបស់សហគមន៍ ពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងរដ្ឋបាលព្រៃឈើ ឲ្យអន្តរាគមន៍ចាប់ជនល្មើសទាំងនោះ ប៉ុន្តែ សមត្ថកិច្ចមិនអើពើចុះមកភ្លាមៗទេ រហូតដល់ក្រុមឈ្មួញល្មើសទាំងនោះនាំគ្នាដឹកជញ្ជូនឈើទៅអស់ទើបសមត្ថកិច្ចចុះមកដល់។
លោក សេវ លាង បន្តថា៖ «ជនជាតិវៀតណាម ទាំងនោះបានឃុបឃិតគ្នាជាមួយពួកទាហានខ្មែរពីរនាក់ចូលមកកាប់ឈើក្នុងព្រៃសហគមន៍ពួកយើង។ ពួកគេមានកាំភ្លើង រណារយន្ត និងមានឡានកែច្នៃមួយគ្រឿង និងគោយន្តចំនួនពីរគ្រឿងផង»។
លោកបានបន្ថែមថា៖ «ពួកយើងរស់នៅអាស្រ័យលើការរុករកអនុផលព្រៃឈើ បើព្រៃឈើយើងត្រូវគេលួចកាប់អស់ តើឲ្យយើងរស់ម្ដេចបាន ពួកខ្ញុំមានការបារម្ភខ្លាំងណាស់អំពីបញ្ហានេះ»។
លោក សេវ ឌឿន មេភូមិ ភិៈ បាននិយាយថា ពេលអ្នកភូមិទូរស័ព្ទប្ដឹងនគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើថា មានពួកវៀតណាម និងពួកទាហានចូលមកកាប់ឈើក្នុងព្រៃសហគមន៍នោះ សមត្ថកិច្ចជាទូទៅមិនអើពើចុះមកភ្លាមៗទេ។
លោក ឌឿន អះអាងថា៖ «ពេលយើងប្រាប់ឲ្យជួយអាជ្ញាធរនិយាយថា ជាប់រវល់នេះ រវល់នោះ លុះរំលងបានមួយថ្ងៃពីរអ្នកកាប់ឈើដឹកឈើទៅអស់ទើបអាជ្ញាធរចុះមក ហើយមកចោទអ្នកភូមិយើងថា និយាយកុហក់ សមត្ថកិច្ច។
ជនជាតិ គ្រឹង យើងខ្ញុំមិនចេះកុហក់នោះទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពយ យ៉ុង នាយនគរបាលប៉ុស្តិ៍ ឃុំសេសាន បានប្រាប់ឲ្យដឹងថា គាត់ពិតជាទទួលបានដំណឹងនេះពីអ្នកភូមិរាយការណ៍មកពិតមែន ប៉ុន្តែ តំបន់នោះនៅឆ្ងាយពីភូមិប្រមាណ ៣០ គីឡូម៉ែត្រចូលទៅក្នុងព្រៃផ្លូវពិបាកធ្វើដំណើរ ដូច្នេះ មិនអាចទៅដល់ភ្លាមៗដូចចិត្តអ្នកភូមិចង់បាននោះទេ។
លោកនិយាយថា៖ «ទោះជាបែបណាក៏ដោយ នៅពេលកម្លាំងសមត្ថកិច្ចរបស់លោកសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើចុះប្រតិបត្តិការបង្ក្រាបនៅក្នុងតំបន់នោះ សមត្ថកិច្ចយើងរកមិនឃើញមានស្លាកស្នាមដើមឈើកាប់ថ្មី ដែលបញ្ជាក់ថា ក្រុមជនល្មើសបានចូលកាប់នោះទេ»។
ចំណែកលោក ផាន់ ភឿន នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានបញ្ជាក់ដែរថា ពួកគាត់បានចុះទៅកាន់តំបន់នោះទាំងយប់ បន្ទាប់ពីទទួលបានដំណឹងពីអ្នកភូមិ ប៉ុន្តែ មិនបានឃើញមានក្រុមជនល្មើស ឬស្លាកស្នាមកង់រថយន្ត ឬគោយន្ត ដែលក្រុមជនល្មើសប្រើជាមធ្យោបាយក្នុងការដឹកឈើចេញនោះទេ។ ម្យ៉ាងទៀតតំបន់នោះ បានខណ្ឌផ្ដាច់ដោយទឹកទន្លេ ដូច្នេះ ជនល្មើសមិនអាចដឹកឈើឆ្លងកាត់ដោយគោយន្ត និងរថយន្តកែច្នៃបានទេ។
លោក ផាន់ ភឿន បានឲ្យដឹងទៀតថា៖ «យើងជឿថា បទល្មើសព្រៃឈើពិតជាកើតមាននៅក្នុងតំបន់នោះ កាលពីមុនមកពិតមែន ប៉ុន្តែ ថ្មីៗនេះមិនមានបទល្មើសព្រៃឈើកើតឡើងដូចដែលអ្នកភូមិបានរាយការណ៍នោះទេ»៕
