ដោយ៖ ប្រែង សត្យាភិរក្ស និង សុវណ្ណ ប៊ុនថៃ
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមគ្រួសារលោក ហេង ចាន់ធូ ម្ចាស់ពាក្យបណ្តឹង (រូបដោយ៖សុវណ្ណ ប៊ុនថៃ)
ពលរដ្ឋ១គ្រួសារ រស់នៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ដាក់បណ្ដឹងសុំអន្តរាគមន៍ពីសមាគមអាដហុកខេត្តរតនគិរី ករណីមន្ត្រីពន្ធនាគារខេត្ត ទារលុយពីពួកគាត់ក្នុងចំនួនច្រើនជាថ្នូរនឹងការចូលសួរសុខទុក្ខ ឪពុករបស់គាត់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។
ពលរដ្ឋ ម្ចាស់បណ្ដឹងលោក ហេង ចាន់ធូ ប្រាប់VODនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២៧ ខែកក្កដា លោកនិងភរិយា បានទៅសួរសុខទុកឪពុកឈ្មោះ សុខ ហេង ដែលជាប់ឃុំនៅពន្ធនាគារខេត្តរតនគិរី ប៉ុន្តែត្រូវបានមន្ត្រីពន្ធនាគារទាមទារប្រាក់ចំនួន៨០០០០រៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យចូល។ លោកបន្តថា ដោយសារគ្រួសារលោកមានជីវភាពក្រីក្រ និងមិនមានលទ្ធផលដើម្បីប្រគល់ឲ្យមន្រី្តពន្ធនាគារនោះ ទើបសម្រេចដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីខាងសមាគមអាដហុក ដើម្បីសម្រួលឲ្យគាត់បានចូលជួបឪពុកចាស់ជរាផង។
លោក ហេង ចាន់ធូ ស្នើឲ្យមន្ត្រីពន្ធនាគារ កុំទាមទារប្រាក់ពីពលរដ្ឋក្រីក្រច្រើនពេក ព្រោះពួកគាត់គ្មានលទ្ធភាព ដើម្បីរកប្រាក់ក្នុងចំនួនច្រើនដូចនេះ សម្រាប់បង់ជូនពន្ធនាគារ ក្នុងការចូលសួរសុខទុក្ខម្ដងៗនោះទេ។
ប្រធានពន្ធនាគារ ខេត្តរតនគិរី លោក ទីន សុវណ្ណនី ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា មិនមានករណីទារលុយពីពលរដ្ឋឈ្មោះ ហេង ចាន់ធូ នោះទេ។ លោកចាត់ទុករឿងនេះ គឺជាការមូលបង្កាច់មកលើមន្ត្រីរបស់លោកប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដោសាយរ ឈ្មោះ ហេង ចាន់ធូ មកសុំសួរឪពុកចំថ្ងៃឈប់សម្រាក ហើយមិនមានការអនុញ្ញាតពីថ្នាក់លើផង ដូច្នេះលោកមិនអនុញ្ញាតឲ្យចូល ទើបធ្វើឲ្យរូបគេប្រកាន់ខឹង ហើយមូលបង្កាច់ចំពោះមន្ត្រីរបស់លោក។
ពាក់ព័ន្ធនឹងករណីនេះដែរ មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា ខាងលោកពិតជាបានទទួលពាក្យបណ្ដឹងពីពលរដ្ឋឈ្មោះ ហេង ចាន់ធូ មែន ហើយបានជូនព័ត៌មានទៅកាន់លោកអភិបាលខេត្តហើយដែរ។ លោកបន្ថែមថា សមាគមបានចាត់មន្ត្រី២រូប ដើម្បីជូនម្ចាស់បណ្ដឹងទៅសួរសុខទុក្ខឪពុក និងស៊ើបអង្កេតករណីនេះ៕
សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស និងលោក សុវណ្ណ ប៊ុនថៃ តាមរយៈ phireak1988.kth@gmail.com