​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ថា​សេរីភាព​លើ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា កំពុង​រង​ការគំរាមកំហែង​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com

​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) ថា​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា កំពុង​រង​នូវ​ការគំរាមកំហែង និង​ការចោទប្រកាន់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា បាន​លើកឡើង​នូវ​ករណី​មួយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា សម្រេច​ផ្តន្ទាទោស​លើ អ្នកសារព័ត៌មាន និង​ជា​អ្នកសរសេរ​ប្លុក​លើ​អ៊ី​ន​ធើ​ណែ​ត (blogger) ជនជាតិ​អង់គ្លេស​មួយរូប លោក Rupert Winchester ពី​បទ​បរិហាកេរ្តិ៍ ។ ការចោទប្រកាន់​នេះ បាន​កើតឡើង​ប៉ុន្មាន​ខែ ក្រោយ​ពី​ការលេចឮ​នូវ​គម្រោង​អនុវត្ត​សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា (cybercrime law) ។​

​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៣ លោក Rupert Winchester បាន​បង្ហោះ​នូវ​អត្ថបទ​មួយ​ក្នុង​ទំព័រ​ប្លុក (blog) របស់លោក ដែល​មាន​ចំណងជើង​ថា The Mighty Penh ពាក់ព័ន្ធ​នឹង​តម្រូវការ​នៃ​ការការពារ​បេតិកភណ្ឌ​ស្ថាបត្យកម្ម​របស់​កម្ពុជា ។ អត្ថបទ​នោះ​បាន​លើកឡើង​ឧទាហរណ៍​មួយ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ឈ្មោះ ស៊ី​ធី​ស្តារ បាន​ព្យាយាម​លក់​វីឡា​សម័យ​អាណានិគម​មួយ ក្នុងតម្លៃ ១៤ លាន​ដុល្លារ ដោយ​បាន​ដឹង​មុន​ថា អ្នកទិញ នឹង​វាយ​កម្ទេច​វីឡា​នោះ ហើយ​សាងសង់​ខុន​ដូកម្ពស់ ៧​ជាន់​នៅ​ទីនោះ​។​

​ប៉ុន្តែ​ការលើកឡើង​នេះ ត្រូវបាន​នាយក​គ្រប់គ្រង​ក្នុង​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន ស៊ី​ធី​ស្តារ លោក Etienna Chenevier ប្តឹង ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ សម្រេច​ផ្តន្ទាទោស​លោក Rupert Winchester ដោយ​ពិន័យ​ប្រាក់ ៨​លាន​រៀល និង​សង​ជម្ងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន ចំនួន ១០០​លាន​រៀល​។​

​ករណីនេះ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធ យល់ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ផ្តន្ទាទោស​នេះ មិន​មាន​ភាព​សមាមាត្រ ទៅ​នឹង​ទង្វើ​របស់​អ្នកសារព័ត៌មាន​រូប​នោះ​ឡើយ សម្រាប់​ការបញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ លោក​ថា ក្នុងករណី​ដែល​ការបង្ហាញ​ព័ត៌មាន​ក្នុង​ប្លុក ឬ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ខុសពី​ការពិត​នោះ ការផ្តន្ទាទោស​គប្បី​ត្រឹម​ជា​ការស្នើ​កែតម្រូវ ឬ​ការ​សុំទោស​ជា​សាធារណៈ​។

​សម្រាប់​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុកថា ករណីនេះបង្ហាញ​ពី​សញ្ញាណ​នៃ​ការគំរាមកំហែង​លើ​ការបញ្ចេញមតិ ដោយ​ការអនុវត្ត​ច្បាប់​ចោទប្រកាន់​ធ្ងន់ធ្ងរ​។ លោកស្រី គិតថា បញ្ហា​ចោទ​ដែល​នាំឲ្យមាន​បញ្ហា​សម្រាប់​សារព័ត៌មា​ន គឺ​ការ​មិន​បើកទូលាយ​ព័ត៌មាន នៃ​ស្ថាប័ន​ពាក់ព័ន្ធ​។

​បើ​តាម​ការវាយតម្លៃរ​បស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ចាប់ពី​ឆ្នាំ​២០១២​មក កម្ពុជា ពុំ​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​នៃ​ការបញ្ចេញ​មតិ​ល្អ​នោះទេ ។ តួយ៉ាង ក្នុង​ឆ្នាំ​២០១២​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​១១៧ ឆ្នាំ​២០១៣ ចំណាត់ថ្នាក់​១៤៣ ហើយ​នៅ​ដើមឆ្នាំ​២០១៤ ទទួលបាន​ចំណាត់ថ្នាក់​ពី​១៤៣ ទៅ​១៤៤ ក្នុងចំណោម​ប្រទេស​១៧៩ ។​

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles