តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ចេញ​ខាត​លើ​សេវាកម្ម​រថយន្ត​ក្រុង​ឬ​ទេ?

ដោយ អាន ស៊ីថាវ
2014-08-01
RFA

ឡាន​ក្រុង ៦១០
យុវតី​ជិះ​ក្នុង​រថយន្ត​ក្រុង​សាកល្បង​របស់​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​ពី​ចំណត​គល់​ស្ពាន​ជ្រោយចង្វា ស្តាតចាស់ ឆ្ពោះ​ទៅ​ចំណត​គល់​ស្ពាន​ព្រះមុនីវង្ស ផ្សារ​ច្បារអំពៅ ផ្តល់​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Den Ayuthyea

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា​នឹង​បើក​ឲ្យ​មាន​រដ្ឋាករ​ស្វយ័ត លើ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹក​ជញ្ជូន​សេវាកម្ម​រថយន្ត​ក្រុង បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​អនុវត្ត​បរាជ័យ។ ការ​អន្តរាគមន៍​របស់​រដ្ឋ​នៅ​ពេល​នេះ គឺ​ជា​រឿង​មួយ​ត្រឹមត្រូវ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ឬ​ទេ ដើម្បី​ចេញ​ខាត​លើ​ការ​ឧបត្ថម្ភ​ធន​នេះ?

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ថា រដ្ឋាភិបាល​របស់​លោក​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​បង្កើត​សេវា​រថយន្ត​ក្រុង​ដោយ​ខ្លួន​ឯង​បាន។ ការ​ប្រកាស​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​នានា​ដែល​បាន​សាកល្បង​សេវាកម្ម​ដឹក​ជញ្ជូន​មួយ​រយៈ ហើយ​ក៏​បញ្ឈប់​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​ដោយ បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា និង​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​បង្កើត​ជា​រដ្ឋាករ​ស្វយ័ត ដឹក​ជញ្ជូន​សេវា​រថយន្ត​ក្រុង ដែល​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​ធ្វើ​បរាជ័យ៖ «សំឡេង»។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​លើ​ការ​បង្កើត​សេវាកម្ម​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ចំពោះ​កុមារ ជន​ពិការ ព្រះសង្ឃ នឹង​មិន​បង់​ប្រាក់​ឡើយ។ ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា កុំ​រិះគន់​ការ​លូក​ដៃ​ចូល​ក្នុង​ការ​ផ្ដល់​សេវាកម្ម​រថយន្ត​ក្រុង​នេះ ប្រាសចាក​ពី​គោលការណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ស្ថាប័ន​រដ្ឋាករ​រថយន្ត​ក្រុង​ថ្មី​នេះ រួម​មាន រថយន្ត​ចំនួន ៤០​គ្រឿង និង​គ្រោង​ពង្រីក​ឲ្យ​មាន​បណ្ដាញ​រថយន្ត​ក្រុង​ជាច្រើន​ខ្សែ​ទៀត ដើម្បី​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​លូក​ដៃ​ចូល​របស់​រដ្ឋ អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់ ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ក្រុម​ទៀត​យល់​ថា ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​មាន​តួនាទី​ចម្បង ចំណែក​រដ្ឋ​វិញ​ត្រូវ​មាន​តួនាទី​តិចតួច​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ផ្សារ​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព រដ្ឋ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​នានា ដែល​យន្តការ​ទីផ្សារ​អាច​ដំណើរ​ការ​បាន​ដោយ​ជោគជ័យ ក្នុង​ការ​កំណត់​ថ្លៃ​ទំនិញ និង​សេវា។

អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋ​លូក​ដៃ​ចូល​នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ឡើយ ដោយសារ​ហេតុផល​សំខាន់​បី។ ទី​មួយ ភាព​អន់​ខ្សោយ​នៅ​ក្នុង​ព័ត៌មាន។ ទី​ពីរ ភាព​ទន់​ខ្សោយ​ក្នុង​ផ្នែក​ត្រួត​ពិនិត្យ​លើ​ការ​ឆ្លើយ​តប​របស់​វិស័យ​ឯកជន និង​ទី​បី ភាព​ទន់​ខ្សោយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការិយាធិបតេយ្យ។ ការ​លូក​ដៃ​ចូល​របស់​រដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ច អាច​ធ្វើ​ឲ្យ​ទីផ្សារ​បរាជ័យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ធ្វើ​អន្តរាគមន៍​របស់​រដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ច អាច​ធ្វើ​ទៅ​បាន​ដែរ ដោយសារ​កត្តា​ពីរ គឺ​ការ​វិនិយោគ​ផ្ទាល់ និង​ការ​ធ្វើ​គោល​នយោបាយ។ ការ​វិនិយោគ​ផ្ទាល់ គឺ​សំដៅ​លើ​ការ​ផលិត​ទំនិញ​សាធារណៈ ដែល​សង្គម​ត្រូវ​ការ​ប្រើប្រាស់ ហើយ​ឯកជន​មិន​វិនិយោគ ដោយសារ​តែ​អត្ថប្រយោជន៍​ទទួល​បាន​ទាប ឬ​ផល​ចំណេញ មិន​បាន​ផ្ដល់​ភ្លាមៗ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្កើត​សាវា​រថយន្ត​ក្រុង​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ ហាក់​ជា​រឿង​មួយ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា ភាព​បរាជ័យ​នៃ​ការ​ផ្គត់ផ្គង់​សេវាកម្ម​រថយន្ត​ក្រុង​កន្លង​មក បណ្ដាល​មក​ពី​កត្តា​សំខាន់​ពីរ។ ទី​មួយ អ្នក​គាំទ្រ​តិច មាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​និយម​ប្រើប្រាស់​សេវាកម្ម​នៅ​មាន​កម្រិត​នៅ​ឡើយ។ ទី​ពីរ ការ​ផ្ដល់​បណ្ដាញ​នៃ​សេវាកម្ម​មិន​សម្បូរ​បែប ទាំង​ចំនួន​រថយន្ត និង​បណ្ដាញ​ផ្លូវ។ ម្យ៉ាង​វិញ​ទៀត ការ​យក​កម្រៃ​ទាប ក៏​ជា​កត្តា​ធ្វើ​ឲ្យ​សេវាកម្ម​រថយន្ត​ក្រុង​បរាជ័យ​ដែរ ព្រោះ​ចំណេញ​តិច ហើយ​ចំណាយ​លុយ​វិនិយោគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា ភាព​ជោគជ័យ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​នេះ អាស្រ័យ​លើ​ធនធាន​របស់​រដ្ឋ៖ «សំឡេង»។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​បង្កើត​ឲ្យ​មាន​ខ្សែ​បន្ថែម​ចំនួន​៨​ផ្សេង​ទៀត ដើម្បី​ចរាចរ​រថយន្ត​ក្រុង​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ ក្នុង​នោះ ពេល​វេលា​នៃ​ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​មាន​រយៈពេល ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​មាន​តម្លៃ​សំបុត្រ ១.៥០០​រៀល​សម្រាប់​មនុស្ស​ម្នាក់។ ប៉ុន្តែ ការ​ចំណាយ​សរុប​លើ​ការ​បង្កើត​សេវា​នេះ នៅ​មិន​ទាន់​ដឹង​ជាក់​លាក់​នៅ​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ៖ «សំឡេង»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​ដេញ​ថ្លៃ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​រថយន្ត​ក្រុង​កន្លង​មក គឺ​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង ដោយ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា ចៃកា (JICA)។ ក្រុមហ៊ុន​ទាំង​នោះ​បាន​អះអាង​ថា ការ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នេះ ដោយសារ​តែ​មិន​ចំណេញ បើ​ប្រៀបធៀប​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​សាំង និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក៏​មាន​ចំនួន​តិចតួច។

របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ទីក្រុង និង​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង មាន​ចំនួន​ប្រមាណ ៤​លាន​នាក់។ ចំណែក​រថយន្ត​មាន​ចំនួន ៣​សែន​គ្រឿង និង​ម៉ូតូ​មាន​ចំនួន ១​លាន​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ចេញ​ខាត​លើ​សេវាកម្ម​រថយន្ត​ក្រុង​ឬ​ទេ?"

  1. Lay Sokha says:

    I want to walk , but I could not walk, where can I walk. I walk in the street? Phnom Penh. Has no space to walk, spaces are being rented to do business! Cars, trucks and motorcycles parked in the streets, no spaces or no room to walk!

  2. Lay Sokha says:

    For 25 years or 30 years , no one talk about where I can walk in the city! Why people in City could not walk to market or to working places?

  3. If you walk, it doesn’t mean you are safe. You might be robbed or attacked by robbers or gangsters or you might be killed by traffic accidents. Where can you cross the road? Most cars and motorcycle riders have never stopped when the light is red.
    Democratic countries never manage/provide public transports themselves. They can’t do it. Public transport should be managed by private companies but under the government rules.
    I don’t think the City Hall of Phnom Penh can manage or establish the public transport. It won’t happen.

  4. Prek Eng says:

    បើរដ្ឋគ្រប់គ្រងសេដ្ឋកិច្ចគឺ១០០%ត្រូវខាតរាល់ខែរាល់ឆ្នាំ។ មានកត្តាច្រើនយ៉ាងជាប្រភពនៃការខាតបង់ បើឯកជនគ្រប់គ្រងវាជារឿងដោយឡែក តែជួនកាលវាគ្រាន់តែជាល្បិចហែកពីមួយយកទៅឲ្យមួយទៀត ក៏ថាបាន