Fri, 1 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: រូបថតគ្រងចីពរពណ៌លឿង កោរសក់ ពែនភ្នែន គង់នៅលើគ្រែ អមជាមួយសៀវភៅធម៌នៅជាប់ខ្លួន បែបអារម្មណ៍ស្ងប់ស្ងាត់ប្រណិប័តន៍ធម៌វិន័យនោះ លោក អ៊ិន សុបញ្ញា ហៅ ផាណូ ជាស្វាមី វ័យក្មេងរបស់តារាចម្រៀងអ្នកនាង ខាត់ សុឃីម ស្រាប់តែបង្ហោះចេញនៅក្នុងគណនីហ្វេសប៊ុករបស់លោក និងបង្កការភ្ញាក់ផ្អើលយ៉ាងកក្រើក។ អ្នកបានឃើញរូបនេះនាំគ្នាជជែកចោទសួរថា តើប្ដីអ្នកនាង ខាត់ សុឃីម ទៅបួសពីអង្កាល់ ហើយតិចលោលោក ខូចចិត្តរឿងអីទេដឹងបានរត់ទៅបួសស្ងាត់ៗយ៉ាងនេះ។
ទស្សនៈខ្លះទៀតលើកឡើងថា៖«គ្មានរឿងអីក្រៅពីរឿងស្នេហាទេ គ្មាននរណាសុខៗរត់ទៅបួសទេ តែអ្នកខ្លះគេបួសកាន់ទុក្ខ តែនេះមិនដែលឮមានសាច់ញាតិណាមួយរបស់លោក ផាណូ នេះស្លាប់ផងហ្នឹង»។
បើទោះជាមានការចោទជាសំណួរ យ៉ាងដូច្នេះក្តី ក៏ម្ចាស់គណនីដែលគេស្គាល់ថា ជាប្តី តារាចម្រៀងល្បីអ្នកនាង ខាត់ សុឃីម មិនប្រាប់តបថា លោកបួសនៅពេលណា ហើយបួសនេះព្រោះមូលហេតុអ្វីនោះទេ ក្រៅពីប្រាប់ថា៖ «មូលហេតុធ្វើឲ្យខ្ញុំជក់ចិត្តនឹងសក់ខ្លី» និងបញ្ជាក់ថា៖ «តែបួសនេះមិនដូចព្រះសិអារ្យមេត្រីទេ»។
ការលើកមកបង្ហាញកំបុតខ្លីចុងមាត់ចុងក និងបដិសេធថាខ្លួនបួស មិនដូចព្រះសិអារ្យមេត្រី លោក ធាន វុទ្ធី វត្តទូរាជា លោក ផាណូ រឹតតែធ្វើឲ្យមហាជនគិតថា លោកទើបតែបួសនៅពេលថ្មីៗទើបបានខ្លាចគេភ្ជាប់វត្តមាន លោកទៅនឹងលោក ធាន វុទ្ធី។
បកស្រាយជុំវិញរូបថតស្វាមីក្នុងរូបភាពជាសង្ឃនោះ តារាចម្រៀងពហុទេពកោសល្យអ្នកនាងខាត់ សុឃីម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «រូបថតបួសជាសង្ឃរបស់ប្តីខ្ញុំ ដែលបង្ហោះក្នុងហ្វេសប៊ុកនោះ វាជារូបភាពចាស់ទេ មិនមែនទើបតែថ្មីៗនេះឯណា តែគាត់ទើបតែនឹកឃើញបង្ហោះ»។
អ្នកនាងខាត់ សុឃីម បានប្រាប់ឲ្យដឹងទៀតថា រូបថតប្តីខ្ញុំគាត់បួសនោះ តាំងពីពួកយើងបានភ្ជាប់ពាក្យជាមួយគ្នាម្ល៉េះ កាលនោះគាត់បួស រយៈពេលមួយអាទិត្យ នៅស្វាយរៀងស្រុកកំណើត គាត់បួសនោះក៏គ្មានអ្វីដែរ គឺបួសសងគុណម្តាយ»។
លោក ផាណូ ត្រូវបានមហាជនកត់សម្គាល់ឃើញថា ក្រោយពីបញ្ចប់ភាពនៅលីវ ដែលពោរពេញដោយភាពហ៊ឺហា លេងសក់ លេងពុកមាត់ ជាតារាភាពយន្ត ហើយក្រោយមកគេងរួមខ្នើយជាមួយអ្នកម៉េមាយកូនមួយវ័យបងដល់ជិតមួយជួរនោះ លោក មានការផ្លាស់ប្តូរច្រើន ពិសេសគេសម្គាល់ពីម៉ូដសក់ ឃើញតែកោរត្រងោលរហូត។
បញ្ជាក់ពីម៉ូដកោរត្រងោលរបស់ប្តីនោះ ខាត់ សុឃីម បានប្រាប់ថា៖ «ខ្ញុំមិនដឹងយ៉ាងណាដែរ តែគាត់បានប្រាប់ខ្ញុំថា តាំងពីកោរសក់បួសសងគុណម្តាយនោះមក ទុកសក់វែងលែងចេះនៅ ដូចជា រសាប់រសល់ ឬក៏ចង់ឈឺមិនដឹង។ ដូចបងប្អូនឃើញមែន តាំងពីគាត់ចាប់ដៃខ្ញុំមក ឃើញតែគាត់កោរសក់ តែនេះក៏មិនមែនមកពីខ្ញុំបង្គាប់ទេ គឺការសម្រេចចិត្តគាត់»។
អ្នកនាង ខាត់ សុឃីម អះអាងជួសប្តីថា៖ «កាលដែលគាត់សុខៗស្រាប់តែយករូបគាត់បួស មកបង្ហោះក្នុងហ្វេសប៊ុកនោះ មិនមែនមានចេតនា បង្កការភ្ជាក់ផ្អើលឬស្វែងរកការគាំទ្រស្អីនោះទេ គាត់រំឭកខ្លួនដែលបានបួសសងគុណម្តាយក្នុងនាមកូនប្រុស»។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ទៀតថា៖ «ក្នុងហ្វេសប៊ុកគាត់ក៏បានសរសេរប្រាប់ថា (មូលហេតុធ្វើឲ្យខ្ញុំជក់ចិត្តនឹងសក់ខ្លី)។ ន័យនោះគាត់ចង់ប្រាប់ថា ដោយសារតែធ្លាប់បួស កោរសក់នោះឯង ទើបគាត់លែងចេះទុកសក់នោះហើយ»៕
