ព្រៃ​ការពារ​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ

ឈើ​ដែល​គេ​ទើប​នឹង​កាប់​នៅ​តំបន់​ព្រៃ​ការ​ពារ​អូរទុង ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ ខេត្ត​រតន​គិរី​។ រូបថត អាដ​ហុក​

ឈើ​ដែល​គេ​ទើប​នឹង​កាប់​នៅ​តំបន់​ព្រៃ​ការ​ពារ​អូរទុង ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ ខេត្ត​រតន​គិរី​។ រូបថត អាដ​ហុក​



ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែល​ទើប​តែ​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន កាលពី​បី​សប្តាហ៍​មុន កំពុង​តែ​ទទួលរង​ការ​កាប់​បំផ្លាញ​ហើយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​បន្ទាប់ពី​រក​ឃើញ​ឈើ ១០០ ម៉ែត្រ​គុប តម្លៃ​ប្រមាណ​១២​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ព្រៃ។

កាលពី​ថ្ងៃទី៩ ខែ​កក្កដា ព្រៃ​សហគមន៍​ចំនួន ៥ ទំហំ​សរុប​ចំនួន ១៨ ៣៩៥ ហិកតា ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ត្រូវ​បាន​ក្រសួង​បរិស្ថាន ចុះ​ហត្ថលេខា ដាក់​ជា​តំបន់​ការពារ​ធម្មជាតិ។ តំបន់​ទាំង​ប្រាំ​នេះ រួម​មាន អូរ​ចាយ អូរ​ទុង អូរ​តាបូក មណ្ឌល​យ៉ន និង អួតខាំផា។ ប៉ុន្តែ​តំបន់​ការពារ​អូរទុង​ទំហំ ៩៨៦២ ហិកតា ស្ថិត​នៅ​ក្នុង​ឃុំ​កុក​ឡាក់ ស្រុក​វ៉ឺនសៃ ខេត្ត​រតន​គិរី ត្រូវ​បាន​សហគមន៍​អះអាង​ថា កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ ពី​ក្រុម​ឈ្មួញ ហើយ​ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ទៅ​អង្គការ​អាដហុក​ខេត្ត​កាលពី​ម្សិលមិញ។

លោក​ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គ​ការ​អាដហុក បាន​ឲ្យ​ដឹង​បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​នោះ​ថា ក្រុម​ល្បាត បាន​ប្រទះ​ឃើញ​ឈើ​ធ្នង់ ដែល​គេ​លួច​កាប់​ប្រមាណ ១០០ ម៉ែត្រគុប នៅ​ពេល​ចុះ​ល្បាត​កាលពី​ចុង​ខែ​កក្កដា។ ក្រៅពី​នោះ​ក៏​ឃើញ​មាន​ផ្លូវ​ឡាន រទេះ ក្របី និង​គល់​ឈើ​ធំៗ បន្សល់​ទុក​ពី​ការកាប់​ផងដែរ។

លោក បន្តថា៖«ព្រៃ​ការពារ​សហគមន៍​ផ្សេងៗ ត្រូវ​បាន​កាប់​បំផ្លាញ​អស់​រលីង​ហើយ​ដោយ​មិនមាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។ មក​ដល់​ពេល​នេះ ព្រៃ​ការពារ អូរ​ទុង ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ ពី​ក្រុម​ឈ្មួញ​ដោយ​ខុស​ច្បាប់»។

លោក​បន្ថែម​ថា តម្លៃ​ឈើ​ប្រណីត​បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ដែល​ប្រភេទ​ឈើ​ទាំង​នោះ កាន់​តែ​ខ្សត់​ទៅ។ ឈើ​ធ្នង់​មួយ​ម៉ែត្រ​គុប​ជា​មធ្យម​តម្លៃ ១២០០ ដុល្លារ ដូច​នេះ ១០០ ម៉ែត្រគុប មាន​តម្លៃ ១២ ម៉ឺន​ដុល្លារ។ លោក​ឆាយ ធី​ថ្លែង​ទៀត​ថា៖

«ព្រៃ​ការពារ​នោះ គឺជា​ព្រៃ​នៅ​សេសសល់​ចុង​ក្រោយ។ សហគមន៍​អស់​លទ្ធភាព​ទប់ស្កាត់ និង​អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ទើប​រក​អាដហុក​ជួយ»។ អា​ហុក​ខេត្ត នឹង​ធ្វើ​ការ​អង្កេត​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​នឹង​មន្ត្រី​នៅ​ស្នាក់ការ​កណ្តាល។ ក្រៅពី​នោះ ក៏​នឹង​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ។

លោក​កឿ​ន ម៉ូ​ច​អាយុ ៥៣ ឆ្នាំ​ជា​ជនជាតិ​កា​វ៉ែត​បាន​ឲ្យ​ដឹងថា សហគមន៍​លោក បាន​ល្បាត​ក្នុង​មួយ​ខែ​ពីរ​ដង ដើម្បី​ទប់ស្កាត់​បទល្មើស ប៉ុន្តែ​មិនអាច​ទប់ស្កាត់បាន​នោះទេ ដោយ​សារ​មាន​កម្លាំង​តែ ៩ នាក់​ប៉ុណ្ណោះ។ លើស​ពី​នោះ​សហគមន៍​ក៏​ជាប់​រវល់​នឹង​ការ​ដាំ​ដុះ​ផងដែរ។

លោក​ថ្លែងថា៖«យើង​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​កាប់​នោះ​ទេ​ព្រោះ​មិន​ដែល​បាន​ជួប។ សហគមន៍​កំពុង​ឃ្លាំ​មើល​រក​ជន​ប្រព្រឹត្ត និង​អ្នក​នៅ​ពីក្រោយ ហើយ​នឹង​ដាក់​ពាក្យ​ប្តឹង»។

លោក​ជូ សុភ័ក្ត្រ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បាន​ថ្លែងថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ លោក​បាន​សុំ​ឲ្យ​សហគមន៍​ផ្តល់​ដំណឹង​នេះ​ទៅ​លោក ដើម្បី​ជួយ​គ្នា​ចាត់វិធានការ​ទប់ស្កាត់។

លោក​បន្ត​ថា៖«ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​គឺ​ដើម្បី​ឲ្យ​សហគមន៍​ចូល​រួម​ទប់ស្កាត់។ តែ​បើ​គាត់​ធ្វើ​មិន​ឈ្នះ​ទេ សូម​ប្រាប់​មក​យើង​នឹង​ជួយ​ទប់ស្កាត់​ទាំងអស់​គ្នា»៕


What Next?

Recent Articles