លោក ស ខេង បារម្ភ​ពី​បញ្ហា​គនេយ្យភាព បើ​សមាជិក​គជប មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី1 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​លើកយក​បញ្ហា​គនេយ្យភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ក្នុងករណី​សមាជិក​មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​នៅ​រដ្ឋសភា​។​

​លោក ស ខេង ថ្លែងថា ចំណុច​ពីរ ដែល​ត្រូវ​មាន​ការពិភាក្សា​លម្អិត គឺ​បញ្ហា​ផ្តល់​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​ដល់​សមាជិក​គជប និង​បញ្ហា​ទី​២ គឺ​ថវិកា​ស្វយ័ត​របស់​គជប​។ លោក​បន្តថា ប្រសិនបើ​សមាជិក​គជប មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ សំណួរ​សួរថា តើ​គជប​ត្រូវមាន​គនេយ្យភាព​ទៅ​អំណាច​មួយ​ណា ក្នុងចំណោម​អំណាច​ទាំង​បី គឺ​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​។ លោក​បញ្ជាក់ថា​នេះ​ជា​រឿង​ថ្មី​មួយទៀត ដែល​ត្រូវ​ពិភាក្សា​ពី​បំណង​ជាក់លាក់​ក្នុង​ការស្នើ​សមាជិក​គជប​ឲ្យមាន​អភ័យឯកសិទ្ធិដូច​តំណាងរាស្ត្រ​។​

​លោក ស ខេង បញ្ជាក់ថា​«​នេះ​គឺជា​បញ្ហា​ធំ​ណាស់ មិនមែន​ជា​រឿង​លេងសើច​ទេ យើង​ត្រូវ​គិត​គ្រប់​ជ្រុងជ្រោយ​។​យើង​នឹង​ជជែក​គ្នា​ទៀត ថា​រក​ច្រក​ណា​ចេញ​»​។​

​លោក​ក៏​បាន​លើកយក​បញ្ហា​មួយទៀត​ទាក់ទង​នឹង​ថវិកា​ស្វ័យភាព​របស់​គជប ដែល​ប្រភព​ថវិកា​ទាំងនោះ អាច​មក​ពី​រដ្ឋាភិបាល និង​ពី​ប្រភព​ក្រៅ​។ លោក​លើក​ជា​សំណួរ​ថា​តើ​គជប ត្រូវ​ធ្វើ​គនេយ្យភាព​ជាមួយ​ស្ថាប័ន​ណាមួយ ហើយ​ក្នុង​ករណី​មិន​មាន​គនេយ្យភាព​ទៅកាន់​រដ្ឋាភិបាល ថា​តើ​អាចធ្វើ​បាន​ដែរឬទេ​។​

​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ធ្វើឡើង​ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ឲ្យ​សមាជិក គជប​ថ្មី​នេះ មាន​អភ័យឯកសិទ្ធិ ដូច​តំណាងរាស្ត្រ ក្នុង​ការបំពេញ​តួនាទី​របស់​លោក​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការស្នើ​អភ័យឯកសិទ្ធិ ដើម្បី​ធានា​ឯករាជ្យភាព​នេះ ដោយសារ​គណបក្ស​នេះ សង្កេតឃើញថា បរិបទ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន មិនទាន់​មាន​ភាព​ឯករាជ្យ ហើយ​បរិយាកាស​នយោបាយ នៅ​មាន​ការគាបសង្កត់​នៅឡើយ «​ខាង​គណបក្ស​សង្គ្រោះ​ជាតិ យើង​បាន​ស្នើ​ហើយ នេះ​ទុក​ពេលវេលា​ឲ្យ​គាត់​គិត​ពិចារណា​ទៅ​។ ជា​ការ​ល្អ​ពី​ព្រោះ​ក្នុង​កាលៈទេសៈ​ដែល​តុលាការ មិន​ឯករាជ្យ ហើយ​មាន​បរិយាកាស​នយោបាយ មាន​ការគាបសង្កត់ យើង​ចង់ឲ្យ​សមាជិកគជប បាន​បំពេញ​ភារកិច្ច កាតព្វកិច្ច ប្រកប​ដោយ​ឯករាជ្យ និង​អព្យាក្រឹត្យ​»​។​

​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (ERA) ក៏​បាន​ស្នើឲ្យ​គណបក្ស​នយោបាយ​ទាំងពី​រ រៀបចំ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ ដោយ​ចែង​កំណត់ ផ្តល់​អភ័យឯកសិទ្ធិ​ដល់​សមាជិក គជប ថ្មី ដូច​តំណាងរាស្ត្រ ដើម្បី​ធានា​ឯករាជ្យ​នៃ​សមាជិក​ស្ថាប័ន​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការស្នើ​អភ័យឯកសិទ្ធិ​សមាជិក គជប ថ្មី​នេះ លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ និង​ជា​សមាជិក​ទី​៩ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​បក្ស​ទាំងពីរ មាន​ជំនឿ​ជា​ក់ថា គណបក្ស​ទាំង​ពីរ គឺ​សុទ្ធតែ​បាន​ទទួលយក​សំណើ​របស់​លោកស្រី រួចមកហើយ  ដោយសារ​មិន​មាន​ការបដិសេធ ជា​លាយលក្ខណ៍អក្ស​រណា​មួយ​ឡើយ នៅក្នុង​លិខិត​ឆ្លើយតប​របស់​គណបក្ស​ទាំងពីរ ដែល​លោកស្រី បាន​ដាក់​លក្ខខណ្ឌ​មុន​សម្រេច​ទទួល​យក​តួនាទី​នោះ «​ថ្ងៃនេះ​បាន​ទទួល​សំបុត្រ​ទាំងពីរ​ហ្នឹងហើយ ព្រម​ហើយ យើង​មិន​ទទួល​[​សំបុត្រ​]​ណាមួយ​ឆ្លើយថា អត់​ទទួល​យក​បាន​ទេ​។ ម្សិលមិញ​យប់ ថា​ដើម្បី​នឹង​ជម្រាប​ជូន​បងប្អូន​ជា​ប្រជាពលរដ្ឋ លក្ខខណ្ឌ​ទាំង​ប៉ុន្មាន គណបក្ស​ទាំង​ពីរ​ទទួល​ព្រម​ហើយ​។ យើង​ងាក​ទៅ​មើល​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ពង្រៀង រដ្ឋសភា​មិន​ទាន់​អនុម័ត​ទេ ប៉ុន្តែ​ឃើញថា ពង្រៀង​ហ្នឹង​នៅក្នុង​ហ្នឹង​មាន​ទាំងអស់​»៕

​សរសេរ​កាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles