​សង្គម​ស៊ីវិល និង​អ្នកច្បាប់ ថា​ការផ្តល់​អភ័យឯកសិទ្ធិ​ដល់ គជប អាច​មាន​គុណសម្បត្តិ និង​គុណវិបត្ត

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី1 សីហា 2014
http://vodhotnews.com

​សង្គម​ស៊ីវិល និង​អ្នកច្បាប់ ចាត់ទុក​ការផ្តល់​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​ដល់​សមាជិក គជប ថ្មី អាច​ធានា​នូវ​សិទ្ធិ​សម្រេច​ពេញលេញ​របស់​ស្ថាប័ន​នេះ តែ​ក៏​អាច​ប្រឈម​នឹង​បញ្ហា ប្រសិនបើ​សមាជិក​ទាំងនោះ មិន​មាន​ឯករាជ្យភាព​។​

​ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ឯកភាព​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ដាក់​ស្ថាប័ន គជប ក្នុង​ជំពូក​១៥ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ការជ្រើសរើស​សមាសភាព គជប គឺ​តាមរយៈ​ការប្រើ​រូបមន្ត​៤​រូប មកពី​គណបក្សប្រជាជនកម្ពុជា ៤​រូប​ពី​គណបក្សសង្គ្រោះជាតិ និង​១​រូប​ទៀត​ជ្រើសរើស​ដោយ​ការព្រមព្រៀង​គ្នា​។​

​ទន្ទឹម​នឹង​ដំណើរការ​វិសោធនកម្ម​នេះ ការទាមទារ​អភ័យឯកសិទ្ធិ​ដល់​សមាជិក​ស្ថាប័ន​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ក្នុង​គោលបំណង​ធ្វើឲ្យ​ស្ថាប័ន​នេះ កាន់តែ​មាន​តម្លាភាព និង​ឯករាជ្យភាព​។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការ​មាន​អភ័យឯកសិទ្ធិ​នេះ អាច​ជួយ​ឲ្យ​សមាជិក គជប ថ្មី អនុវត្ត​តួនាទី​របស់​ខ្លួន ដោយ​ឯករាជ្យ មិន​បារម្ភ​ពី​ការគំរាមកំហែង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ ប៉ុន្តែ លោក​យល់ថា ចំណុច​ចាប់ផ្តើម​នៃ​ការធានា​ឯករាជ្យភាព​របស់​ស្ថាប័ន​ថ្មី​នេះ គប្បី​ចាប់ផ្តើម​ពី​ការរៀបចំ​ច្បាប់ និង​ការជ្រើសរើស​បុគ្គល​ដែល​ឯករាជ្យ​។

​សម្រាប់លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា យល់ថា ថ្វីបើ​ការផ្តល់​អភ័យឯកសិទ្ធិ​នេះ​អាច​ធានា​ការពារ​ការសម្រេចចិត្ត​របស់​សមាជិក​ស្ថាប័ន​នេះ តែ​បញ្ហា​ប្រឈម​នឹង​កើតមាន ក្នុង​កាលៈទេសៈ ដែល​សមាជិក​ណា​ម្នាក់ ជា​បុគ្គល​ទុច្ចរិត និង​មាន​និន្នាការ​នយោបាយ​។ លោកគិតថា ការផ្តល់​អភ័យឯកសិទ្ធិ គប្បី​ធ្វើ​ឡើង​តែ​ក្នុង​រយៈកាល​សមរម្យ​មួយ ក្រោម​ការថ្លឹងថ្លែង​ទៅនឹង​បរិបទ​សង្គម​កម្ពុជា​បច្ចុប្បន្ននេះ​។

​យ៉ាងណាក៏ដោយ អតីត​ឧត្តម​ទីប្រឹក្សា​របស់​ព្រះ​បរម​រ​តន​កោដ្ឋ​សម្តេច ព្រះ​នរោត្តម សីហនុ និង​ជា​បណ្ឌិត​ផ្នែក​ច្បាប់ លោក សាយ បូរី គាំទ្រ​ចំពោះ​ការ​ផ្តល់​ឲ្យមាន​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក គជប ថ្មី​នេះ ដោយ​លោក​ចាត់ទុកថា ការធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ គជប ថ្មី​នេះ អាច​បំពេញ​ការងារ​ដោយ​ឯករាជ្យ​។​

ដោយឡែក សម្រាប់អ្នកវិភាគ​នយោបាយ លោក សុខ ទូច មិន​គាំទ្រ​ចំពោះ​ការស្នើ​ឲ្យមាន​អភ័យឯ​ក​សិទ្ធិ​នេះឡើយ​។ លោក​យល់ថា ការផ្តល់​អភ័យឯកសិទ្ធិ​ដល់​សមាជិក គជប ក្រោម​រូបមន្ត​គណបក្ស​ទាំងពីរ​បាន​សម្រេច ដែល​មាន​ម្ខាងៗ​៤​រូប រើស​ដោយ​គណបក្ស​នោះ អាច​នាំ​ឲ្យ​ប្រព័ន្ធ​ច្បាប់ និង​ការអនុវត្ត​ច្បាប់ មិន​មាន​ប្រសិទ្ធិភាព ព្រោះ​បុគ្គល​ទាំងនោះ អាច​នឹង​ស្ថិត​ក្រោម​សម្ពាធ​អ្នកនយោបាយ​។

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បានលើកឡើង​ជុំវិញ​សំណើ​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចំពោះ​ការទាមទារ​អភ័យឯកសិទ្ធិ​គជប​ថ្មី​នេះ​ថា ប្រសិនបើ​សមាជិក គជប មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រនោះ សំណួរ​សួរថា តើ គជប ត្រូវមាន​គណនេយ្យភាព​ទៅ​អំណាច​មួយ​ណា ក្នុងចំណោម​អំណាច​ទាំង​បី គឺ​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​។ លោក​បញ្ជាក់ថា​នេះ​ជា​រឿង​ថ្មី​មួយទៀត ដែល​ត្រូវ​ពិភាក្សា​ពី​បំណង​ជាក់លាក់​ក្នុង​ការស្នើ​សមាជិក គជប ឲ្យមាន​អភ័យឯកសិទ្ធិដូច​តំណាងរាស្ត្រ​៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles