​កម្មករ​ជិត​៣០​នាក់ ដើរ​ហែ​ក្បួន​ទៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com

​កម្មករ​ជិត​៣០​នាក់ នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ Vantage River Textile  ធ្វើបាតុកម្ម​ដើ​រហែ​ក្បួន​ទៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ក្នុងករណី​រោងចក្រ​បញ្ឈប់​កម្មករ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​។​

​ការដើរ​ហែ​ក្បួន​ធ្វើឡើង​បន្ទាប់​ពី​កម្មករ​បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​៣១​មក ដែល​មិន​មាន​ដំ​ណោះ ស្រាយ​ក្នុង​ការទាមទារ​ឲ្យ​រោងចក្រ​ទទួល​យក​ពួកគាត់​ឲ្យចូល​ធ្វើការ​វិញ ហើយ​កម្មករ​ចោទថា ខាង​រោងចក្រ​បញ្ឈប់​ពួកគាត់​ដោយសារ​គម្រោង​បង្កើត​សហជីព និង​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​។​

​តំណាង​កម្មករ​កញ្ញា កែវ ស្រី​ពេជ្រ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា កម្មករ​ជិត​៣០​នាក់ បានដើរ​ហែរ​ក្បួនទៅ​សាលា​ខេត្តព្រះសីហនុ ដើម្បី​សុំ​អាន្តរាគមន៍ តែ​ពុំ​មាន​អំពើហឹង្សា​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​អាជ្ញាធរ​បានឲ្យ​តំណាង​កម្មករ​ចំនួន​៤​នាក់ ដើម្បី​ចូល​ជួបពិភាក្សា​។ កញ្ញា​បន្តថា ក្រោយ​ពី​កិច្ចពិភាក្សា អាជ្ញាធរ​បាន​សន្យាថា​នឹង​ជួយ​ដោះស្រាយ​ជូន កម្មករ​ក្នុង​រយៈពេល​១​សប្តាហ៍​។

​កញ្ញា កែវ ស្រី​ពេជ្រ បន្ថែមថា ក្រោយ​ពី​ការជួប​ចរចា កម្មករ​ទាំង​ជិត​៣០​នាក់ នៅ​តែ​ប្រកាន់ ជំហរ​ក្នុងការ​ធ្វើ​បាតុកម្ម​បន្តទៀត ហើយ​ខណៈ​ពេល​រង់ចាំ កម្មករ​ក៏​បន្ត​ធ្វើ​កូដកម្ម​នៅមុខ​រោង ចក្រ ដើម្បី​រងចាំ​ដំណោះស្រាយ​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ជំនួយការ​ផ្នែក​រដ្ឋបាល​របស់​រោងចក្រ Vantage River Textile កញ្ញា យិន ផា​រី បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក ។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន កញ្ញា​ឲ្យដឹងថា រោងចក្រ​មិន​អាច​ទទួលយក​កម្មក​រ ដែល​បាន​បញ្ឈប់​ទាំង​៧​នាក់​នោះ​ទេ ព្រោះ​រោងចក្រ​ត្រូវ​កាត់បន្ថយ​កម្លាំង​ពលកម្ម ក្នុង​រយៈពេល​ខ្លី ខណៈ​គ្មាន​ការបញ្ជា​ទិញ​ច្រើន ហើយ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​ទាំង​៨​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ ក៏​ខាង​រោងចក្រ​ពុំ​ទាន់​អាច​ឲ្យ​ចម្លើយ​បានទេ ដោយសារ​កម្មករ​បាន​ផ្អាក​ការចរចា​តាំងពី​ដំបូង នៅពេលដែល​ទាមទារ​លក្ខខណ្ឌ​ទី​១​ពី​រោងចក្រ​មិនបាន​។​

​លក្ខខណ្ឌ​ការងារ​៨​ចំណុច​ដែល​កម្មករ​ទាមទារ​រួមមាន ១. ទទួលយក​កម្មករ និង​កម្មការិនី​ចូលធ្វើការ​វិញ ២. ត្រូវ​ណែនាំ​ឲ្យ​ប្រធាន​ក្រុម និង​ផ្នែក​នីមួយៗ​ប្រើ​ពាក្យសំដី​សមរម្យ ៣. មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ ៤.​ត្រូវ​ឈរ​លើ​គោល​ការណ៏ស្ម័គ្រចិត្ត​ក្នុងករណី​មាន​ការថែ​ម​ម៉ោង ៥. ត្រូវ​ផ្តល់​ប្រាក់​គុណ​នឹង​២ នៅ​ពេល​ធ្វើការ​នៅ​ថ្ងៃបុណ្យ ៦. សម្រួល​ច្បាប់​ដល់​កម្មករ​នៅ​ពេល​មានធុរៈ​ចាំបាច់ ៧. រោងចក្រ​មិនត្រូវ​រើសអើង​សហជីព ៨. ផ្តល់​សម្ភារ និង​ពេលវេលា​សម្រាក​ឲ្យបាន​សមរម្យ​។​

​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ លោក យ៉ូវ ខេមរា មាន ប្រសាសន៍ថា ខាង​មន្ទីរ​បាន​បញ្ចូន​សំណុំរឿង​នេះ ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដើម្បី​ធ្វើការ​ដោះស្រាយ​រួច​ហើយ ។ លោក​បន្តថា នៅ​ថ្ងៃស្អែក មន្ទីរ​ការងារ​ខេត្ត​នឹង អញ្ជើញ​ភាគី​រោងចក្រ ព្រមទាំង​កម្មករ ដើម្បី​ធ្វើការ​ចរចា​ម្តងទៀត​។

​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ក្នុងនាម​ជា​អាជ្ញាធរ​គួរតែ ពន្លឿន​នូវ​នីតិវិធីក្នុងការ​ដោះស្រាយ​ជូន​កម្មករ ដើម្បី​កុំឲ្យ​យក​ម្មករ​អស់​ជំនឿ​លើ​អាជ្ញាធរ​។ 

​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ Vantage River Textile ស្ថិតនៅក្នុង​ភូមិ​លេខ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៣ ដែល​មាន​កម្មករ​សរុប​ប្រមាណ​ជាង​៤០០​នាក់ ដែល​កម្មករ​ម្នាក់​ទទួលបាន​ប្រាក់ខែ​គោល ១០០​ដុល្លារ​។​

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles