ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com
សម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិតេយ្យ និងសហគមន៍ខ្មែរកម្ពុជាក្រោម នៅថ្ងៃចន្ទនេះ ប្រកាសធ្វើបាតុកម្ម៣ថ្ងៃជាប់គ្នា នៅសប្តាហ៍ក្រោយ ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមលោក ត្រឹង វ៉ានថុង សុំទោសជាផ្លូវការចំពោះការអះអាងរបស់ខ្លួនថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមមុនបារាំងកាត់ឲ្យ។
ការប្រកាសធ្វើបាតុកម្មជាថ្មីទៀតនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រឹង វ៉ានថុង មិនបានចេញមុខសុំទោសជាសាធារណៈ នៅពេលដែលបាតុករបានយកញត្តិដាក់ទៅស្ថានទូតវៀតណាម កាលពីថ្ងៃទី២២ ខែកក្កដា ។មន្ត្រីស្ថានទូតវៀតណាម មិនបានចេញមកទទួលយកញត្តិទេ តែមន្ត្រីសាលារាជធានីភ្នំពេញបានទទួលញត្តិ ដោយអះអាងថាបញ្ជូនទៅក្រសួងការបរទេសកម្ពុជា។ មន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងថាបានផ្ញើញត្តិទៅស្ថានទូតវៀតណាម។
ក្នុងលិខិតរបស់សម្ព័ន្ធយុវជនខ្មែរក្រោម ដឹកនាំដោយលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនឹងធ្វើមហាបាតុកម្មរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៣ខែសីហាខាងមុខនេះ ដើម្បីជំរុញឲ្យមន្ត្រីទូតវៀតណាមចេញមុខសូមទោសជាផ្លូវការចំពោះអ្វីដែលខ្លួនបានអះអាងកន្លងមក។ លិខិតដដែលបន្ថែមថា ពួកគេគ្រោងជួបជុំគ្នាជាង១០០០នាក់ នៅលើសួនច្បារខាងមុខវត្តបទុមវតី សម្តែងមតិ និងដង្ហែញត្តិ ទៅស្ថានទូតភូមា សាធារណរដ្ឋប្រជាមានិតឡាវ សាំងហ្គាពួរ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ក្រសួងកាបរទេស និងសហប្រតិប្រត្តិការអន្តរជាតិ រួមទាំងទៅស្ថានទូតវៀតណាមដើម្បីទទួលចម្លើយពីការទទួលញត្តិរបស់ពួកគេ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកបានដាក់លិខិតនេះ ទៅសាលារាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ តែមិនទាន់ទទួលបានការឆ្លើយតបនោះទេ តែក្រុមការងាររបស់លោកនឹងធ្វើបាតុកម្មតាមការគ្រោងទុក។
នៅថ្ងៃចន្ទនេះ VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ លើបញ្ហានេះបាននៅឡើយទេ។ចំណែកមន្ត្រីស្ថានទូតវៀតណាម VODក៏មិនទាន់អាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយនៅឡើយទេ។
កន្លងទៅអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ានថុង មានប្រសាសន៍ថាលោកមិនសុំទោសចំពោះការថ្លែងរបស់លោកតាមការទាមទារឡើយ ដោយចាត់ទុកការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរជាការរំលោភច្បាប់កម្ពុជា និងអន្តរជាតិ។
សម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិតេយ្យ មានយុវជនចំនួន៦ក្រុម រួមមានយុវជនខ្មែរមហានគរ ក្លឹបសំឡេងយុវជនខ្មែរ-អន្តរជាតិ I Love Cambodia Hot News យុវជនដើម្បីសន្តិភាព និងចលនាយុវជនដើម្បីលទ្ធិប្រជាធិតេយ្យ និងជាតិនិយមជាដើម៕
សរសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ តាមរយៈsreyleak@vodhotnews.com